សម្ដេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជាមិនអាចយកច្បាប់ និងអធិបតេយ្យរបស់​ខ្លួនទៅដោះដូរ និងភាពអនុគ្រោះពន្ធ ២០ភាគរយ ត្រឡប់មកវិញនោះទេ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ — បើទោះបីជាការព្យួរភាពអនុគ្រោះពន្ធលើទំនិញចំនួន ២០ភារយ ទៅកាន់សហភាពអឺរ៉ុប​នៅ​ក្រោ​មកម្មវិធី EBA ដែលនឹងចាប់ផ្ដើមនៅខែសីហាខាងមុខ បង្កផលប៉ះពាល់ខ្លះទៅ​លើការ​ផលិត​របស់រោងចក្រមួយចំនួនតូចនៅកម្ពុជាយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស​ម្ដេ​​​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាមិនអាចយកច្បាប់ និ​ង​​អ​ធិ​បតេយ្យរបស់ខ្លួនទៅដោះដូរ និងភាពអនុគ្រោះពន្ធ ២០ភាគរយ ត្រឡប់មកវិញនោះទេ។

ក្នុងសន្និសីទសារព័ត៌មានស្ដី​ពី​​វិធាន​ការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះ ពាល់​ពីជំងឺ​រលាកផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ(ខូវីឌ-១​៩​)​ និងការព្យួរភាពអនុគ្រោះពន្ធលើមុខទំនិញមួយ ចំនួន ក្រោមកម្មវិធី«ទំនិញគ្រប់មុខ លើក​លែ​​​ង​​អាវុធ» (EBA) កាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា  កម្ពុជាបានបម្រុងទុកថា នឹងមិនមាន​ការ​វិ​​ល​ត្រឡប់នៃ EBA ដែលសហគមន៍អឺរ៉ុបបានព្យួរនោះទេ។ សម្ដេចតេជោ​បាន​បញ្ជាក់ជូនចំពោះ​ប្រជាពល​រដ្ឋក​ម្ពុ​ជា​ និងអ្នកនយោបាយកម្ពុជាឱ្យបានជ្រាបថា កម្ពុជា នឹងមិន​ស្នើសុំត្រឡប់មកវិញនូវ EBA ២០ភាគរយនោះទេ។ នេះជាការឆ្លើយតបបញ្ជាក់យ៉ាងច្បាស់ ហើយសុំកុំមកធ្វើចលនាអ្វីឱ្យសោះ ហើយ​អ្ន​ក​នយោបាយនៅក្នុងប្រទេសកម្ពុជា ក៏សូមកុំ​សង្ឃឹម​ថា ខ្មោចដែលបានងាប់ទៅហើយនោះ វា​អាចរស់ឡើងវិញបានឱ្យសោះ សូមកុំរង់ចាំ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា “កម្ពុជា​បាន​ត្រៀម​ស្មារតីទៅលើបញ្ហាការបាត់បង់ EBA ប្រមាណជា២០ភាគរយ ហើយ៨០ភាគរយ ទៀតយើង​នាំចូល​ទៅ​ធម្មតា២០ភាគរយ​ដែលកម្ពុជាត្រូវបង់ពន្ធឱ្យគេ។  អ្នកសម្រេចអ្វីក៏សម្រេចទៅចុះ ហើយ ហ៊ុន សែ​ន មិនស្នើ​សុំឱ្យ​មានការយោគយល់ថា បោះឆ្នោតជំទាស់ ឬបោះឆ្នោតប្រឆាំងអ្វីនោះទេ គឺ​អនុ​វត្តន៍ចុះ ប៉ុន្តែ​អ្នកត្រូវតែយល់ថា កម្ពុជាកំពុងដើរទៅលើផ្លូវដែលខ្លួនបានជ្រើសរើសរួចមក​ហើ​យ​។”

សម្ដេចតេជោបានបន្ដថា កម្ពុជាគឺជាប្រទេសមួយដែលឯករាជ្យ និងអធិបតេយ្យ បើ​ច្បាប់របស់ខ្លួន​មិនអាចអនុវត្ត​ន៍បា​ន តើចាំបាច់ធ្វើជាប្រទេសធ្វើអ្វី។ សម្ដេចថ្លែងបន្តទៀតថា នេះជាការត្រៀមរៀបចំ សូមក្មួយៗ​កម្ម​ករ​ទាំងឡាយសូមកុំបារម្ភ រាជរដ្ឋាភិបាលមាន​សមត្ថ​ភាព​ដើម្បីទទួលខុសត្រូវ ព្រោះថា ទំ​និ​ញ៨០ភាគរយ បន្តនាំចូលធម្មតា ចំណែក២០ភាគរយ​ទៀត បង់​ពន្ធ​ឱ្យគេទៅ។ សម្ដេចតេជោបានបន្ថែមថា បើយោងទៅលើការគិតគូរ ក្នុងចំ​ណោ​មទំនិញដែលកម្ពុជាបាន​នាំចេញទៅសម្រាប់អឺរ៉ុប ដកប្រទេសអង់គ្លេសចេញ ចំនួនដែ​ល​យើង​ត្រូវបង់ពន្ធប្រហាក់ប្រហែលជាក្រោម ១០០លានដុល្លារអាម៉េរិក ឬជុំវិញ១០០លាន​ដុ​ល្លា​​រ​អាម៉េរិកតែប៉ណ្ណោះ ដែលកម្ពុជាត្រូវបង់ពន្ធ។ ទំហំនាំចេញរបស់កម្ពុជាមានប្រមាណ ជាង​១៤​ពាន់លានដុល្លារ ក្នុងជាង១៤ពាន់លាន យើងនាំចេញទៅសហគមន៍អឺរ៉ុបប្រមាណ ជិត៤​ពា​ន់​លានដុល្លារ និងជាង១០ពាន់លានដុល្លារផ្សេងទៀត យើងនាំចេញទៅប្រទេសផ្សេង ហើ​យ​ក្នុងទំហំប្រមាណ៤ពាន់លាន នាំចេញទៅសហគមន៍អឺរ៉ុប គឺតម្រូវឱ្យបង់ពន្ធប្រមាណជា ១​ពា​ន់​លានប៉ុណ្ណោះ បើសិនជាយើងដកអង់គ្លេសដែលបានចាកចេញពីអឺរ៉ុបរួចហើយ ព្រោះ​ទំ​ហំ​នៃការនាំចេញទៅអឺរ៉ុប គឺទំហំនៃការនាំចេញទៅអង់គ្លេសច្រើនជាងគេមានប្រមាណ ជា១​ពា​​ន់លានដុល្លារអាម៉េរិក។ សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះគ្មានរឿងដែលត្រូវយកអធិប​តេ​យ្យ​​ទៅដោះដូរជាមួយនិង១០០លានដុល្លារនោះទេ។

សម្ដេចតេជោបាន​គូស​ប​ញ្ជា​​ក់បន្ថែម​​​ថា “យើងមានការទទួលខុសត្រូវចំពោះជាតិ​របស់​យើង មិនអាចទុកឱ្យអ្នកដែល​បំ​ផ្លា​ញ​​​ជាតិបានរួចខ្លួនទាល់តែសោះហើយៗ ដំ​ណើរ​ការផ្លូវ​ច្បាប់​នៅក្នុងតុលាការ នៅតែបន្ត​អត់​មា​ន​ថ​យក្រោយនោះទេ។ ច្បាប់របស់អ្នកៗអនុវត្តន៍ចុះ ឯច្បាប់របស់យើងខ្ញុំ គឺយើងខ្ញុំត្រូវតែអនុវត្តន៍ ដូ​ច្នេះ​មិនអាចលាយឡំគ្នាបានទេ។ បើបានជា​ជ្រុលធ្វើហើយ យើងត្រូវតែហ៊ានលេងល្បែងមួ​យនេះ ដើម្បីការពារនូវឯករាជ្យ អធិបតេយ្យជា​តិរបស់យើង។” សម្ដេចតេជោបានចាត់ទុកថា នេះជាសារជាក់​លាក់ច្បា​ស់​​លាស់ថា កម្ពុជាមិន​ថយក្រោយលើការកាត់ក្ដីចំពោះជនក្បត់ជាតិ ឬអ្នកដែលត្រូវទទួលនូវ​ទណ្ឌ​កម្មទេ៕

ដោយ ជឹម ណារី