ក្រសួងបរិស្ថាន គាំទ្រការកសាងស្ពានពីរកន្លែងដែលត្រូវបានភ្លើងឆេះ​នៅក្នុងដែនជម្រក​សត្វព្រៃភ្នំត្នោត ភ្នំពកស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ — ក្រសួងបរិស្ថាននឹងសម្របសម្រួល ចូលរួមគាំទ្រផ្តួចផ្តើមកសាងស្ពានពីរ កន្លែង​ដែលត្រូវបាន​ភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ។ ស្ពានឈើ ទាំងពីរកន្លែងដែលត្រូវបានឆេះនេះ គឺជាច្រកចេញ-ចូលទៅដែន​ជម្រក​សត្វព្រៃ តំបន់ភ្នំត្នោត។ ជាមួយគ្នានេះ ក្រសួងរិស្ថានក៏បានចុះអនុស្សរណៈយោគយល់​ជាមួយ BeeTreed ដែលមានលោក បេន ដាវីស ជនជាតិអាម៉េរិកកាំង ជាតំណាង ដើម្បីចូល​រួមគ្រប់គ្រងនិងអភិរក្សតំបន់នោះ។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ​លេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០។

ឯកឧត្តម នេត្រ ភក្រ្ដា បានថ្លែងថា ក្រោយពីមានការពិភាក្សាពិគ្រោះយោបល់ជាមួយ សប្បុរសជនមួយចំនួនដែលមានសមានចិត្តក្នុងការចូលរួមកសាងស្ពានក្នុងតំបន់អភិរក្សនេះ ក្រសួងបរិស្ថាននឹងសម្របសម្រួលក្នុងការសាងសង់ស្ពានទាំងនេះឡើងវិញ ដែលនឹងធ្វើពី​បេតុង​​ដើម្បីចៀសវាងភ្លើងឆេះ ជាថ្មីម្តងទៀត។ ឯកឧត្ដមបានបញ្ជាក់ថា សប្បុរជនដែល​មាន​សមានចិត្តចូលរួមជួយកសាងស្ពានបេតុងក៏ដូចជាជួយគាំទ្រដល់ក្រុមគ្រួសារលោក បេន ដាវីស នៅពេលនេះរួមមានលោកឧកញ៉ា ស្រី ចាន់ថន លោកឧកញ៉ា ហ៊ុន ជា រួមនឹង​សប្បុរស​ជនផ្សេងទៀត។  ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដថា ក្នុងនាមក្រសួងបរិស្ថាន ក៏សូមអរគុណ​ដល់សប្បុរសជនទាំងឡាយ និងសូមស្វាគមន៍ ចំពោះការចូលរួមវិភាគទាន​ដ៏ថ្លៃថ្លានិងជា​ប្រយោជន៍​សម្រាប់ការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិនេះ។ ជាមួយគ្នានេះ ឯកឧត្តម​ក៏បានអំពាវនាវដល់សប្បុរសជនផ្សេងទៀតដែលមានសមានចិត្តស្រឡាញ់ធនធានធម្មជាតិ និងការងារអភិរក្សនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពកអាចចូលរួមជាមួយក្រសួង បរិស្ថាន ក្នុងការងារនេះ។ ឯកឧត្ដមបានចាត់ទុកថា នេះជាទឹកចិត្តសប្បុរសធម៌ និងការចូល​រួម​ចំណែកក្នុងការកសាងស្ពានសម្រាប់ការធ្វើដំណើរឆ្លងកាត់ក្នុងតំបន់នោះ ជាពិសេសគឺជា ច្រកចេញ-ចូលទៅទីតាំងដែលលោកបេន ដាវីស គ្រប់គ្រងអភិរក្ស និងសម្រាប់បម្រើឱ្យវិស័យ ទេសចរណ៍ធម្មជាតិនៅតំបន់នោះ។

បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ដែលស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងខេត្តសៀមរាមមានទំហំផ្ទៃដីសរុប ៤២ ,០៩៧ ហិកតា ដែលក្នុងនោះលោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រងនិងអភិរក្សលើផ្ទៃដីចំនួនជាង៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិ​និងជីវៈចម្រុះច្រើនប្រភេទ។ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា ទន្ទឹមនឹងផ្តល់កិច្ច​សហការអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាន​និងសង្គមបានផ្តល់កញ្ចប់ថវិកាចំនួន២ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំ​ដោយ​បាន​ចាប់ផ្តើមអនុវត្តន៍ពីដើមឆ្នាំ២០១៩ មក ដើម្បីផ្ដល់ឱ្យលោកបេន ដាវីស ប្រើប្រាស់ក្នុង​ការ​ងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពកនេះ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងរយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ ស្ពានចំនួន ៤ ត្រូវបានភ្លើងឆេះបំផ្លាញដែលស្ពាននីមួយៗមាន ប្រវែងប្រមាណ ៥០ ម៉ែត្រ ឬវែងជាងនេះក្នុងនោះស្ពានឈើចំនួន ២ ត្រូវបានលួចដុតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០នេះ។

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយដែលស្ពាន​ជា ទ្រព្យសម្បត្តិសាធារណៈត្រូវបានភ្លើងឆេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបាន​ស្នើឱ្យ​អាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្វែងរកមូលហេតុឱ្យបានច្បាស់លាស់នៃការឆេះ ស្ពាននេះ ហើយបើមានអ្នកលួចដុត ត្រូវស្វែងរកមុខជនខិលខូចដែលលួចដុតស្ពានឈើនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

ដោយ រិទ្ធី