រដ្ឋម​ន្រ្ដីក្រសួងសាធារណការ៖ សមិទ្ធផលបន្ថែមរបស់រដ្ឋាភិបាល គឺស្ថាបនាផ្លូវជាតិលេខ១០ ប្រវែង១៩៧គីឡូម៉ែត្រ ដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ មីនាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — បើគ្មានអ្វីប្រែប្រួលនោះទេ ផ្លូវជាតិលេខ១០ ដែលមានប្រវែង១៩៧គីឡូម៉ែត្រ នឹងត្រូវបើកការ​ដ្ឋានសាងសង់ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ដោយមានការ​អញ្ជើញចូលរួមជា​អធិបតី​ភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា។ គម្រោងផ្លូវមួយខ្សែនេះ គឺទទួលបានប្រាក់កម្ចីពីរដ្ឋាភិបាលចិនប្រមាណ ១៨៣លានដុល្លារអាម៉េរិកសម្រាប់ការសាងសង់។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងសន្និសីទ​សារព័ត៌មាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ​មាន​សារៈសំខាន់ណាស់ ហើយផ្លូវនេះសាងសង់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ឆ្លងកាត់តំបន់អូរសោម ចាក់ទៅខេត្តកោះកុងតែម្តង។ ឯកឧត្តមទេស​រដ្ឋមន្រ្តីបានបន្តថា នៅពេលដែលផ្លូវជាតិលេខ១០នេះ សាងសង់រួចរាល់ហើយ​ ការដឹកជញ្ជូន ទំនិញ កសិផលរបស់ខ្មែរដែលចង់ដឹកទៅបរទេស មិនបាច់ទៅតាមកំពង់ផែឡាំចម្បាំងរបស់​ប្រទេសថៃទៀតទេ ដោយយើងអាចដឹកផ្ទាល់ត្រង់ពីខេត្ដបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ចុះទៅកំពង់ផែកោះកុង។

សូមជម្រាបថា នៅពេលដែលផ្លូវជាតិលេខ១០នេះ សាងសង់រួចរាល់ អ្នករស់នៅខេត្ដ​បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្ដប៉ៃលិន នឹងមិនចាំបាច់ធ្វើដំណើរកាត់​តាម​រាជធានី​ភ្នំពេញទៅកាន់ខេត្តព្រះសីហនុ នោះទេ។ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវថ្មី​មួយ​ខ្សែនេះ ចេញទៅខេត្តកោះកុង រួចហើយចេញទៅខេត្តព្រះសីហនុតែម្តង ដោយចំណេញ​ចម្ងាយ​ផ្លូវលើសពី១០០ គីឡូម៉ែត។

គួរបញ្ជាក់ថា ក្រៅពីផ្លូវជាតិលេខ១០ ដែលគ្រោងនឹងបើកការដ្ឋាននេះ បណ្ដាផ្លូវជាតិ មួយចំនួននៅភាគខាងលិច និងពាយ័ព្យនៃប្រទេស ឬអាចនិយាយថាបណ្ដាផ្លូវកៀក​នឹងព្រំ​ដែនកម្ពុជា-ថៃ កំពុងត្រូវបានការយកចិត្តទុកដាក់លើកកម្ពស់ផ្លូវពីរាជរដ្ឋាភិបាលផងដែរ៕

ដោយ ចាន់ សុធីវង្ស