អាជ្ញាធរជាតិអប្សរា បើកវគ្គសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរ

AKP សៀមរាប ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២០ — នៅព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានបើកវគ្គសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរដែល ឈជើងប្រ ចាំការតាមគោលដៅនៃប្រាសាទនានាក្នុងតំបន់អង្គរ ក្នុងគោលបំណងជួយ សង្គ្រោះភ្ញៀវទេសចរ ដែលអាចកើតមាននូវគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលការបណ្តុះ បណ្តាលនេះដែរ គឺធ្វើឡើងជាលើកទី៥ហើយ ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេស ជប៉ុន (អង្គការ  Srolanh project NPO) សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍អង្គរបានមានប្រសាសន៍ឱ្យដឹងថា កន្លងមកនាយកដ្ឋានបានរៀបចំវគ្គ សង្រ្គោះបឋមបាន៤លើករួចមកហើយ ដែលអ្នកចូលរួមសរុប១៦០នាក់។ ចំណែកលើក ទី៥នេះ មានអ្នកចូលរួម៤០នាក់ គឺភ្នាក់ងារទេសចរណ៍៣០នាក់ និងសណ្តាប់ធ្នាប់១០នាក់។

ឯកឧត្តម សុខ សង្វារ បានបញ្ជាក់ថា វគ្គសង្គ្រោះបឋមនេះត្រូវបានរៀបចំធ្វើឡើង ២ដងក្នុងមួយឆ្នាំ គឺរៀងរាល់ខែកុម្ភៈ និងខែកក្កដា ដែលផ្តោតលើមេរៀនសំខាន់ៗដូចជាការ ធ្វើចលនាបេះដូង របៀបរុំរបួស ការលើកជនរងគ្រោះ។ល។

ឯកឧត្តម សុខ សង្វារ បានឱ្យដឹងទៀតថា ការផ្តល់ចំណេះដឹងផ្នែកសង្គ្រោះបឋមដល់ ភ្នាក់ងារទេសចរណ៍តាមប្រាសាទ ជាភារកិច្ចចាំបាច់បំផុត សម្រាប់អាជ្ញាធរជាតិអប្សរា ដើម្បីឱ្យភ្នាក់ងារទេសចរអាចមើលថែនិងជួយសង្គ្រោះភ្ញៀវទេសចរបានទាន់ពេលវេលា ករណីភ្ញៀវជួបគ្រោះថ្នាក់ជាយថាហេតុ៕

ដោយ ហង្ស សៀក