ឯកឧត្តម សៅ សុភាព ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — នៅទីស្តីការក្រសួងរសៀលថ្ងៃច័ន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០​ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Anthony McDonald នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។បើយោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សានាពេលនោះលោក Anthony McDonald បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានទទួលស្វាគមន៍លោក ក្នុងអំឡុងពេលដែលលោកមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយទទួលជួបពិភាក្សាការងារក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូរវាងក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។

ប្រភពខាងលើបន្ថែមថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការសៅ សុភាព បានសម្ដែងនូវការស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើវិស័យបរិស្ថាននាពេលកន្លងមក និងបានចែករំលែកបទពិសោធន៍ ក៏ដូចជាបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ដោយផ្តោតសំខាន់លើការគ្រប់គ្រងសំណល់រឹង សំណល់រាវ ការគ្រប់គ្រង ត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់ ការគ្រប់គ្រងតំបន់ការពារធម្មជាតិដោយជំរុញបន្ថែមទៅលើការងាររៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ។

ឯកឧត្តមសៅ សុភាព បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងបរិស្ថានលើការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍ បង្កើន   សង្វាក់តម្លៃអនុផលព្រៃឈើ ពង្រីកសក្តានុពលអេកូទេសចរណ៍ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការងារអប់រំ ផ្សព្វផ្សាយ និងគ្រប់គ្រងទិន្នន័យព័ត៌មានបរិស្ថានផងដែរ៕

ដោយ ពេជ្រ ណារិទ្ធ