អ្នកការទូតចិនកោតសរសើរចំពោះការគាំទ្ររបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ — អគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងហូជីមិញ លោក Wu Jun បានថ្លែងនូវការគាំទ្រខ្ពស់ដល់ការគាំទ្រ​របស់ប្រទេសវៀតណាម ចំពោះប្រទេសរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែល បណ្តាលមកពីមេរោគកូរ៉ូណាវីរុសថ្មី (COVID-19) ដោយលោកបានថ្លែងអំណរគុណយ៉ាងស្មោះចំពោះសកម្មភាពនេះ ហើយប្រទេសចិននឹងចងចាំទុក​ក្នុងចិត្តជានិច្ច។

នៅក្នុងអត្ថបទមួយដែលបានផ្ញើទៅទីភ្នាក់ងារសារព័ត៌មានវៀតណាម ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅក្នុងប្រទេសចិន អ្នកការទូតរូបនេះបានរំលឹកថា រដ្ឋាភិបាលវៀតណាមបានជួយប្រទេសចិននូវសម្ភារៈពេទ្យដែលមានតម្លៃចំនួន ៥០០.០០០ដុល្លារ​អាម៉េរិក។ លោកក៏បានគូសបញ្ជាក់ផងដែរថា ខេត្តជាច្រើននៃប្រទេសវៀតណាមបានផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗគ្នាដល់ប្រទេសចិន ខណៈដែលគ្រូពេទ្យវៀតណាមខិតខំព្យាបាលប្រជាជនចិនពីរនាក់ ដែលបានឆ្លងជំងឺនេះបានដោយជោគជ័យ។

លោកបាននិយាយថា ការប្រយុទ្ធប្រឆាំងនេះគ្មានព្រំដែនទេ ហើយកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកមួយដែលនឹងធ្វើឱ្យ​ប្រជាជន​បានស្គាល់នូវទឹកចិត្ត និងបេះដូងរបស់ប្រជាជនដទៃទៀត។ លោកបានចង្អុលបង្ហាញថា មេដឹកនាំវៀតណាមបានផ្ញើការអាណិត​អាសូររបស់ពួកគេទៅសមភាគីចិនភ្លាមៗបន្ទាប់ពីការផ្ទុះឡើងនៃរោគរាតត្បាតនេះ។

អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិនកំពុងយកចិត្តទុកដាក់ជាពិសេសទៅលើសុវត្ថិភាព និងសុខភាពរបស់ពលរដ្ឋ​បរទេស ជាពិសេសជនជាតិវៀតណាមដែលកំពុងរស់នៅក្នុងទីក្រុង Wuhan ។ លោកបាននិយាយបន្ថែមទៀតថា អាជ្ញាធរកំពុងចាត់​វិធានការយ៉ាងមានប្រសិទ្ធភាពដើម្បីបំពេញតម្រូវការរបស់ពួកគេឱ្យបានទាន់ពេលវេលា។

អ្នកការទូតនេះបាននិយាយថា ប្រទេសទាំងពីរមិនត្រឹមតែជាប្រទេសជិតខាងល្អប៉ុណ្ណោះទេ ថែមទាំងចែករំលែកជោគវាសនាគ្នា​ផងដែរ ដោយលោកបានបង្ហាញនូវជំនឿជឿជាក់ថា ប្រសិនបើពួកគេនៅតែបន្តការយល់ឃើញជាទូទៅដែលបានធ្វើដោយមេដឹកនាំ​នៃគណបក្សទាំងពីរ ពួកគេប្រាកដជាអាចយកឈ្នះលើការលំបាកមួយនេះបាន និងពង្រឹងបន្ថែមទៀតនូវគ្រឹះនៃទំនាក់ទំនងទ្វេភាគី៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)