សម្ដេចតេជោ ហ៊ុន សែន រម្លឹករឿងការជួបជុំគ្នាឡើងវិញជាមួយភរិយាកាលពី៤១ឆ្នាំមុន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរម្លឹក​ឡើ​ង​វិញអំពីការជួបជុំជាមួយភរិយាកាលពី៤១ឆ្នាំមុន បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច​តេ​​ជោសរសេរថា ថ្ងៃស្អែក គឺជាខួប៤១ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភៈ ១​៩​៧៩- ២៤ កុម្ភៈ ២០២០)។ សម្ដេចតេជោថ្លែងថា “​កាលពីលើកមុន ខ្ញុំបានសរសេររៀប​រាប់​ត្រួសៗមួយចំនួន​រួច​មក​ហើ​យលើការ​ជួបហើយព្រាត់ និង​ព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំ​សរសេរបំពេញ​បន្ថែម​នូវ​រឿងរ៉ាវ​បន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទ​មួយមានចំណងជើងថា​(ការឈឺ​ចាប់ដែលមិនអាចបំភ្លេចបាន)។” សម្ដេចតេជោបានរម្លឹ​កថា បន្ទាប់ពីមិនអាចសុំការអនុ​ញ្ញាត​ពីមេបញ្ជាការឃោរឃៅ ដើម្បីយក​សព​កូន​ទៅកប់ និងនៅថែទាំ​ភរិយាដែលទើប​សម្រាល​កូនបាន សម្ដេចត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេប​​ញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុក​ត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើ​ង​សម្រាកនិងធ្វើការ​នៅទីនោះមួយ​​យប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រ​ឡ​ប់​មក​អង្គភាពវិញ ដោយឆ្លង​កាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាក​នៅ​ទី​​នោះ។ សម្ដេចតេជោបាន​បន្ថែមថា “ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាន​នៅមើ​ល​​ថែភរិយារបស់ខ្ញុំ ។ តែសំណើដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើឱ្យខ្ញុំស្ទើរ​តែ​ទ្រាំ​លែ​ង​​បានបំរុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះ ប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ ដើម្បីធានា​​ដ​ល់​​ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញ​សម្ងាត់មួយចំនួន​រួច​មក​ហើយ។” ជាមួយគ្នានេះ ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូ​មក​ដល់​មន្ទីរ​ពេ​ទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរទៅបន្ទប់ដែ​លភរិ​យា​ខ្ញុំសម្រាក ពិនិត្យឃើញរ៉ានីហើមខ្លួន។ ដោយសារ​ រ៉ានី​ ជាគ្រូពេទ្យ​ឆ្មបស្រាប់ គាត់បាន​ប្រា​ប់​​ខ្ញុំថាអាចនៅសល់សុកដែលពេទ្យទម្លាក់មិនអស់។ ពីរនាក់ប្តីប្រពន្ធ​យើងពុំមានអ្វីក្រៅពីមើល​មុ​ខគ្នាដោយទឹកភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូន​ដែលស្លាប់ទៅ ទឹកភ្នែកដែល​មិន​បាននៅថែទាំភរិយាដែលទើបឆ្លងទន្លេ តែ​ រ៉ានី​ ហាក់ដូចរឹង​ប៉ឹងជាងខ្ញុំ​ និងយល់ពីការងារ​ដែ​​លខ្ញុំត្រូវធ្វើទោះជាខ្ញុំមិនដែលប្រាប់នាងក៏ដោយ។ ខ្ញុំចាកចេញ​ទាំង​ទឹកភ្នែក ហើយក៏មិន​បា​ន​​សួរ​រកទីកន្លែងដែលគេកប់សាកសពកូនខ្ញុំដែរ។ ពេលត្រឡប់​ទៅដល់អង្គភាពវិញ ខ្ញុំក៏បាន​​យករឿងនេះជម្រាបទៅប្រធាននយោបាយនៃអង្គភាព​ដែលគាត់​ជាមនុស្សចិត្តបុណ្យម្នាក់។ គា​ត់​​បានអនុញ្ញាតឱ្យខ្ញុំយក​ រ៉ានី​ ទៅព្យាបាលនៅអង្គភាព​ដែល​បោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុ​កមេមត់(ពេលនោះគេបង្កើតជាស្រុកត្រមូង)។ ព្រឹក​ថ្ងៃទី១២ ខែវិច្ចកា ឆ្នាំ ១៩៧៦ ខ្ញុំខិតខំ​ទៅ​កាន់មន្ទីរពេទ្យតាំងពីមេឃមិនទាន់ភ្លឺ ដើម្បីនាំយក​ រ៉ានី​ មកកាន់អង្គភាព។ ពិតជាសំ​​ណាង​ស​ម្រាប់រ៉ានី​ ដែលខ្ញុំបាននាំនាង​មកឱ្យ​ឆ្មបបុរាណ​កាយទម្លាក់សុកចេញទាន់ពេល បើ​ពុំ​នោះ​​​​ទេនឹងទៅជាក្រឡាភ្លើង​និងឈានដល់ស្លាប់មិន​ខាន។ ពេលនោះ ទោះបីជាលំបាក តែខ្ញុំ​បា​ន​មើលថែទាំ​ រ៉ានី​ ដោយផ្ទាល់ដៃ។ ខ្ញុំមើលថែទាំ​ និង​បម្រើ រ៉ានី​ ដូចថែទាំម្តាយចាស់ មិន​ត្រឹ​ម​តែ​បាយទឹកទេ សូម្បីតែសម្លៀកបំពាក់ក៏ខ្ញុំត្រូវ​បោកគក់ជូនគាត់ដែរ។ ខ្ញុំបានបំពេញមុខងារជា​​ប្តីយ៉ាងពិតប្រាកដ។ ខ្លុំក្លាយជាអ្នកចេះ​ផ្សំថ្នាំ​ខ្មែរ ដើម្បីសុខភាពរបស់ភរិយា។ អ្វីៗគ្រប់យ៉ាង​ខ្ញុំ​​ត្រូវ​ធ្វើដោយផ្ទាល់ដៃប្រហែលជាងកន្លះខែ។ ខ្ញុំតែងលួចយំអាណិតប្រពន្ធដែលខំមកតាមប្តី​ដោ​យលំបាកវេទនា តែខ្ញុំមិនចង់ឃើញទឹកភ្នែក​រ៉ានីទេ ដូចនេះបានជាខ្ញុំមិននាំគាត់និយាយ ​ឬរម្លឹ​ក​ពីរឿងកូនស្លាប់​ឬរឿងណាដែលមិន​សប្បាយចិត្តនោះឡើយ។ សម្ដេចតេជោក៏បានរៀបរាប់បន្ថែមទៀតថា ​ទោះបីជាជួបការ​លំបាក តែ​​នេះជាលើកដំបូង ដែលខ្ញុំបានរស់នៅជាមួយ​ រ៉ានី​ លើសពីមួយសប្តាហ៏ បន្ទាប់ពី​រៀបការ​​ហើយ​។ មកដល់ ខែមករា ឆ្នាំ ១៩៧៧ រ៉ានី​ មានផ្ទៃពោះសារជាថ្មីម្តងទៀត ដែលខុស​ជាមួយ​បំ​​ណង​​ប្រាថ្នារបស់ខ្ញុំ ព្រោះមិនគួរមានកូនក្នុងកាលៈទេសៈបែបនេះទេ។ ខ្ញុំបានត្រៀម​ខ្លួនរួចហើ​យ​ ដើម្បីវាយពួក ប៉ុលពត ក្នុងពេលដែលភរិយាមានផ្ទៃពោះ ប្រសិនជាការ​ប្រយុទ្ធ​កើតឡើង​​តើប្រពន្ធនិងកូនរបស់ខ្ញុំទៅជាយ៉ាងណា? ខ្ញុំចង់រស់នៅជាមួយភរិយាខ្ញុំ តែខ្ញុំមិនចង់​ឃើញភ​រិ​យា​​និង​កូនខ្ញុំមានគ្រោះថ្នាក់នៅពេលមានការប្រយុទ្ធកើតឡើង។ខ្ញុំបា​នទៅសុំ​ប្រធាន ​​នយោ​​បាយ​​​អង្គភាព ដើម្បីបញ្ជូនរ៉ានីទៅធ្វើការនៅមន្ទីរពេទ្យកងទ័ពដែលមានទីតាំងនៅ ភូមិ​សំរោង ឃុំដារ ស្រុកមេមត់ ឃ្លាតពីអង្គភាពខ្ញុំជាង៣០គីឡូម៉ែត្រ។ បែកគ្នាលើកមុនៗ​ត្រូវបាន​អង្គការ​ជា​អ្នកបំបែក តែបែកគ្នាលើកនេះខ្ញុំជាអ្នករៀបចំដោយខ្លួនឯង ដើម្បីត្រៀមលក្ខណៈ​សម្បត្តិ​​វាយ​ពួកបនប្រល័យពូជសាសន៍ប៉ុល ពត។ ខ្ញុំជួប​ រ៉ានី​ ចុងក្រោយគឺថ្ងៃ១៨ ខែ មិថុនាឆ្នាំ ១៩​៧​៧​ គឺមុន២ថ្ងៃ ដែលខ្ញុំចាកចេញដើម្បីដឹកនាំចលនាតស៊ូវាយពួកប៉ុល ពត។ ខ្ញុំបាន​សម្រេចចិត្ត​ច្បា​ស់លាស់ហើយ តែខ្ញុំមិននិយាយប្រាប់រ៉ានីនោះទេ។ ការមិននិយាយប្រាប់ មិនមានន័យថា​ខ្ញុំ​មិនទុកចិត្តភរិយាខ្ញុំនោះឡើយ តែបញ្ហាសំខាន់ គឺខ្ញុំមិនចង់ឃើញទឹកភ្នែក​ភរិយាខ្ញុំហូរ​ស្រក់​ម​​ក មិនចង់ឱ្យភរិយាខ្ញុំទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តភ្លាមៗ​សម្រាប់​រឿងមួយ​​ដែលមិន​ទា​​ន់បានកើតឡើងនៅឡើយនោះទេ។ មុនពេលចាកចេញ ខ្ញុំមិនសម្រក់ទឹក​ភ្នែកឱ្យ​ រ៉ានី​ឃើ​ញ​នោះ​ដែរ។ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃដែលលំបាក​បំផុត​​សម្រាប់​ខ្ញុំ ហើយក៏ជា​ថ្ងៃ​ដែ​ល​ខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជីវិត​ប្រជាជនកម្ពុជា។ ម៉ោងប្រហែល២រសៀ​​ល បន្ទាប់ពីបញ្ជាឱ្យកងទ័ពបើកជង្រុកស្រូវ ដើម្បីដាំបាយទទួលទាន ខ្ញុំបានអង្គុយសរសេរ​លិ​ខិត​ផ្ញើឱ្យរ៉ានី។ ការចាប់ផ្តើមនៃលិខិតពិតជាលំបាករកពាក្យ​សរសេរ​ដែលទីបំផុត​ខ្ញុំបានប្រើ​ពា​ក្យ​​​ថា(មកដល់រ៉ានីប្រពន្ធដ៏កំសត់របស់បង នៅពេលដែលអូន​អាន​​លិខិតនេះ រូបបងនៅសែន​ឆ្ងា​​​យ ឆ្ងាយរហូតដល់រូបបងមិនដឹងថាខ្លួននៅកន្លែងណាផងទេ)។ រឿងដែលពិបាក តើត្រូវ​ប្រា​ប់​​រ៉ានី​​ខ្ញុំនៅទីណា? ព្រោះគ្មានអ្វីច្បាស់ទេសម្រាប់ជីវិត​ខ្ញុំនាពេល​នោះ។ សរសេរលិខិតរួច ត្រូវ​គេ​បាញ់សម្លាប់ ឬសរសេរលិខិតរួច ត្រូវធ្វើការប្រយុទ្ធ យើងចង់​ទៅទិសខាងកើត តែ​ស​​ភាពការណ៍បង្ខំឱ្យមកទិសខាងលិចវិញ។ ខ្ញុំសរសេរផងយំផង រហូត​ស្រវាំងភ្នែក ទម្រាំបានលិ​​ខិត​មួយច្បាប់ចំណាយពេលប្រម៉ាណ២ម៉ោង។ ខ្ញុំចង់រម្លឹកដល់​អម្ភូត​ហេតុមួយ ដែលបានកើត​ឡើង​នាល្ងាចថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ នោះ។ ម៉ោងប្រហែល​៤ល្ងាច បន្ទាប់ពីប្រគល់​លិ​ខិ​តនិងសម្ភារមួយចំនួនតាមរយៈនិរសារខ្ញុំឈ្មោះនឿន​(ពេលនេះ​ជាឧត្តមសេនីយត្រី​នៃបញ្ជា​កា​រ​ដ្ឋានអង្គរក្ស) ដើម្បីបញ្ជូនទៅឱ្យភរិយាខ្ញុំ។ ខ្ញុំក៏សម្រាក​លង់​លក់​ដើម្បីរង់ចាំមិត្តខ្ញុំ៤នាក់​ទៀ​ត​។ ខ្ញុំភ្ញាក់ឡើងម៉ោង៨យប់ទៅហើយ ខ្ញុំក្រោកអង្គុយយក​ដែកកេះដុតចង្កៀងប្រេងកាត ពេល​ចង្កៀ​ងឆេះស្រាប់តែ​ឮសំឡេងមនុស្សស្រែកចេញពីដើម​ជ្រៃ​ដែលមានខ្ទមអ្នកតា ​នៅនឹងគល់​ហ្នឹ​ង ​គឺនៅឃ្លាតពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ។ សំឡេង​មនុស្ស​ប្រុសវ័យចំណាស់ស្រែកខ្លាំងៗ​ថា​(ចេ​ញភ្លាមទៅ ចេញឱ្យឆាប់) ស្រែកច្រើនដង និង ខ្លាំងៗស្ទើរបែកក្រដាស់ត្រចៀក។ បន្ទាប់​​ពីសំឡេងស្រែកចប់ភ្លើងចម្រុះពណ៌មករុំខ្លួនខ្ញុំជុំជិត ខ្ញុំស្រែកស្ទើភ្លាត់សំឡេងឱ្យអ្នកនៅ​ខាង​ក្រៅ​ផ្ទះចូលមកជួយ។ នៅពេលយុទ្ធជន៣​នាក់ចូល​មក ខ្ញុំសួរពួកគេថាអ្នកណាស្រែក ហើយ​មា​ន​ឃើញភ្លើងក្នុងផ្ទះឬទេ។​ពួកគេទាំង៣នាក់​ឆ្លើយស្រុះគ្នាថា មិនឮ និងមិនឃើញអ្វីទាំងអ​​ស់។ ខ្ញុំព្រឺក្បាល ហើយគិតក្នុងចិត្តថា បារមីតាម​ថែទាំខ្ញុំ ប្រាប់ឱ្យខ្ញុំចាកចេញហើយ។ ខ្ញុំសូ​មជម្រាបថា ដើមជ្រៃដ៏ធំដែលមានខ្ទមអ្នកតា​នៅនឹងគល់ ធ្លាប់ឱ្យខ្ញុំឃើញ២លើករួចមក​ហើ​យ​​។ លើកទី១នៅចុងឆ្នាំ១៩៧៥ ខ្ញុំដេកយល់​​សប្តិ​ឃើញបុរសចំណាស់ម្នាក់ យកសារ៉ុងសូត្រថ្មី​យ៉ា​ង​ស្អាតមកឱ្យ​ខ្ញុំ(ជំនឿមនុស្សខ្លះ​យល់​សប្តិបានសារ៉ុងសូត្រគឺនឹងមានប្រពន្ធ)​ មិនបានប៉ុ​ន្មា​ន​ថ្ងៃផង ខ្ញុំរៀបការជាមួយរ៉ានី។ លើកទី២ ភ្លើងហោះចេញពីដើមជ្រៃកាត់​ដំបូលផ្ទះខ្ញុំជះ​ពន្លឺចូ​ល​ក្នុងផ្ទះ ពេលយប់នោះហើយ​ដែលរ៉ានី​ក្អូត​ចង្អោរចាញ់កូននៅ ខែមករា ឆ្នាំ ១៩៧៧ គឺកំ​ណើ​ត​ម៉ាណែតនេះហើយ។ ការព្រាត់គ្នា​នាថ្ងៃ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ គឺជាកា​រព្រាត់​គ្នាដោយ​មាន​សង្ឃឹមតិចតួចណាស់​ថានឹងបាន​ជួបវិញ។ ​ ទឹកភ្នែករាប់ម៉ឺនសែនលានដំណក់ហូរមកជា​មួ​យ​​ការឈឺចាប់ដែលមិនអាច​រៀបរាប់​បាន តែទឹកភ្នែកនេះហើយដែលជួយពង្រឹងស្មារតីខ្ញុំ​ឱ្យ​ប្រឹ​ង​​តស៊ូដើម្បីការរស់រានមានជីវិត​របស់​ប្រជាជនកម្ពុជា។​ (ប្រវត្តិទាក់ទងនឹងការតស៊ូរំដោះជាតិ​មា​ន​​ឯក​សារ​​ច្រើន​ហើយ មិនមាន​ការចាំបាច់ដើម្បីខ្ញុំសរសេរនៅក្នុងអត្ថបទទាក់ទង​នឹងការជួប​ជុំ​គ្នាឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំ​នោះទេ)។ តាំងពីបែកគ្នានាថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ រ​ហូ​​តដល់ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំមិនដែលទទួលពត៌មានអំពីភរិយាខ្ញុំទេ ហើយ​ប្រ​សិ​ន​បើ​បានទទួលវិញគឺសុទ្ធ​តែ​បញ្ជាក់ថា ភរិយាខ្ញុំបានស្លាប់បាត់ទៅហើយ។ តាំងពីថ្ងៃបែកគ្នាមក​ខ្ញុំ​មិនដែលទទួលព័ត៌​មាន​ថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថាភរិយាខ្ញុំស្លាប់​បាត់ទៅ​ហើ​យ​ នោះគឺក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រយៈពេលជាង១ខែ ខ្ញុំមិនអាចស្វែងរកឃើញ ​ឬ​មា​ន​​ព័ត៌មានពីប្រពន្ធ ឬឪពុក​មា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។ សម្ដេ​ចតេជោ​ប​ន្ត​ទៀតថា​  មានរឿង​មួយ​ដែលខ្ញុំគួររម្លឹកនោះគឺ នៅប្រហែលពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំយ​ល់​​សប្តិឃើញ​ រ៉ា​នី​ ភរិយាខ្ញុំនៅម្ខាងព្រែកដែលមានទឹកជ្រៅមិនអាចដើរមករកគ្នាបាន ខ្ញុំកំពុង​តែ​​ទៅរកទូក​ដើ​ម្បី​​អុំទៅយក​ រ៉ានី​ ស្រាប់តែនាឡិកា​ រោទ៍ឡើងនៅម៉ោង៥ភ្លឺ ធ្វើឱ្យខ្ញុំភ្ញាក់ពី​​ដេកដាច់​យល់​ស​ប្តិ​អស់។ ខ្ញុំភ្ញាក់ឡើង ខ្ញុំអង្គុយយំ ហើយក៏មិនអាចរកការពន្យល់ពីការយល់​ស​ប្តិនេះថា រ៉ានី​នៅ​រស់ ឬស្លាប់។ ការសប្បាយរីករាយសម្រាប់ការរំដោះប្រជាជនចេញពីរបប ប៉ុ​​ល ពត មិន​ទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។ ប្រសិនបើប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់​នៅ​ទី​ណា​ ស្លាប់ដោយជម្ងឺឬស្លាប់ដោយគេសម្លាប់ ហើយតើកូនរបស់ខ្ញុំគេកើតមុន​ពេលភរិ​យា​ខ្ញុំ​ស្លា​ប់ ឬស្លាប់ទាំងមានផ្ទៃពោះ។ ប្រសិនកូនខ្ញុំកើតហើយតើគេប្រុស ឬស្រី​ តើគេនៅរស់ ឬ​ស្លាប់​ប្រសិនបើកូនខ្ញុំនៅរស់តើគេនៅទីណា។ សំណួរជាច្រើនបានធ្វើឱ្យខ្ញុំហូរទឹកភ្នែកដោ​យ​​​ការ​ឈឺ​ចាប់។ ល្ងាចថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស នៅ​​មាត់ទន្លេ ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា ប្រពន្ធនិងកូន​ព្រម​ទាំងប្អូន​ស្រីខ្ញុំមកដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះ ព្រោះករណីបែបនេះ​មាន២​លើ​ក​​រួចមក​ហើយ។ លើកទី១ មានស្ត្រីអាយុប្រហែលម្តាយខ្ញុំបានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា គាត់​ជា​ប្រពន្ធ​តារដ្ឋមន្ត្រីការបរទេស។ គាត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់មកជួបគាត់។ តាមពិតគាត់ច្រឡំ ព្រោះ​ប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី២ នៅក្រសួងការបរទេស ស្ត្រីម្នាក់ទៀតក៏​ទៅរកប្តី​គាត់​ដែរ។ ខ្ញុំមកជួបគាត់ គាត់ហៅខ្ញុំថាក្មួយ ហើយសុំចូលទៅជួបរដ្ឋមន្ត្រី។ ពេលនោះ​ខ្ញុំ​​ប្រា​​ប់គាត់ថាខ្ញុំហ្នឹងហើយជារដ្ឋមន្ត្រី គាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡាទាល់តែខ្ញុំបើក​​ឡា​ន​ចេ​ញពីក្រសួង មិនដឹងថាគាត់ទៅណាទៀតទេ។ ដោយសារមានរឿងមិនពិតរួមផ្សំថាមាន​ទាំ​ង​កូ​ន និងប្អូនទៀតខ្ញុំអត់ជឿតែម្តង។ តែយ៉ាងណា នៅម៉ោងប្រមាណ ៥ល្ងាច ហើយ ខ្ញុំក៏​មក​ផ្ទះ​។ ជារឿងរំភើបណាស់ ចុះពីលើឡានភ្លាមខ្ញុំក្រឡេកឃើញ​ រ៉ានី​ ប្រពន្ធខ្ញុំមុនគេ បន្ទា​ប់​ទៅ​ឃើ​ញ​ប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ ប្រពន្ធខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង ខ្ញុំ​ខំទៅស្រវាពរកូន តែកូននេះបែជាគេចចេញទៅឱបម្តាយហើយស្រែកយំ។ តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន មករើសគួរស្រូវនៅស្រុកត្បូងឃ្មុំ ព្រោះសភាពការណ៍​ពេល​នោះ​ច្របូកច្របល់ពេក មិនទាន់ហ៊ានចេញមុខនៅឡើយ។ ភរិយាខ្ញុំបានទទួលដំណឹងថាខ្ញុំនៅ​រស់​​ជារៀងរហូតមក​ តែដើម្បីសេចក្តីសុខ​ នាងសុខចិត្តលាក់ខ្លួនទ្រាំទ្រជាមួយការលំបាក​មួយ​រយៈទៀត។​ ការជួបជុំឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំបានបញ្ចប់ស្ថានភាពពោះម៉ាយនិងមេម៉ាយ​ ដែ​លរូបខ្ញុំមានឈ្មោះជាបុរសពោះម៉ាយ ឯ​ រ៉ានីមានឈ្មោះថាជាមេម៉ាយកូន១​។ ម៉ាណែត កូ​ន​ប្រុ​សខ្ញុំហៅខ្ញុំថាពូរយៈពេល២ខែ​ដោយសារតែគេមិនដែលមានឪពុកសម្រាប់ហៅ។​ នៅពេល ម៉ាណែត ព្រមហៅខ្ញុំថាពុកបានប៉ុន្មានថ្ងៃ ខ្ញុំនិងភរិយាមានរឿងអកុសលកើតឡើងម្តងទៀត គឺ​ភរិ​យាខ្ញុំរលូតកូន។ នេះជាកំហុសរបស់ខ្ញុំដែលមិនបានរែកទឹកដាក់ពាង។ នៅភ្នំពេញពេល​នោះ​​ពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។ យើងត្រូវរកធុងទៅអូសទឹកនៅទន្លេមេគង្គ ហើយ​យក​មក​​រក្សាទុកនៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។ ខ្ញុំ​តែងធ្វើកិច្ចការនេះជាប្រចាំ តែថ្ងៃមួយប្រញាប់ទៅធ្វើការមិនបានដងទឹកដាក់ពាង ប្រពន្ធខ្ញុំទៅ​ខំ​យួរ​ទឹកមកចាក់បំពេញពាង ទើបធ្វើឱ្យកូនជិត២ខែនេះរលូត។ សោកដនាដកម្មគ្រួសារ​ខ្ញុំ​គ្រា​ន់​​​តែជាផ្នែកតូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស ដែលក្រុមគ្រួសារភាគច្រើន​លំ​បា​ក​វេទនានិនាសព្រាត់ប្រាស់លើសគ្រួសារខ្ញុំច្រើនដងទៅទៀត។ ​សូមកុំឱ្យ​រឿងឈឺចាប់កើត​ឡើ​ង​លើទឹកដីកម្ពុជាតទៅទៀត៕

ដោយ ជឹម ណារី