ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងពីសភាពការណ៍ថ្មីៗ​ រប​ស់ប្រ​ទេស​ក​ម្ពុ​ជា ជម្រាបជូនប្រជាពលរដ្ឋស្រុកអង្គស្នួល

AKP កណ្តាល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ — ការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ(EBA) ការផ្ទុះឡើងនូវជំងឺកូរ៉ូណា និងការ សម្រេចចិត្តដ៏ត្រឹមត្រូវប្រកបដោយ​គតិប​ណ្ឌិត ​របស់​សម្តេ​ចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍​ដ៏ធំរ​បស់​សហ​រដ្ឋ​អាមេរិក ដែលមានអ្នកទេសចរប្រមាណ២ពាន់នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហ​នុជា​ដើម គឺត្រូវ បានចាត់ទុកថាជាសភាពការណ៍ថ្មីៗរបស់ប្រទេសកម្ពុជា ដែលត្រូវបានលើកយ​ក​ម​​​ក​ជ​ម្រា​ប ជូនប្រជាពលរដ្ឋស្រុកអង្គស្នួល ខេត្តកណ្តាល ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធា​នគ​ណៈ​ព​ង្រឹ​ង​ខេ​ត្ត​ក​ណ្តាល  នៅក្នុងពិធីសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកអង្គស្នួល កាលពី​ថ្ងៃ​ទី​២​២ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហា EBA និងការផ្ទុះឡើងនូវជំងឺកូរ៉ូណាថ្មី  (Covid-19) រាជរដ្ឋាភិបាលបានគិតគូរ និងត្រៀម​ចាត់​វិធា​ន​​ការមួយចំនួនសំដៅ៖ ទី១.ជួយដល់ក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ខ្លាំងដើម្បី​ឱ្យក្រុ​ម​ហ៊ុ​នទាំងនោះអាចបន្តអាជីវកម្មរបស់ខ្លួនក្នុងពេលដ៏លំបាកនេះ, ទី២.ជួយដល់កម្មករ និយោ​ជិត ក្នុងករណីត្រូវបាត់បង់ ឬត្រូវព្យួរការងារឱ្យមានលំនឹងជីវភាព និងអាចលើកកម្ពស់ជំនាញ ព្រម​ទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត និងទី៣.ជួយទ្រទ្រង់កំណើន ពិសេស ជួយ​ដ​ល់សហគ្រាសធុនតូច និងមធ្យមដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

ក្នុងស្មារតីនេះ ឯក​ឧ​ត្ត​ម​ឧប​នាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថា ក្នុងករណី កម្មករ និយោជិត ជួបបញ្ហាបាត់បង់ការងារ រាជ​រដ្ឋាភិបាលនឹងផ្តល់សេវាជួយរកការងារឱ្យកម្មករធ្វើ តាមរយៈទីភ្នាក់ងារជាតិមុខ របរ ដែល​អា​ច​ជួយជំរុញកម្មករ និយោជិត ដែលបាត់បង់ការងារ ឱ្យចាប់យកការងារថ្មីបានឆាប់រហ័ស បណ្តុះ​បណ្តាលជំនាញទន់រយៈពេលខ្លីពី១ ដល់ ២សប្តាហ៍ ដល់កម្មករនិយោជិតដែលបា​ត់បង់​ការ​ងារ និងមិនទាន់រកការងារធ្វើឡើងវិញបាន, បណ្តុះបណ្តា​លជំនាញ​បច្ចេក​ទេស​រយៈ​ពេល​៤​ខែ ដើម្បីបំពាក់ជំនាញថ្មី និងផ្តល់ភាពងាយស្រួ​លក្នុងការរកការងា​រធ្វើក្នុង​វិស័យ​មិន​មែន​កាត់​ដេរ និងផ្តល់ជូនដល់សិក្ខាកាមដែល ត្រូវបានជ្រើសរើស ឱ្យទទួល​បាន​ការ​បណ្តុះ​បណ្តា​ល នូវប្រាក់ឧបត្ថម្ភចំនួន១២០ដុល្លារ អាម៉េរិកក្នុង១ខែ សម្រាប់រយៈពេល៦ខែ គឺ៤ខែសម្រា​ប់​​ការ​ប​ណ្តុះ​បណ្តាល និង២ខែ សម្រាប់ទុកបម្រុងក្នុងអំឡុងពេលរកការងារធ្វើមិនទាន់បាន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​ដា​ក់​​ចេញ និងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលនយោបាយ យុទ្ធសាស្ត្រ និង​វិធា​ន​កា​រ​កែ​ទម្រង់មុតស្រួចជាច្រើន សំដៅធានាសម្រេចបាននូវការអភិវឌ្ឍ ទាំងសង្គម និងសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ជាក់ស្តែង ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងសុខសន្តិភាព ស្ថិរ​ភា​​ពនយោបាយ និងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ប្រទេសជាតិយើងសម្រេ​ចបាន​កំណើ​ន​សេ​ដ្ឋកិច្ចខ្ពស់ប្រមាណ ៧,៧ភាគរយក្នុងមួយឆ្នាំ ដែលកំណើននេះបានប្រែ​ក្លាយ​កម្ពុ​ជាពី​ប្រ​ទេ​ស​​ដែ​លមានចំណូលកម្រិតទាប ទៅជាប្រទេសដែលមាន ចំណូល​មធ្យម​កម្រិត​ទាប​កាល​ពីឆ្នាំ​២០​១៥ ព្រមទាំងត្រូវបានប្រសិទ្ធនាមថាជា ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីនៅឆ្នាំ២០១៦ ថែម​ទៀត​ផង ដោយកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្ននេះ បានរួមចំណែក​យ៉ាង​ច្រើន​ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ និងបង្កើតការងារសម្រាប់ប្រ​ជា​ជ​ន​កម្ពុជាទូទាំងប្រទេស។

បរិការណ៍នេះ បានធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និ​វត្ត​ជន អតីតយុទ្ធជន សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង ម​ន្ត្រី​ភូមិ បានកាន់តែប្រសើរឡើង តាមរយៈការដំឡើងបៀវត្សរ៍ជារៀងរាល់ឆ្នាំ៕

ដោយ គង់ សិរីរ័ត្ន