សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សិស្សមន្ត្រី និងកម្ម​សិក្សាការី នៅសាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ​ជា​​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់សិស្សមន្ត្រី និងកម្ម​​សិក្សា​ការី ឆ្នាំ២០១៨ និងបើកវគ្គបណ្ដុះបណ្ដាល ឆ្នាំ២០២០  ដល់និស្សិតភូមិន្ទរដ្ឋបាលចំនួន ៥៧៥នាក់ ក្នុងនោះមាននារី ១០៥នាក់ នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានវិទ្យាស្ថានជាតិអប់រំ។

សិស្សដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះ រួមមានសិស្សមន្ត្រី​ជាន់​ខ្ពស់​ជំនាន់ទី១០ សិស្សមន្ត្រីក្រមការ ជំនាន់ទី៨ និងកម្មសិក្សាការី ឆ្នាំ២០១៨។ ក្រៅពីការ​ប្រគល់​ស​ញ្ញា​បត្រ និងវិញ្ញាបនបត្រដល់សិស្សបញ្ចប់ការសិក្សា  សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បាន​ប្រ​កា​សបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ ទី១១ កម្មសិក្សាការីមន្រ្តីជាន់​ខ្ព​ស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការសរុបចំនួន ៤៦១ នាក់ ក្នុងនោះ នារី ៩២​នាក់ផងដែរ។ សាលាភូមិន្ទរដ្ឋបាលមានអាយុកាលប្រមាណជា ៥០ឆ្នាំហើយ។

សាលានេះ ជា​សាលាគោលខាងការបណ្តុះបណ្តាលភ្នាក់ងារនៃរដ្ឋបាលសាធារណៈ ទទួលបន្ទុកមុខងារ​មួយ​យ៉ាងសំខាន់ គឺជ្រើសរើស បណ្តុះបណ្តាល និងធ្វើវិក្រិត្យការមន្ត្រីរាជការដែលត្រូវបម្រើ​រដ្ឋ​បាលនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងកំណែទម្រង់រដ្ឋ និងត្រូវក្លាយទៅជាតួ​អង្គ​មិនលម្អៀងនៃការប្រែប្រួល ជាអ្នកធានាពហុនិយម និងសន្តិភាពរបស់ប្រជាពលរដ្ឋ និង​ជា​ស​សរគោលនៃការធ្វើទំនើបកម្មរបស់ប្រទេស។ សាលាភូមិន្ទរដ្ឋបាលបានបំពេញ​បេសកកម្ម​បណ្តុះ​បណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស និងអ្នកជំនាញឯកទេសនានា​ប្រកបដោយ​ជំនា​ញ​ និងមនសិការវិជ្ជាជីវៈខ្ពស់ ជួយដល់ការអនុវត្តបេសកកម្មអភិបាលកិច្ចល្អ លើកកម្ពស់​គុណ​ភា​ព តម្លាភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។ គិតចាប់​ពីឆ្នាំ​១៩៩២ ដល់ឆ្នាំ២០១៩ សាលាបានបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីមធ្យម សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ កម្មសិក្សាការីមន្រ្តីមធ្យម និងសិក្ខាកាមសរុប ១៣,០៥៥ នាក់ នារី ២,៨៣០នាក់។ បច្ចុប្បន្នសាលាកំពុងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម មន្ត្រីក្រមការចំ​នួ​ន ៤៦១នាក់ នារី ៩២នាក់៕

ដោយ ជឹម ណារី