ឯកឧត្ដម អូស្មាន ហាស្សាន់ អញ្ជើញរដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ាឡេស៊ី ជាមួយក្រុមហ៊ុនរដ្ឋធំៗ​មកបំពេញទស្សនកិច្ច និងឈ្វេងយល់ពីឱកាសវិនិយោគនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទស្សន កិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី និងបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារជាមួយ ឯកឧត្ដម Dato Sri Azmin Ali រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច ម៉ាឡេស៊ី ដែល​គ្រប់គ្រងក្រុមហ៊ុនរដ្ឋធំៗទាំងអស់ រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍​ ហាឡាល់ម៉ាឡេស៊ី​(HDC)ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានអញ្ជើញរដ្ឋមន្រ្តីសេដ្ឋកិច្ច ម៉ាឡេស៊ី មកបំពេញទស្សនកិច្ចមកកម្ពុជា និងបានស្នើសុំឱ្យមានវត្តមាន នៃបណ្ដាក្រុមហ៊ុន​ធំៗ​មករកស៊ីបណ្តាក់ទុននៅកម្ពុជាថែមទៀត ដែលមានច្រើនវិស័យ ក្នុងនោះក៏មានក្រុមហ៊ុន Petronas រុករកប្រេង ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធ​អ៊ិនធឺណែត ក្រុមហ៊ុនអភិវឌ្ឍន៍លើឧស្សាហកម្មហាឡាល់។ ក្នុងជំនួបនេះធ្វើឡើង កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តីបានជម្រាបជូនរដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ាឡេស៊ី ពីសក្កា​នុពល ការអភិវឌ្ឍ ឱកាសវិនិយោគ កំណើនសេដ្ឋកិច្ច ដោយឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ាឡេស៊ី បានសន្យាថា​នឹងជំរុញឱ្យបណ្តា​ក្រុម​ហ៊ុនមកធ្វើការសិក្សា ពិនិត្យលើការវិនិយោគ អ្វីដែលក្រុម ហ៊ុនម៉ាឡេស៊ីអាចធ្វើបាន។ ចំពោះការអភិវឌ្ឍវិស័យហាឡាល់ ឯកឧត្ដមនឹងជំរុញឱ្យក្រុមហ៊ុន HDC ចូលរួមជួយសហការ​លើការងារវិស័យហាឡាល់កម្ពុជា ព្រោះថា ការងារនេះមិនត្រឹមតែជាការផលិតម្ហូបអាហារ និង សម្ភារប្រើប្រាស់ហាឡាល់នោះទេ តែគឺជាការងារជំរុញដល់កំណើនសេដ្ឋកិច្ចជាតិដ៏ធំ ដែល​ទីផ្សារ​ហាឡាល់នៅលើពិភពលោក បច្ចុប្បន្នមានទំហំទឹកប្រាក់រហូតដល់ទៅជាង៣.៣ ទ្រីលាន​ដុល្លារអាម៉េរិក៕

ដោយ សួស សំរិត