រាជរដ្ឋាភិបាលលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ ដែលមានថ្លៃ ទាបជាងប្រាំពីរម៉ឺនដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ — រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ ដែល​មា​ន​ថ្លៃទាបជាងប្រាំពីរម៉ឺនដុល្លារអាម៉េរិក ក្នុងរយៈពេល ១ ឆ្នាំ  ដោយគិតចាប់ពីខែ កុម្ភៈ ឆ្នាំ ២០​២​០​ ដល់ខែ មករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីនៅ​ក្រ​សួ​ង​សេ​ដ្ឋកិច្ច និងហិរញ្ញវត្ថុនិងនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ហើយក៏បានអំពាវនាវដល់​ក្រុម​ហ៊ុ​​ន អភិវឌ្ឍន៍លំនៅឋានទាំងអស់ ឱ្យចូលរួមជាមួយ​រាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះទៅ​តា​ម​​លទ្ធភាពដែលអាចធ្វើទៅបាន។

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ស្ដី​ពី​​វិធាន​ការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ(ខូវីឌ-១​៩​)​ និងការព្យួរភាពអនុគ្រោះពន្ធលើមុខទំនិញមួយចំនួន ក្រោមកម្មវិធី«ទំនិញគ្រប់មុខ លើក​លែ​​​​​ង​​អាវុធ» (EBA) សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ថែមពីវិធានការរយៈពេលខ្លី ដែល​បាន​ដា​ក់ចេញសម្រាប់ជួយដល់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិធានការជួយដល់​កម្មករ-និ​យោ​ជិត រាជរដ្ឋាភិបាលក៏បានគិតគូរអំពីការទ្រទ្រង់កំណើន ក្នុងទម្រង់ជាការ​លើក​ទឹក​​ចិត្តដល់​វិស័​យដែលនៅមានសក្តានុពលសម្រាប់ការរីកចម្រើន ជាអាទិ៍ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញសកម្មភាពអាជីវកម្មនៅក្នុងវិស័យផ្សេងទៀត ពិសេស វិស័យ សំណង់ និងអ​ចលនទ្រព្យ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​មាន​គោលបំណងប្រែក្លាយសហគ្រាសធុនតូច និងមធ្យម ឱ្យ​ទៅ​​ជាកម្លាំងចលករជំរុញកំណើន​សេដ្ឋកិច្ច ផ្តល់ការងារកាន់តែច្រើនដល់ពលករកម្ពុជា និងមា​​ន​លទ្ធភាពផលិតនូវទំនិញកាន់តែ​ច្រើនជំនួសឱ្យការនាំចូល។ ក្នុងគោលដៅនេះ រាជរដ្ឋាភិ​បា​លដាក់ចេញនូវវិធានការ ដូចជា រៀបចំបង្កើតគណៈកម្មាធិការសកម្មភាព​គោ​ល​នយោ​បា​យ ដើម្បីជំរុញ និងអភិវឌ្ឍន៍សហ​គ្រាស​​ធុនតូច និងមធ្យម ដែលមានសមាជិកមកពីក្រសួង-ស្ថា​ប័នពាក់ព័ន្ធសំខាន់ៗ នៅក្រោម​ការដឹកនាំផ្ទាល់របស់ប្រធានគណ:កម្មាធិការគោល​នយោ​បា​យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គណៈ​កម្មាធិការនេះ នឹងដាក់ចេញនូវវិធានការជាក់​ស្តែង​ពា​ក់​ព័ន្ធ​នឹងការជំរុញ និងអភិវឌ្ឍន៍​សហគ្រាសធុនតូច និង មធ្យម តាមដានការអនុវត្ត និងស្នើដាក់​ចេ​ញនូវវិធានការកែសម្រួល តាមការចាំបាច់។ សម្ដេចតេជោក៏បានណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជំរុញ​ការ​​ដាក់ឱ្យដំណើរការធនាគារសហគ្រាសធុនតូច និង មធ្យម (SME Bank) ឱ្យបានឆាប់។ រៀប​ចំ​ជា​កម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាម៉េរិក តាម​រយៈ​​ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប ដល់សហគ្រាសធុនតូច និង​មធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម   ដែ​លមានដូចជា ការដាំបន្លែ ការចញ្ចឹមសត្វ និងការចញ្ចឹមត្រី ដើម្បីអនុញ្ញាតឱ្យសហ​គ្រាស​ធុន​តូច និងមធ្យមទាំងនោះ មានលទ្ធភាពពង្រីក និងធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់​ផលិ​តក​ម្ម រ​បស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រឹងភាពប្រកួតប្រជែង។ ជាមួយគ្នានេះ រៀប​​ចំ​យន្ត​ការ​ចូលរួមធ្វើសហហិរញ្ញប្បទាន (Co-financing) និងចែករម្លែកហានិភ័យ (Risk sharing) ដែ​ល​មានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាម៉េរិក តាមរយៈធនាគារសហគ្រាស ធុនតូច និង ម​ធ្យម (SME Bank) ដែលមានដើមទុនរួចហើយ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនា​គា​​រ​​ពាណិជ្ជនានា​ សំដៅជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងផ្នែក​កម្មន្ត​សាល​ និ​ងសិប្បកម្ម សម្រាប់ជំនួសឱ្យការនាំចូល បម្រើសេចក្តីត្រូវការក្នុងស្រុក ឬផ្តល់ជាធាតុ​ចូល​នៅ​ក្នុងការផលិតរបស់ក្រុមហ៊ុនធំៗ។ យន្តការនេះ នឹងមានរយៈពេលមួយឆ្នាំ ហើយ​នឹងផ្តល់​នូវ​ឥណទានក្នុងអត្រាការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា វិធានការនេះបន្ថែមពីវិធានការរយៈពេលខ្លី ដែល​បាន​ដាក់​ចេ​ញសម្រាប់ជួយដល់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិធានការជួយដល់ កម្មករ-និយោ​ជិ​ត រាជរដ្ឋាភិបាលក៏បានគិតគូរអំពីការទ្រទ្រង់កំណើន ក្នុងទម្រង់ជាការលើក​ទឹកចិត្តដល់វិ​ស័​យ​​ដែលនៅមានសក្តានុពលសម្រាប់ការរីកចម្រើន ជាអាទិ៍ សហគ្រាសធុនតូច និងមធ្យម ព្រ​ម​​ទាំងការជំរុញសកម្មភាពអាជីវកម្មនៅក្នុងវិស័យផ្សេងទៀត ពិសេស វិស័យ​សំណង់ និងអ​ច​ល​នទ្រព្យ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលមានគោលបំណងប្រែ​ក្លាយសហគ្រាស ធុនតូច និងមធ្យម ឱ្យ​ទៅ​ជា​កម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ការងារកាន់តែ​ច្រើន​ដល់ពលករកម្ពុជា និងមា​ន​ល​ទ្ធភាពផលិតនូវទំនិញកាន់តែច្រើនជំនួសឱ្យការនាំចូល៕

ដោយ ជឹម ណារី