គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ — តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយថង កែវឌួងឌី (Saythong KEOD​OUANGDEE) ប្រធានក្រុមមិត្តភាពសភាទ្បាវ-កម្ពុជា និងជាប្រធានគណៈកម្មាធិការច្បាប់នៃ សភាទ្បាវ គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវ និងជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិ​កម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា បានអញ្ជើញមក ដល់ច្រកអន្តរជាតិណងនុកខៀន (Nong nokkiane) ព្រំដែនកម្ពុជា-ទ្បាវ (ខេត្តចំប៉ាសាក់) នា ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ  ដើម្បីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងរឹត ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឡាវឱ្យកាន់តែរឹងមាំ ឡើងថែមទៀត ជាពិសេសការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទំាងពីរ។

នៅច្រកអន្តរជាតិណងនុកខៀន ខេត្តចំប៉ាសាក់ គណៈប្រតិភូរដ្ឋសភាកម្ពុជា បាន ទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាផ្លូវការពីសំណាក់ ឯកឧត្តម មេកសុវាន់ ព្រំពិថាក់ អនុ ប្រធាន​ក្រុមមិត្តភាពសភាទ្បាវ-កម្ពុជា និងជាប្រធានសភាប្រជាជនខេត្តចំប៉ាសាក់ និងលោក ស៊ឹម សុខុម ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងប៉ាក់សេខេត្តចំប៉ា់ សាក់។

តាមគម្រោងបន្ទាប់ពីអញ្ជើញដល់ខេត្តចំប៉ា សាក់ ប្រទេសឡាវ ឯកឧត្តម ជា វ៉ាន់ដេត និងគណៈប្រតិភូ នឹងជួបសម្តែងការគួរសមជាមួយឯកឧត្តម ប៊ុនថង ឌីវិស័យ អភិបាលខេត្ត ចំប៉ាសាក់ នៅសណ្ឋាគារ Grand Champasak នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ក្រៅ ពីជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តចំប៉ាសាក់ គណៈប្រតិភូ រដ្ឋសភាកម្ពុជានឹង ចូលជួបសវនាការ សម្តែងការគួរសមជាមួយ លោកជំទាវ ផានី យ៉ាថូទូ (Pany YATHORTOU) ប្រធានរដ្ឋសភានៃប្រទេសឡាវ ក្នុងនោះមាន ជំនួបសវនាការ ទ្វេភាគីជាមួយ ឯកឧត្តម សាយថង កែវឌួងឌី (Saythong KEODOUANGDEE) ប្រធាន ក្រុមមិត្តភាព សភាទ្បាវ-កម្ពុជា និងជាប្រធានគណៈកម្មាធិការច្បាប់នៃសភាទ្បាវផងដែរ៕

ដោយ ប៉ាល់ សុង