ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី គឺជាឥស្សរជនបរទេសទីមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងជា «សមាជិកកិត្តិយស» នៃរាជបណ្ឌិត្យសភាកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរា​ជាណា​​ចក្រកម្ពុជា ឯកឧត្តម Dmitry TSVETKOV គឺជាឥស្ស​រជនបរទេស​ទីមួយ​ដែល​រាជ​រដ្ឋា​ភិបា​ល​​កម្ពុ​ជាបានសម្រេចតែងតាំងជា «សមាជិកកិត្តិយស» នៃរាជបណ្ឌិត្យសភាកម្ពុជា។ រាជរដ្ឋា​ភិ​បាល​បានសម្រេចតែងតាំង ឯកឧត្តម Dmitry TSVETKOV ជា «សមាជិកកិត្តិយស» នៃរាជ​ប​ណ្ឌិ​​ត្យ​ស​ភាកម្ពុជាតាមរយៈអនុក្រឹត្យលេខ ១៥១៨ អនក្រ.តត ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។

នៅរសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំប្រារព្ធពិធីប្រកាសគោរមងារ ជាសមាជិ​ក​​កិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាជូនចំពោះឯកឧត្តម Dmitry TSVETKOV ឯកអគ្គ​រដ្ឋទូត​ស​ហ​ព័​ន្ធរុស្ស៊ី ប្រចាំកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រី​ក្រ​សួ​ងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជ​បណ្ឌិ​ត្យស​ភា​ក​ម្ពុ​ជា​។

នៅក្នុងពិធីប្រកាសគោរមងារកិត្តិយសជូនដល់ឯកឧត្តម Dmitry TSVETKOV ដែល បានរៀប​ចំឡើងនៅសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ ទូច អនុប្រធានប្រចាំការ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និ​ង​​ជា​ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ឯកឧត្តម Dmitry TSVETKOV ឯក​អគ្គរដ្ឋ ទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា មានគុណសម្បត្តិក្នុងការបំពេញភារកិ​ច្ច ជាតំណា​ង​ស្ថា​នទូត សហព័ន្ធរុស្ស៊ី មានគុណបំណាច់ និងស្នាដៃក្នុងការដឹកនាំ គ្រប់គ្រងស្ថាប័ន សម្រ​ប​ស​ម្រួល កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការរឹតចំណងកិច្ចស​ហប្រតិបត្តិការរួម​គ្នាលើ​កិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្ររវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថា​ប័ន​ស្រា​វ​ជ្រា​វ​រុស្ស៊ី។

សូមជម្រាបជូន ឯកឧត្តម Dmitry TSVETKOV បានបញ្ចប់​ការសិ​ក្សាថ្នា​ក់​ប​ណ្ឌិ​ត​ផ្នែ​ក  ​វិ​ទ្យា​សា​ស្រ្តនយោបាយពីសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិក្រុងមូស្គូ (Moscow State University of International Relations)។ ឯកឧត្តម ជាឥស្សរជនដែលមានភាពវ័យឆ្លាត ក្រៅពី ភា​សា​កំ​ណើត ឯកឧត្តម អាចនិយាយនិងប្រើប្រាស់បានបីភាសា បានយ៉ាងស្ទាត់ជំនាញ គឺភា​សា​ខ្មែ​រ ភាសាអង់គ្លេស និងភាសាបារាំង។

ទន្ទឹមគ្នានេះដែរឯកឧត្តម Dmitry TSVETKOV បាន​ទ​ទួ​ល​នូ​វកោតសរសើរ និងទទួ​ល បា​ន​​នូវគ្រឿងឥស្សរិយយសជាច្រើន ពីរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី មានដូចជា៖១- ឆ្នាំ២០១៣ ទទួលមេដាយឥស្សរិយយស “For Merits to the Fatherland” ។ ២-ឆ្នាំ២០១៨ទទួល មេដាយ ឥស្សរិយយស “The Commemorative Medal” របស់ប្រ​ធា​នា​ធិ​ប​តី​សហព័ន្ធរុស្ស៊ី ។ ៣-សញ្ញា បត្រកិត្តិយសនៃក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធសភារបស់សហព័ន្ធរុស្ស៊ី នាឆ្នាំ​២​០​១​៦​។

ជាការគួរកត់សម្គាល់បន្ថែមលើសមត្ថភាព និងគុណវុឌ្ឍក្នុងនាមជាអ្នកការទូតដ៏ឆ្នើម ឯកឧត្ដម Dmitry TSVETKOV បានទទួលនូវគ្រឿងឥស្សរិយយសផ្សេងៗពីរា​ជរដ្ឋាភិបាល​នៃព្រះ​រា​ជា​ណា​ច​ក្រកម្ពុជាទៀតផង រួមមាន៖ ១-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ អស្សឫទ្ធិ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។ ២-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ ៣-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅដើមឆ្នាំ២០២០នេះ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម ​បា​​នបង្ហាញពីការតាំងចិត្តនឹងរួមចំណែកពង្រឹង​និង​ជំរុ​ញកិច្ចសហប្រតិបត្តិការរួ​ម គ្នាលើ​វិស័​យ​អ​ប់​រំ ជាពិសេសលើកិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ រវាងស្ថាប័នរាជ បណ្ឌិត្យសភាកម្ពុជា នៃ​កម្ពុជា និងស្ថាប័នស្រាវជ្រាវរុស្ស៊ីនានា នៃសហព័ន្ធរុស្ស៊ីផងដែរ៕

ដោយគង់ សិរីរ័ត្ន