ឯកឧត្តម ហ៊ាន សាហ៊ីប បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ​ប​ច្ចេកវិទ្យា​ព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)ជាផ្លូវការ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេ​ខាធិ​កា​រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង(FMIS) បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេក វិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ជា​ផ្លូវការ នូវក្រសួង-ស្ថាប័នចំនួន១៧ និងអង្គភាពថវិកាដែលជាឤណាប័ក ផ្ទេរសិទ្ធិពេញលេ​ញ​​ចំនួន១៣ នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុំ ក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ឱ្យដឹងថា ការដាក់ ឱ្យអនុវត្តន៍ប្រព័ន្ធFMIS ដល់ក្រសួង-ស្ថាប័នទាំង១៧ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៅក្នុង ដំណើរការអនុវត្តគម្រោងFMIS ដែលក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្នាក់ កណ្តាលទាំងអស់បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈមួយប្រ​កបដោយភាពជឿទុកចិត្ត និងមានគុណភាពខ្ពស់ ក្នុងការគ្រប់គ្រងការ អនុវត្តចំណូល-ចំណាយថវិកាជាតិ និងឤចជួយដល់ថ្នាក់ដឹកនាំ មានមូលដ្ឋានរឹងមាំ និង ច្បាស់លាស់ ក្នុងការសម្រេចចិត្តទាន់ពេលវេលា ព្រមទាំងឈានទៅក្តាប់យក កាលានុវត្តភាពប្រកបដោយជវភាពពី បដិវត្តន៍ឧស្សាហកម្មទី៤ និងសក្តានុពលនៃសេដ្ឋកិច្ចឌីជីថល។

នេះជាជំហានមួយថ្មីទៀត រួមចំណែកដល់ការសម្រេចបានគោលដៅការរៀបចំខ្លួន សម្រា​ប់​សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលកំណត់ ក្នុងយុ​ទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ប្រព័ន្ធ FMIS ក្នុងការជួយពង្រឹងប្រសិទ្ធភាព, គណនេយ្យភាព, តម្លាភាព និងគាំទ្រដល់ការគ្រប់គ្រង និង តាមដានការអនុវត្តថវិកា និងហិរញ្ញវត្ថុ  ស្របពេលដែលគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវបានដាក់ឱ្យអនុវត្តន៍ថវិកាកម្មវិធី និងការបង្កើតអង្គភាពថវិកា ជាពិសេសគាំទ្រដល់ដំណើរ ឈានឆ្ពោះទៅដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺ គណនេយ្យភាព សមិទ្ធកម្ម  នៅឆ្នាំ២០២១ ខាងមុខនេះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ទៀតថា ប្រព័ន្ធ FMIS គាំទ្រដល់ការទូទាត់ ថវិកាតាមអេឡិកត្រូនិក, ការធ្វើសន្ធានកម្មក្នុងការផ្លាស់ប្តូរ ទិន្នន័យពីប្រព័ន្ធខាងក្រៅដោយ ស្វ័​យ​ប្រវត្តិ, ការលើកកម្ពស់គុណភាពនៃ ការផលិតរបាយការណ៍ និងការទាញយករបាយការ​ណ៍​តាមតម្រូវការចាំបាច់ផ្ទាល់របស់ក្រសួងសាមីនីមួយៗ នឹងធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធ FMIS គឺជាប្រព័ន្ធតែមួយគត់ដែលគាំទ្រដោយផ្ទាល់ទៅលើការអនុវត្តកម្មវិធីគន្លឹះនានា នៃកម្ម វិធីកែទម្រ​ង់​​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយនឹងរួមចំណែកធ្វើឱ្យប្រទេស កម្ពុជាប្រែក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍ បដិវត្តន៍ឧស្សាហកម្មទី៤។

ឯកឧត្តមបណ្ឌិតសភាចារ្យបានផ្តល់ការលើកទឹកចិត្ត និងគូសបញ្ជាក់ អំពីចំណុចសំខាន់ៗមួយចំនួន ដល់ អ្នកចូលរួម មកពីក្រសួង-ស្ថាប័ន ក្នុងការបន្តកិច្ចសហការ អនុវត្តគម្រោង FMIS ក្នុងនោះ រួមមាន៖ ១.អគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តចូលរួមប្រកបដោយបុរេសកម្មក្នុងការជួយតម្រង់ទិស និងគាំទ្រដល់អ្នក ប្រើប្រាស់ថ្មីៗក្នុងប្រព័ន្ធFMIS, ជួយផ្សព្វផ្សាយ និងផ្តលការណែនាំឱ្យបានទូលំទូលាយ អំពីផ្សារភ្ជាប់រវាងការអនុវត្តថវិកា និង ការប្រើប្រាស់ប្រព័ន្ធព្រមទាំងនីតិវីធីអនុវត្តថវិកា និង ការពង្រឹងគណនេយ្យភាពនៃប្រតិបត្តិការហិរញ្ញវត្ថុ នៅក្នុងប្រព័ន្ធ FMIS។ ២.ក្រសួង-ស្ថាប័នដែលប្រើប្រាស់ប្រព័ន្ធ FMIS, ត្រូវបន្តបង្កើនសមត្ថភាពជំនាញ, ទាំងជំនាញហិរញ្ញវត្ថុ  សាធារណៈ និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានភាពជាម្ចាស់ ក្នុងការគ្រប់គ្រងថវិកា និង ហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈការប្រើ ប្រាស់ប្រព័ន្ធ FMIS។ ៣.ក្រសួង-ស្ថាប័ន និង អង្គភាពទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធ FMIS ត្រូវធ្វើការត្រួតពិនិត្យនូវមុខងារ និងតួនាទីរបស់មន្ត្រីម្នាក់ៗ, រចនាសម្ព័ន្ធការងារផ្ទៃក្នុង និង កំណត់នូវកម្រិតហានិភ័យនៃប្រភេទប្រតិបត្តិការអនុវត្តថវិកា និងហិរញ្ញវត្ថុជាបណ្តើរៗ ដើម្បី ត្រៀមខ្លួនសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការរៀបចំនីតិវិធីតម្រង់ទិស ថ្មី ស្របតាមផែនការតម្រង់ទិសនីតិវិធីអនុវត្តន៍ការងារ (Business Processes Streamlining)។ ៤.អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ ត្រូវចូលរួមពង្រឹងគណនេយ្យភាព នៃការប្រើប្រាស់ ប្រព័ន្ធ FMIS ដោយធ្វើការពិនិត្យឱ្យបានម៉ត់ចត់លើទិន្នន័យ ដែលបានកត់ត្រាចូលក្នុងប្រព័ន្ធ FMIS និង ប្រើប្រាស់ព័ត៌មានពីប្រព័ន្ធ FMIS ជាគោល សម្រាប់ការគ្រប់គ្រង និងអនុវត្តន៍ថវិកា តាមរយៈការវិភាគ, តាមដាន, ត្រួតពិនិត្យ និង ការរៀបចំរបាយការណ៍នានាស្តីអំពីឥណទាន ថវិកា និង ការអនុវត្តថវិកា។

សូមបញ្ជាក់ថា គោលបំណងសំខាន់នៃការប្រកាសដាក់ឱ្យប្រើប្រាស់ប្រ​ព័ន្ធ​បច្ចេក វិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) ជាផ្លូវការគឺដើម្បីដា​ក់​ជូនក្រ​សួង-ស្ថាប័នទាំង១៧ និងអង្គភាពថវិកាដែល ជាឤណាប័កផ្ទេរសិទ្ធិពេញលេ​ញ​ចំនួន ១៣ ជាផ្លូវការ និងការចែករំលែកបទពិសោធន៍ ក្នុងការធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុ ក្នុងប្រព័ន្ធ FMIS ៕

ដោយ គង់ សិរីរ័ត្ន (  រូបថត៖ សួស សាវី)