គ្រូបឹងកេត និងវិសាខាបង្ហាញចំណាប់អារម្មណ៍មុនប្រជែងជាមួយគ្នានៅល្ងាចថ្ងៃស្អែក

AKP ភ្នំពេញថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — គ្រូបង្គោលក្លឹបបាល់ទាត់បឹងកេត និងគ្រូក្លឹបវិសាខា បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នា នៅ​ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ២០២០ មុនការប្រកួតជាមួយគ្នា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ នៅកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ រាជធានីភ្នំពេញ នៃវគ្គ​សន្សំពិន្ទុ សប្តាហ៍ទី២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០។

លោក Apisit Im Amphai គ្រូបង្គោលក្លឹបបឹងកេតនិយាយថា ក្រុមវិសខាជាក្រុមមួយ​ដែលល្អ ដែលសម្បូរទៅដោយកីឡាករជម្រើសជាតិច្រើន ប៉ុន្តែទោះយ៉ាងនេះក្តីក៏លោក​បង្ហាញ​នូវក្តីរំពឹងថាកូនក្រុមរបស់លោកនឹងធ្វើបានល្អ ពីព្រោះយើងលេងក្នុងដី និងដើម្បីធ្វើឱ្យ​ប្រិយ​មិត្តអ្នកគាំទ្រ របស់ខ្លួនបានពេញចិត្ត។

ចំណែកឯគ្រូបង្គោលវិសាខា លោក Curtis Colum Gerard និយាយដែរថា កាលពី​សប្តាហ៍​​មុន លោកបានមកមើលការប្រកួតរបស់ក្រុមបឹងកេតដែរ ដោយក្រុមនេះរៀបចំខ្លួន​បានល្អ ហើយលោកចាប់អារម្មណ៍ថា ក្រុមណាក៏ដោយក៏សុទ្ធតែជាក្រុមខ្លាំងៗ។

ក្រៅពីគូជក់ចិត្ត១ប្រកួតនេះ ក៏មាន៥ប្រកួតផ្សេងទៀតដែរ សម្រាប់ការប្រកួតសន្សំពិន្ទុ សប្តាហ៍ទី២នេះ ដោយថ្ងៃសៅរ៍ទី២២ ខែកុម្ភៈ ស្អែកនេះ គឺណាហ្គាវើលប៉ះជាមួយ​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ ខណៈគិរីវង់សុខសែនជ័យ ប៉ះជាមួយក្រុមការពារម្ចាស់ជើងឯករដូវកាល ២០១៩ ព្រះខ័នរាជស្វាយរៀង ដោយ១ប្រកួតនេះម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ​ប្រកាសចែក​ជូនសំបុត្រឥតគិតថ្លៃសម្រាប់ចូលរួមទស្សនាចំនួន៨០០សំបុត្រ។

សម្រាប់៣ប្រកួតនាថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖ ក្រុមកងយោធ​ពល​ខេមរភូមិន្ទ នឹងជួបជាមួយអាស៊ីអឺរ៉ុបយូណាយធីត ស្របពេលដែលយុវជនបាទីជួប​ជាមួយ​ភ្នំពេញក្រោន ហើយសូលទីឡូអង្គរនឹងត្រូវជួបជាមួយអង្គរថាយហ្គឺរ៕

ដោយ ហេង ណាលីន