អាជ្ញាធរខេត្ត​សៀមរាប​កំពុងដំណើរការ​ស្ថាបនា និងជួសជុលផ្លូវជាច្រើន​ខ្សែនៅក្នុង​ក្រុង

AKP សៀមរាប ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — លោក លី សំរិទ្ធ អភិបាល​រងខេត្តសៀមរាប និងជា​អ្នកនាំពាក្យ បាន​ឱ្យដឹង​នៅ​ព្រឹកថ្ងៃអង្គារ ៣កើត​ឃេផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២០នេះថា អាជ្ញាធរ​ខេត្ត​សៀមរាប​បា​ន និងកំពុងតែដំណើរការ​ស្ថាបនានិង​ជួសជុល​ផ្លូវ​ជាច្រើន​ខ្សែនៅក្នុង​ក្រុងសៀមរាប​ ដើម្បី​បង្កភាព​ងាយស្រួលដល់ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ។

លោក លី សំរិទ្ធ បានបន្តថា ផ្លូវទាំង​នេះជាគម្រោងថវិការបស់ថ្នាក់ជាតិ រដ្ឋបាលខេត្ត សាលាក្រុង និងសង្កាត់ ដែលនៅក្នុង​ទីប្រជុំជន មាន​​ស្ថាបនាជាផ្លូវចាក់បេតុង និង​ចាក់កៅស៊ូ ចំណែកផ្លូវ​នៅតាមភូមិជាយក្រុងគេធ្វើផ្លូវចាក់ក្រួសក្រហមសិន។ ក្រៅពីនេះ នៅក្នុងរមណីយដ្ឋាន​អង្គរអាជ្ញាធរជាតិអប្សរា ក៏បាន​កំពុងតែធ្វើការស្ថាបនា និងកែលម្អផ្លូវជាច្រើនផងដែរ ដូចជាការជួសជុលផ្លូវរថយន្ត ការស្ថាបនាផ្លូវកង់ និងរៀបចំសណ្តាប់ធ្នាប់ ដាំស្មៅ ដាំដើមឈើនៅមុខប្រាសាទ​អង្គរឱ្យមានភាពបៃតងជាដើម។

លោក លី សំរិទ្ធ បាន​បញ្ជាក់ថា ផ្លូវមួយចំនួនធំ និងធ្វើការស្ថាបនារួចរាល់នៅមុនចូលពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង​មួយចំនួនទៀត និងបញ្ចប់នៅក្រោយបុណ្យចូលឆ្នាំខ្មែរ ។ ដូច្នេះនៅចុងឆ្នាំ២០២០នេះ ផ្លូវនៅក្រុងសៀមរាប​ស្ទើរទាំងអស់នឹងស្អាត ងាយស្រួលដល់ការធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាប​ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ។

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប​ បាន​បង្ហាញពី​ការ​ពេញចិត្ត​ចំពោះការ​ស្ថាបនាផ្លូវរបស់អាជ្ញាធរនៅពេលនេះ ព្រោះថា នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប​ជួបការ​លំបាកយ៉ាង​ខ្លាំង​ក្នុង​ការធ្វើដំណើរជាពិសេសនៅរដូវវស្សា ដោយសារតែផ្លូវមានការខូចច្រើន តែឥឡូវនេះទទួលបានផ្លូវល្អស្អាតសម្រួលដល់ការធ្វើដំណើរ៕

ដោយ ឃុត សៅ