សម្តេចតេជោ ហ៊ុន សែន ព្រមានមិនទុកមន្ត្រីណាដែលធ្វើចៅហ្វាយប្រជាពលរដ្ឋនោះទេ

  • AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបាន បញ្ជាក់ទៅកាន់មន្ត្រីទាំងអស់ថា សម្តេចត្រូវតែវះកាត់មន្ត្រីណាដែលមានចរិកធ្វើជាចៅហ្វាយ ឬស្មើងស្មៃជាមួយប្រជាពលរដ្ឋនោះ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល ចំនួន​៥៧៥នាក់ នារី១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា​”មន្ត្រីត្រូវចាំថាមន្ត្រីទាំងអស់ជាអ្នកបម្រើប្រជាជនមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេបើមិនចាំដូច្នេះទេមន្ត្រីនេះនឹងវិនាសជាមិនខាន”។ សម្តេចតេជោបានបន្តថា ​មន្ត្រីទាំងអស់រាប់​ទាំង​មន្ត្រីសង្ឃ នៅពេលសឹកហើយចូលធ្វើការងារត្រូវតែចង់ចាំខ្លួនជាបម្រើ​ប្រជាជន មិន​មែនជាចៅហ្វាយប្រជាជនទេ។ សម្តេចតេជោបានបន្ដទៀតថា “មន្ត្រីមិនមែនជាចៅហ្វាយ​ប្រជា​​ជននោះទេ យើងជាខ្ញុំបម្រើ​ដល់ស្មោះត្រង់បំផុតរបស់ប្រជាជន”។

សម្ដេចតេជោបានបន្ថែមថថា ចំណុចនេះទើបធ្វើឱ្យអ្នកទាំងអស់គ្នាក្លាយជាមន្ត្រីដែល​ល្អដែលប្រជាជនផ្តត់ជំនឿទុកចិត្ត ផ្ទុយទៅវិញបើមិនបែបនេះទេអ្នកនឹងក្លាយជាមន្ត្រី ដ៏អាក្រក់​ដែលប្រជាពលរដ្ឋស្អប់ខ្ពើម។ សម្ដេចតេជោថ្លែងថា “រឿងនេះត្រូវយកចិត្តទុកដាក់  និងប្រុង​ប្រយ័ត្នខ្លាំងណាស់ ហើយរឿងមួយទៀតគឺឥរិយាបថដែលត្រូវយកទុកចិត្តដាក់ និងយល់ឱ្យ​ច្បាស់ថាប្រជា​ពលរដ្ឋ​គឺអ្នកដែលយើងត្រូវបម្រើ មិនមែនជាគោលដៅយើងត្រូវបង្ក្រាប និងជា​គោលដៅប្រមាថនោះ​ទេ ឬគោលដៅមិនយកចិត្តទុកដានោះទេ”។

សម្តេចតេជោបានលើកឡើងថា ចំណុចទាំងនេះត្រូវចាំឱ្យបាន និងរម្លឹកខ្លួនឯងឱ្យ​បាន​២៤ម៉ោងថាខ្លួនជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជន នោះទេ។  ភាពពើង​ទ្រូងរបស់មន្ត្រីនឹងនាំមកនូវក្តីវិនាសជាមិនខាន ហើយជាបទពិសោធន៍។​សម្តេច​តេជោ​​ថ្លែងគូសបញ្ជាក់ថា “ភាពពើងទ្រូងណាមួយតែងតែនាំក្តីវិនាសដល់មន្ត្រីទាំងនោះ នេះ​ជា​​បទពិសោធន៍។ អីញ្ចឹងខ្ញុំបានឆ្លងកាត់ដំណើរឿងនេះ គិតមកពេលនេះ រយៈពេល៥០ ឆ្នាំ​ហើយ បើកគិតឆ្នាំ១៩៧០ ប៉ុន្តែបើនិយាយពីកាគ្រប់គ្រងក្នុងអំណាចគឺ៤១ ឆ្នាំ ក្នុងជាង៣៥ ឆ្នាំនៃការកាន់ជាតំណែងនាយករដ្ឋមន្ត្រី។ ចំណុចដែលឃើញឱ្យច្បាស់ថាភាពពើងទ្រូង​គឺជា​ការស្ពប់ខ្ពើម។”

សម្ដេចតេជោបានលើកឡើងទៀតថា ការដែលមន្ត្រីធ្វើពើងទ្រួងដាក់ប្រជាពលរដ្ឋនេះ​បានធ្វើឱ្យប្រជាពលរដ្ឋ ខឹងគោវៃរទះ គឺស្អប់ចៅហ្វាយស្រុក  ស្អប់ចៅហ្វាយខេត្ត ខឹងមកដល់​នាយករដ្ឋមន្ត្រីទៅវិញ។ រឿងនេះគឺជារឿងដែលធ្វើការវះកាត់ ហើយមិនអនុញ្ញាតឱ្យទេ គេ​ឃើញហើយដាក់ ឬដកហើយ។  សម្ដេចតេជោបានអះអាងថា បើថ្នាក់ជាចៅហ្វាយ​ខេត្តប្រើ​ពេល៣ម៉ោង និងចៅហ្វាយខេត្តរងប្រើពេល១៥នាទីប៉ុណ្ណោះ សម្រាប់ការដកចេញពី​ដំណែង។​ សម្ដេចតេជោបានឱ្យដឹងទៀតថា សម័យនេះជាសម័យហ្វេសប៊ុក ព័ត៌មាន លឿនណាស់  ដូច្នេះមិនទុកមន្ត្រីដែលស្មើងស្មៃ ឬប្រមាថចំពោះប្រជាពលរដ្ឋនោះទេ ពិសេស​នោះការមិនស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ហើយធ្វើចៅហ្វាយប្រជាពលរដ្ឋ។

សម្តេចតេជោក៏បានផ្តាំទៅកាន់មន្ត្រីថា ត្រូវធ្វើជាមន្ត្រីដែលធ្វើការនៅកន្លែងហើយចាក​ចេញពីកន្លែងត្រូវធ្វើឱ្យប្រជាជនស្រឡាញ់ និងនឹក ដោយកុំឱ្យប្រជាជនថាពេញចេញទៅប្រជា​ជន​ថាព្រាត់ ប្រាស់ទៅណាក៏ទៅឱ្យសោះ។

សម្ដេចតេជោបានបន្ថែមថា មានចៅហ្វាស្រុកមួយចំនួននៅពេលកាន់ដំណែងធ្វើឱ្យ​ប្រជាជន​​មិនពេញចិត្តផងដែរ ហើយពេលចេញទៅប្រជាជនថាចេញឱ្យលឿនផងដែរ។  ដូច្នេះ​ មន្ត្រីទាំងអស់ត្រូវគិត​ពីបញ្ហា​គុណធម៌ផងដែរ។ កន្លងមកនេះ មានមន្ត្រីភាគច្រើនធ្វើបានល្អ​ចំពោះប្រជាជនដែរ តែនៅមានមន្ត្រីមួយចំនួនទៀតត្រូវតែខិតខំបម្រើប្រជាជនឱ្យអស់ពី​សមត្ថភាព៕

ដោយ ប៊ុនរិទ្ធ