ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការជួយគាំទ្រវិស័យកាត់ដេរ ដែលប្រឈមនឹងជំងឺ​ខូវីដ-១៩ និងការព្យួរ EBA

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ — ជាមួយនឹងផលប៉ះពាល់ច្រើនពីការភ័យខ្លាចជំងឺខូវីដ-១៩ ដោយសារ​រោងចក្រនៅប្រ​ទេ​​​សចិន ភាគច្រើនមិនទាន់បើកដំណើរការពេញលេញនៅឡើយ ដែលធ្វើឱ្យការផ្គត់ផ្គង់ទៅកា​ន់​ទីផ្សារ​ផ្សេងទៀត រួមទាំង ប្រទេសកម្ពុជាផង មានភាពយឺតយ៉ាវ ហើយប្រឈមនឹងការខ្វះ​វត្ថុ​ធាតុ​ដើមសម្រាប់ការផលិត ដែលមកដល់ពេលនេះ មានរោងចក្រមួយចំនួនតូចបានចាប់ផ្តើម​គិត​គូរពីការព្យួរសកម្មភាពផលិតកម្ម សម្រាប់រយៈពេលខ្លី។  ទន្ទឹមនេះ ការព្យួរភាពអនុគ្រោះ​ពន្ធ​លើ​​ទំនិញមួយចំនួននៅក្រោមកម្មវិធី EBA ក៏នឹងបង្កផលប៉ះពាល់ខ្លះទៅលើការផលិត​របស់ ​រោ​ង​ចក្រមួយចំនួនតូចដែរនោះ បញ្ហាទាំងនេះ ប្រមុខដឹកនាំកម្ពុជា បានដាក់ចេញនូវវិធានការ​ជួយ​គាំទ្រវិស័យ​កាត់​ដេរ ស្បែកជើង និង​ការបូប សំដៅជួយទាំងរោងចក្រ សហគ្រាស និង កម្មករ-និយោជិត ដែ​លទទួលផលប៉ះពាល់។

ក្នុងសន្និសីទសារព័ត៌មានស្ដី​ពី​​វិធាន​ការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះ ពាល់​​ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ(ខូវីឌ-១​៩​)​ និងការព្យួរភាពអនុគ្រោះពន្ធលើមុខទំនិញមួយ​ចំនួន ក្រោមកម្មវិធី«ទំនិញគ្រប់មុខ លើក​លែ​​​​ង​​អាវុធ» (EBA) នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការទាំងនោះ​រួមមាន ទី១. ​ពិនិត្យ​ផ្ត​ល់ជូនការលើកលែងពន្ធ(Tax holiday) អាចពី៦ខែ ទៅ ១ឆ្នាំ សម្រាប់​ រោង​ចក្រ សហ​គ្រា​ស​ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃ​ផល​ប៉ះពាល់ជាក់ស្តែង​លើ​រោ​ងចក្រនីមួយៗ បណ្តាលមកពីការខ្វះវត្ថុធាតុដើមផលិត ឬការព្យួរ EBA (ក្រសួង​សេ​ដ្ឋ​កិច្ច និង ហិរញ្ញវត្ថុ ត្រូវដឹកនាំសម្របសម្រួលរៀបចំរូបមន្ត និងគោល​ការណ៍ជាក់លាក់ សម្រាប់ការវាយតម្លៃផ្តល់ការលើកលែងពន្ធនេះ)។ ទី២.អនុញ្ញាតឱ្យរោង​ចក្រមិនបង់​​ប្រា​ក់​វិភា​​គ​ទា​នធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុង​អំឡុងពេលរោង​ចក្រ​ព្យួរអាជីវកម្ម។ ទី៣.សម្រាប់រោងចក្រ សហគ្រាស ដែលផ្អាក​សកម្ម​ភាព​ផលិតរយៈ​ពេល​ខ្លី ដោយសារខ្វះវត្ថុធាតុដើម រោងចក្រ-សហគ្រាសត្រូវចេញ​ប្រាក់ខែ​ចំនួន៤០ភាគរយ នៃប្រាក់ខែ​អ​ប្ប​រ​មារបស់កម្មករ-និយោជិត (ដែលមានចំនួន ១៩០ ដុល្លារ​អាម៉េរិក សម្រាប់ឆ្នាំ២០២០) ខ​ណៈ​រាជរដ្ឋាភិបាលនឹងចូលរួមចំណែក២០ភាគរយ នៃប្រាក់​ខែអប្បរមាបន្ថែម(សរុប ៦០ភាគរយនៃប្រាក់​ខែ​អប្បបរមា)។ ដើម្បីបានទទួលនូវការឧបត្ថម នេះ ក្មួយៗជាកម្មករ-និយោជិត ត្រូវចូលរួម​វគ្គប​ណ្តុះ​​បណ្តាលខ្លីៗ រវាងពី១ ទៅ ២​ សប្តាហ៍ ដែល​​រៀបចំដោយក្រសួងការងារ និងបណ្តុះ​បណ្តា​លវិជ្ជាជីវៈ នៅតាមបណ្តារោងចក្រ-សហគ្រាស។ ទី៤. ក្រសួងការងារ និងបណ្តុះ​បណ្តា​លវិជ្ជាជីវៈ ត្រូវសហការជាមួយសមាគម​រោងចក្រកាត់ដេរកម្ពុជា (GMAC) និងដៃគូពា​ក់​ព័ន្ធ ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបាន​ទូលំ​ទូលាយអំពីលទ្ធផលការងាររបស់«គម្រោងរោង​ច​ក្រ​​កាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia-BFC)» ដើម្បីឱ្យអ្នកបញ្ជាទិញ​បា​ន​ដឹង​ថា ទំនិញពីកម្ពុជាមានការគោរព​​នូវសិទ្ធិមនុស្ស សិទ្ធិការងារ មានលក្ខខណ្ឌការងារ​ល្អប្រ​សើ​រ និងមិនមានការប្រើប្រាស់​ពល​កម្មកុមារ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ស​ម្រា​ប់វិធានការជួយដល់ក្មួយៗ​ជា​កម្មករ-និយោជិត ដែលបាត់បង់ការងារ និងមិនទាន់អាចរក​កា​រ​ងារថ្មីបាន ឬ ចង់ផ្លាស់ប្តូរ​ការងារ​នាពេលអនាគត ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ ត្រូវរៀបចំកម្មវិធី​បណ្តុះ​បណ្តាលជូនដល់ក្មួយៗ ដែលរួមមានដូចជា ទី១.ផ្តល់សេ​វាជួយ​រក​​ការ​ងារឱ្យកម្មករធ្វើ តាម​រយៈទីភ្នាក់ងារជាតិមុខរបរ (NEA) ដែលអាចជួយជំរុញកម្មករ-និយោ​ជិ​ត ដែលបាត់បង់ការងារ​ឱ្យចាប់យកការងារថ្មីបានឆាប់រហ័ស។ ទី២.បណ្តុះបណ្តា​លជំនា​ញ​​ទ​ន់​ (Soft skills) រយៈពេល​ខ្លីពី ១ ដល់ ២ សប្តាហ៍ ដល់កម្មករ-និយោជិត ដែលបាត់បង់ការងារ និងមិនទាន់រកការងារធ្វើ​ឡើងវិញបាន។ ទី៣. បណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេល ៤ ខែ ដើម្បីបំពាក់ជំនាញ​ថ្មី និងផ្តល់ភាពងាយស្រួល ក្នុងការរកការងារធ្វើ ក្នុងវិស័យ​មិន​មែនកាត់ដេរ។ ទី៤.ផ្តល់ជូន​ដល់សិក្ខាកាម ដែលត្រូវបានជ្រើសរើស និងទទួលបានការ​ប​ណ្តុះ​បណ្តាលនូវប្រាក់ឧបត្ថម្ភ ចំនួន១២០ ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់រយៈពេល ៦ ខែ (៤ ខែសម្រាប់ការបណ្តុះ​បណ្តាល និង ២ ខែសម្រាប់ទុកបម្រុងក្នុងអំឡុងពេលរក​ការងារធ្វើ​មិន​ទាន់​បាន)។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ជនរួមជាតិ វិនិយោគិន ធុរជន អាជីវ​ករ និ​ង ក្មួយៗកម្មករ-និយោជិតទាំងអស់គ្នា សូមមានស្មារតីនឹងនរ មានជំនឿទុកចិត្តលើ​រាជរដ្ឋាភិ​បា​ល បន្តកិច្ចការងារ និងសកម្មភាពជីវិតប្រចាំថ្ងៃជាធម្មតា ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត   ក្នុ​ង​ការធ្វើធុរកិច្ច ក៏ដូចជាក្នុងការបំពេញការងារ និងចូលរួមអនុវត្តន៍នូវវិធានការទាំងអស់ ដែល​រាជ​រ​ដ្ឋាភិបាលបានដាក់ចេញមកនេះ ប្រកបដោយស្មារតីទទួល​ខុសត្រូវខ្ពស់ ស្មារតីប្រឹង​ប្រែង​​អ​ស់ពីកម្លាំងកាយ ចិត្ត ស្មារតីស្រឡាញ់ និងជួយយកអាសាគ្នាក្នុងគ្រាលំបាក ស្មារតី​ស្រឡា​ញ់​​ជាតិមាតុភូមិ ស្មារតីយកឈ្នះឱ្យបានលើរាល់បញ្ហាប្រឈមទាំងឡាយចំពោះមុខ។ តាមរយៈស្មារតីទាំងនេះជឿ​ជា​ក់​ថា កម្ពុជានឹងខ្លាំងជាងពេលមុនៗ នៅពេលឆ្លងផុតពីបញ្ហា​ប្រឈម​ទាំងនេះ និងស្មារ​តី​ជឿ​​ជាក់​លើអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រប់ជំនាន់ទៅមុខទៀត ក្រោម​ម្លប់ដ៏ត្រជាក់នៃសុខ​សន្តិ​ភា​ព ដែលយើងខិតខំសម្រេចបានមកដោយលំបាកលំបិន ជាមួយ​នឹងពលីកម្មដ៏ធំធេងមិន​អា​ច​​កាត់ថ្លៃបាន៕

ដោយ ជឹម ណារី