អាជ្ញាធរម៉ាឡេស៊ីប្រកាសថា ស្ត្រីអាម៉េរិកវ័យ៨៣ឆ្នាំ ដែលធ្វើដំណើរតាមនាវា Westerdam ពុំមានផ្ទុកវីរុស Covid-19នោះឡើយ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — អាជ្ញាធរម៉ាឡេស៊ីបានប្រកាសថា នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២០នេះថា ស្ត្រីអាម៉េរិកវ័យ៨៣ឆ្នាំ ដែលធ្វើដំណើរតាមនាវា Westerdam ពុំមានផ្ទុកវីរុស Covid-19 នោះឡើយ បន្ទាប់ពីការប្រកាសមិនច្បាស់លាស់របស់អាជ្ញាធរម៉ាឡេស៊ីអំពីលទ្ធផលវិជ្ជមានវីរុស Covid-19 លើស្ត្រីរូបនោះកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងខណៈដែលស្ត្រីរូបនេះ និងស្វាម៉ី បានហោះហើរក្នុងជើងយន្តហោះពិសេសមួយទៅកាន់ទីក្រុងកូឡាឡាំពួរដែលមានផ្ទុកអ្នកដំណើរចំនួន ១៤៥នាក់នោះ។

យោងតាមការផ្សាយរបស់កាសែត THE STRAITS TIMES នៅថ្ងៃសុក្រទី២១ ខែកុម្ភៈឆ្នាំ២០២០នេះ បាសរសេរថា «ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយាយថា «ស្ត្រីវ័យចំណាស់អាយុ ៨៣ឆ្នាំ ដែលបច្ចុប្បន្នកំពុងបានព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh  ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់រកវីរុសCovid-19 ជាមួយនឹងការបង្ហាញលទ្ធផលថា ស្ត្រីរូបនោះមិនមានវីរុស Covid-19 នេះទេ។ ប្រការនេះសបញ្ជាក់ឲ្យឃើញថា ភាពមិនប្រក្រតីនៃលទ្ធផល ដែលបានប្រកាសជាបន្តបន្ទាប់ ដោយអាជ្ញាធរម៉ាឡេស៊ី ធ្វើឲ្យមានការភ័យខ្លាច និងភ័ន្តច្រឡំ សម្រាប់អ្នកដំណើរតាមនាវា MS Westerdam ទាំងអស់ ហើយក៏បានបង្កឲ្យមានការរើសអើង ធ្វើឲ្យអ្នកដំណើរដែលមិនមានផ្ទុកនូវវីរុស COVID-19នោះ មានការខកខានជាច្រើនថ្ងៃ ក្នុងការបន្តជើងហោះវិលត្រឡប់ ទៅកាន់ប្រទេសរបស់ពួកគេវិញ។

ម៉្យាងវិញទៀត ហេតុការណ៍នេះ ក៏បានធ្វើឲ្យមានការប៉ះពាល់ ទៅលើការកើនឡើងនៃការចំណាយមិនចាំបាច់ ក៏ដូចជាមានការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងរបស់ប្រទេសក៏ជាការបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន បានចូលទៅ Comment នៅលើ Facebook របស់នារីម្នាក់ឈ្មោះ «Khek Khemrath»នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ដោយសរសេរថា៖ «ហេតុតែពូស្រែកម្តងហើយម្តងទៀត ក៏ព្រោះតែចង់ឱ្យភាពយុត្តិធម៌ សម្រាប់កម្ពុជាយើងផង សម្រាប់មនុស្សជាង២០០០នាក់ នៅលើនាវាផងពិសេស យុត្តិធម៌សម្រាប់ស្ត្រីជនជាតិអាមេរិក ដែលគេចាត់ទុកថាឆ្លងជំងឺ COVID-19។ ទម្រាំបានយុត្តិធម៌វិបត្តិមនុស្សធម៌ បានកើតឡើងអស់មួយសប្តាហ៍។ បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញពូនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារការធ្វើការខ្ជីខ្ជាខ្វះ ការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍ ៤១ប្រទេស។ ប្រទេសយើងក្រតែយើងមានការទទួលខុសត្រូវលើកិច្ចការមនុស្សធម៌នេះ»។

កន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះការប្រកាសរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលថាខ្លួនរកឃើញករណីជំងឺ Covid-19 (កូរ៉ូណាថ្មី) នៅលើខ្លួនស្ត្រីជនជាតិអាម៉េរិកាំងរូបនេះ ហើយថែមទាំងទាមទារឱ្យម៉ាឡេស៊ី ពិនិត្យឱ្យបានច្បាស់លាស់ឡើងវិញ ដោយសារតែកម្ពុជា បានសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ពិនិត្យសុខភាពអ្នកដំណើរទាំងអស់នៅលើកប៉ាល់ Westerdam មុននឹងអនុញ្ញាតឱ្យចុះចេញពីនាវា ហើយហោះចេញពីកម្ពុជា ឃើញថា មិនមាននរណាម្នាក់ មានវីរុស Covid-19 (កូរ៉ូណាថ្មី)នោះទេ។

គួរកត់សម្គាល់ថា ការប្រកាសលទ្ធផលថ្មី «អវិជ្ជមាន» លើខ្លួនស្រ្តីជនជាតិអាម៉រិកាំង វ័យ៨៣ឆ្នាំ ក្នុងរយៈពេលត្រឹមតែ៥ថ្ងៃនេះ បានធ្វើឱ្យសាធារណជននៅលើពិភពលោក មិនជឿ និងមិនអស់ចិត្ត ដែលម៉ាឡេស៊ីកន្លងមកបានប្រកាសថា រកឃើញករណីកូរ៉ូណាថ្មី នៅលើខ្លួនអ្នកដំណើរ Westerdam កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនោះ។ សាធារណជនបានលើកឡើងថា ករណីនេះអាចជារឿងនយោបាយ មិនមែនជារឿងបច្ចេកទេសទេ។

ការប្រកាសរបស់ម៉ាឡេស៊ីអំពីការរកឃើញជំងឺកូរ៉ូណាថ្មី លើអ្នកដំណើរ Westerdam នេះមិនត្រឹមតែរារាំងដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរតាមនាវា Westerdam ទាំងនោះទេ ថែមទាំងធ្វើឱ្យពិភពលោកមើលស្រាលចំពោះគុណភាពសុខាភិបាលកម្ពុជា ដែលការពិនិត្យនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ អង្គការសុខភាពពិភពលោក (WHO) រួមនឹងសហរដ្ឋអាម៉េរិក ហើយក៏បានបំបាក់មុខ និងបំផ្លាញដល់ទឹកចិត្តមនុស្សធម៌ ដែលកម្ពុជាបានផ្តល់ជូនអ្នកដំណើរជាង២២០០នាក់នៅលើនាវា ខណៈដែលប្រទេសចំនួន៤ និងកោះចំនួន២ បានបដិសេធមិនឱ្យចូលចតជាដើម។

គួរបញ្ជាក់ដែរថា នាវាទេសចរណ៍របស់អាម៉េរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាម៉េរិក និងអឺរ៉ុប បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ជឹម ណារី