សម្ដេចតេជោ ហ៊ុន សែន៖ មន្រ្ដីពូកែតែរាយការណ៍ និងសុំអនុសាសន៍​ទៅថ្នាក់ខាងលើ ហើយបន្ទោស​តែថ្នាក់ក្រោម មិនគួរទុកឱ្យបន្ដការងារទៀតទេ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់មន្រ្ដីដែលជួបកត្ដាចៃដន្យនៅតាមអង្គភាព ឬស្ថាប័នរបស់ខ្លួន ហើយបែរជារឿងអ្វី​ក៏ត្រូវ​​រាយ​ការណ៍ទៅថ្នាក់ខាងលើ សុំអនុសាសន៍ទៅថ្នាក់ខាងលើ និងបន្ទោស​តែថ្នាក់ក្រោម មន្រ្ដី​បែបនេះ មិនគួរទុកឱ្យបន្ដការងារទៀតទេ ត្រូវដកចេញ។ ការលើកឡើងរបស់សម្ដេចតេ​ជោ​នាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់សិស្សមន្ត្រី និងកម្ម​​សិក្សា​ការី ឆ្នាំ២០១៨ និងបើកវគ្គបណ្ដុះបណ្ដាល ឆ្នាំ២០២០  ដល់និស្សិតសាលាភូមិន្ទរដ្ឋបាល​ចំនួន ៥៧៥​នាក់ ក្នុងនោះមាននារី ១០៥នាក់ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​វិមាន​វិទ្យា​ស្ថាន​ជាតិអប់រំ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលដែលកត្ដាចៃដន្យកើតឡើង នឹងលេច​ឡើង​នូវមនុស្សពីរប្រភេទកើតឡើង គឺប្រភេទទី១ ជាមន្រ្ដីដែលរាយការណ៍ឱ្យថ្នាក់លើ និង​បន្ទោសដល់ថ្នាក់ក្រោម។ មន្រ្ដីប្រភេទនេះ យកល្អមិនចាំបាច់ប្រើទេ ត្រូវយកទៅរៀនសូត្រ និងដាក់នៅកន្លែងណាមួយដែលមិនចាំចាច់ឱ្យមានការទទួលខុសត្រូវនោះទេ ព្រោះជាប្រភេទ​មនុស្សមិនមានការទទួលខុសត្រូវ។ សម្ដេចតេជោថ្លែងបន្ដទៀតថា មន្រ្ដីប្រភេទនេះ គ្រាន់តែ​មាន​​អ្វី​កើតឡើងរាយការណ៍ទៅខាងលើ សុំអនុសាសន៍ពីខាងលើ រួចបន្ទោសទៅខាងក្រោម ចំណែកខ្លួនឯងយករួចខ្លួន។ សម្ដេចតេជោបានគូសបញ្ជាក់ថា “ខ្ញុំគិតថា រឿងយើងល្មមដល់​ពេល​ហើយ ប្រសិនបើស្អីក៏អនុសាសន៍ ចុះបើអត់អនុសាសន៍ហ្នឹងវាងាប់អី។ ដំណែងគេឱ្យទៅ​ធ្វើហើយ ធ្វើតាមបទបញ្ជា ឬធ្វើតាមច្បាប់ ដូចជាតួនាទីអភិបាលខេត្ដ តួនាទីអភិបាលស្រុក តួនាទីរដ្ឋមន្រ្ដី ត្រូវបានចែងក្នុងអនុក្រឹត្យ ឬព្រះរាជក្រឹត្យ ឬក៏ក្នុងច្បាប់ ជាពិសេសក្នុងអនុក្រឹត្យ​ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅអស់ហើយ”។

ជាមួយគ្នានេះសម្ដេចតេជោបានបន្ដថា តែមាន​មន្រ្ដីមួយទៀត គឺខិតខំឈ្មួសឈ្មុល​អនុវត្ដន៍​​ការងារនៅនឹងកន្លែង ដោះស្រាយបញ្ហា​នៅ​នឹង​កន្លែង រួមសុខ រួមទុក្ខជាមួយថ្នាក់​ក្រោម។ សម្ដេចតេជោបានបន្ដទៀតថា ជាការពិតណាស់ ការស្នើសុំជំនួយ ឬការរាយការណ៍​ឱ្យ​ទៅ​ថ្នាក់លើ ត្រូវតែធ្វើហើយ ប៉ុន្ដែសកម្មភាពរបស់ខ្លួនត្រូវចុះទៅមូលដ្ឋាន ដើម្បីដោះស្រាយ​បញ្ហាតែម្ដង។ សម្ដេចតេជោបានចាត់ទុកថា បើមានមន្រ្ដីប្រភេទនេះ គឺពិតជាសមជាមន្រ្ដីល្អ ដែលត្រូវធ្វើការបណ្ដុះបណ្ដាល ហើយធ្វើការតែងតាំងឱ្យសមស្របទៅតាមតួនាទីការងារ​របស់​គេ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា ការចាប់ផ្ដើមធ្វើទំនើបកម្ម ការកែទម្រង់​ត្រូវចាប់ផ្ដើមពីមនុស្ស ហើយយើងចង់ឱ្យស្ថាប័នមួយរឹងមាំទៅបានទាមទារឱ្យមនុស្សរឹងមាំ ទើប​ស្ថាប័ននោះដំណើរការបានដោយមិនថាស្ថាប័នរដ្ឋ ឬផ្នែកឯកជននោះទេ។ ដូច្នេះការ​បណ្ដុះបណ្ដាលមន្រ្ដី នៅតែត្រូវធ្វើបន្ដតាមរយៈសាលាភូមិន្ទរដ្ឋបាលផង  និងធ្វើនៅ​តាម​ក្រសួង ​ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។ សម្ដេចតេជោបានបន្ថែមថា ពេលខ្លះមិនទាមទារឱ្យចូលរួម​រហូតដល់ការប្រមូលផ្ដុំនោះទេ ប៉ុន្ដែនៅពេលដែលបច្ចេកវិទ្យា ឬអ្វីកើតឡើងនោះ ទាមទារការ​សិក្សាស្រាវជ្រាវ និងការបណ្ដុះបណ្ដាលរយៈពេលខ្លី នៅតាម​ទីកន្លែងរៀងៗខ្លួន ដើម្បីពង្រឹងមន្រ្ដីដែលត្រូវធ្វើការងារពាក់ព័ន្ធទាំងនោះ។

សម្ដេចតេជោបានចែករំលែកនូវវិធីសាស្រ្ដដឹកនាំ និងធ្វើផែនការដោយថ្លែងបញ្ជាក់ថា ការដឹកនាំរបស់យើង​ត្រូវចាប់ផ្ដើមពីការរៀបចំផែនការ ចង់សម្រេចគោលដៅអី ក៏ត្រូវរៀបចំ​ផែនការឱ្យបានច្បាស់។ សម្ដេចតេជោបានបន្ដថា ការរៀបចំផែនការត្រូវគិតទាំងអស់ ទាំង​កត្ដា​អត្ដនោម័ត និងកត្ដាសត្យានុម័ត ដែលស្ថិតនៅជុំវិញយើង ឬនៅខាងក្រោយ ឬខាង​មុខយើង ហើយការរៀបចំផែនការគឺជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើសកម្មភាព​របស់យើង។

សម្ដេចតេជោបានលើកឡើងទៀតថា ក្នុងដំណាក់កាលនៃការរៀបចំផែនការ​គឺសម្រេច​បាន​លទ្ធផល៣០​ភាគរយតែប៉ុណ្ណោះ។ តែការទទួលបានលទ្ធផល៣០ភាគរយនេះ គឺពិតជា​មាន​សារៈសំខាន់ខ្លាំងណាស់​ ដោយសារតែវាជាផែនទីចង្អុលផ្លូវ និងជាត្រីវិស័យ ដើម្បីឆ្ពោះ​ទៅ​មុខរបស់យើង។ សម្ដេចតេជោបន្ដទៀតថា ចំពោះផែនការនេះ បើសិនជាយើងយកទៅ​ទុក​ចោល គឺអត់បានអីទាំងអស់សូម្បីតែ១ភាគរយក៏មិនបានផង។ ជំហានបន្ទាប់ពីការរៀប​ចំផែន​ការនេះ ត្រូវចាត់តាំងអនុវត្ដន៍ ហើយការចាត់តាំងអនុវត្ដន៍នេះគឺជាដំណាក់កាលទីពីរ និងក៏ជា​ផ្នែក​មួយសំខាន់​ណាស់ដែរ គឺមិនខុសពីការរៀបចំផែនការនោះដែរ។ សម្ដេចតេជោបាន​បន្ថែមទៀត​ថា ការចាប់ផ្ដើមអនុវត្ដន៍គឺត្រូវប្រមូលផ្ដុំទាក់ទងនឹងធនធានមនុស្ស មធ្យោបាយ សម្ភារ និងបរិក្ខារ ដើម្បីសម្រេចនូវគោលដៅ។ សម្ដេចតេជោបានឱ្យដឹងទៀតថា បើមា​ន​ផែនការហើយ ត្រូវតែចាត់តាំងអនុវត្ដន៍ ហើយការចាត់តាំងអនុវត្ដន៍នេះ បើយើងចាត់តាំង​បានល្អ ទើបសម្រេចបានលទ្ធផល៣០​ភាគរយ បូកសរុបលទ្ធផលទាំងការរៀបចំផែន​ការ​បានល្អ និងការចាត់តាំងអនុវត្ដន៍បានល្អ គឺលទ្ធផលសម្រេចបាន៦០ភាគរយ។ ទន្ទឹមនេះ នៅ​សល់៤០ភាគរយទៀតគឺកត្ដាចៃដន្យ​ដែល​បានកើតឡើងនៅក្នុងដំណាក់កាលនៃការ​​អនុវត្ដ​ដែលតែងតែលេចឡើង៕

ដោយ អ៊ុន រិទ្ធី