គណៈកម្មការទី៨នៃរដ្ឋសភាប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី​​​២៥ ខែកុម្ភៈ ឆ្នាំ២០២០ — នៅរសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំពិភាក្សារវាងគណៈកម្មការទី៨ នៃរដ្ឋសភា និងរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវ: និង កិច្ចការនារី នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវជាអនុប្រធាន លេខាធិការ សមាជិកសមាជិកាគណ:កម្មការទី៨ នៃរដ្ឋសភា និងឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត អស់លោក លោកស្រីជាប្រធានមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុករបស់គណ:កម្មការទី៨នៃរដ្ឋសភា។

កិច្ចប្រជុំនេះដែរមានគោលបំណង ដើមី្បសិក្សាឈ្វេងយល់ពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការបំពេញភារកិច្ចរបស់រដ្ឋបាលខេត្តនាពេលកន្លងមក ដែលពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណ:កម្មការទី៨ នៃរដ្ឋសភា សំខាន់យន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) និងប័ណ្ណសមធម៌ របស់កម្មករនិងកម្មការិនី ប្រជាពលរដ្ឋក្រីក្រ និងមន្រ្តីរាជការ​ អតីតយុទ្ធជន។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ទៀ សីហា​ បានឱ្យដឹងថា ការបង្ខិតសេវាឱ្យកាន់តែនៅជិតនឹងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងស្ថាប័ននានា បានធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិក្នុងការសម្រេច ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដោយឡែកអាជ្ញាធរខេត្តត្រូវបានធ្វើការប្រកាសឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុកទាំង១២ ដើមី្បធ្វើយ៉ាងណាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានលទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ដើមី្បឆ្លើយតបទៅនឹងសេចក្តីត្រូវការនៅមូលដ្ឋា ន ។ ស្របពេលដែលសក្តានុពលទេសចរណ៍ក្នុងខេត្តមានអំណោយផល អាជ្ញាធរខេត្តបានកំពុងជំរុញនូវយន្តការមួយចំនួន លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដែលជាកត្តាចាំបាច់សម្រាប់អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ លើការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពគោកចក និង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជូនដល់ប្រជាពលរដ្ឋបានល្អ។ ក្នុងនោះដែរលោកជំទាវ និងប្រតិភូបានធ្វើការវាយតម្លៃខ្ពស់ទៅលើរបាយការណ៍របស់រដ្ឋបាលខេត្តបានលើកឡើង អំពីលទ្ធផលរបស់សាម៉ីមន្ទីរពាក់ព័ន្ធទាំង៤របស់ខេត្តសៀមរាប។

លោកជំទាវ ឡោក ខេង ក៏​បានផ្តោតសំខាន់ក្នុងវិស័យសុខាភិបាល សំខាន់បញ្ហាសុខភាព គឺត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះ ជំងឺមិនឆ្លង ដែលជាបញ្ហាចម្បងនោះ (ថ្នាំជក់ និង គ្រោះថ្នាក់ចរាចរណ៍) ដែលធ្វើឱ្យសង្គមជាតិទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ គណៈប្រតិភូក៏មានចំណាប់អារម្មណ៍ផងដែរ ចំពោះសំណង់អគារ នៃមន្ទីរពេទ្យបង្អែកខេត្ត ដែលមានអគារចាស់ៗទាបៗមានសភាពទ្រុឌទ្រោម ដែលធ្វើឱ្យបាត់នូវសោភណភាពក្នុងមន្ទីរពេទ្យ។ ចំពោះគ្រប់បណ្តាឃុំ សង្កាត់ តើបានបង្កើតឱ្យមានសមាគមមនុស្សចាស់ហើយឬនៅ? ពីព្រោះថាមនុស្សចាស់ៗនេះហើយ ដែលជារៀមច្បង នៃធនធានមនុស្ស ដែលយើងត្រូវយកចិត្តទុកដាក់ចំពោះពួកគាត់ ទោះបីគាត់គ្មានកម្លាំងក៏ពិតមែន តែគំនិតបញ្ញារបស់គាត់ គឺផ្តល់ជាប្រឹក្សាដល់យើងជំនាន់ក្រោយផងដែរ។

លោកជំទាវ ឡោក ខេង ក៏បានថ្លែងនូវអំណរគុណចំពោះអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើឱ្យដំណើរបេសកកម្មសិក្សាឈ្វេងយល់របស់គណៈកម្មការនៃរដ្ឋសភានៅខេត្តសៀមរាប។ លោកជំទាវក៏បានធ្វើការកោតសរសើរផងដែរ ចំពោះលទ្ធផលដែលអនុវត្តន៍បានរបស់អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធ អំពីច្បាប់គ្រប់គ្រងរដ្ឋបាល លើការខិតខំអនុវត្តន៍គោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ បានដំណើរការទៅដោយរលូន ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗ មួយចំនួនដល់អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរពាក់ព័ន្ធ ដើមី្បធ្វើការអនុវត្ត និងកែលម្អនូវចំណុចសេសសល់មួយចំនួនផងដែរ៕

ដោយហង្ស សៀក