ចាប់ពីឆ្នាំ២០២០តទៅ សិស្ស​-និស្សិតនគរបាល​ នៃបណ្ឌិត្យសភានគរបាលកម្ពុជា​​ ​ ត្រូវបានផ្លាស់ប្តូរ​ឯកសណ្ឋានថ្មី​

AKP កណ្ដាល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០តទៅ សិស្ស​-និស្សិត​នគរបាល​ នៃបណ្ឌិត្យសភានគរបាលកម្ពុជា​​ ​ ត្រូវបានផ្លាស់ប្តូរ​ឯកសណ្ឋានថ្មី​ ដើម្បី​ផ្ដល់​ភាព​​ងាយ​ស្រួលក្នុងការកំណត់អត្តសញ្ញាណ​ ការពង្រឹងវិន័យអ្នកសិក្សា​ និងងាយស្រួល​ដល់​​ការ​គ្រប់​គ្រងរបស់គ្រូនគរបាល​។

ថ្លែងក្នុងពិធីផ្សព្វផ្សាយអំពីការប្រើប្រាស់ឯកសណ្ឋានថ្មី​ សម្រាប់និស្សិតនាយនគរបាល​ និងសិស្សនគរបាល​ កាលពីព្រឹកថ្ងៃទី​២១​ ខែកុម្ភៈ​ ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាល​កម្ពុជា​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សេង​ ផល្លី​ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា​បាន​មានប្រសាសន៍ថា​ ការផ្លាស់ប្តូរនៅឯកសណ្ឋាននេះ​ ត្រូវបានធ្វើឡើងក្នុងគោលបំណង​ ដើម្បី​កំណត់អត្តសញ្ញាណ​ និងពង្រឹងវិន័យអ្នកសិក្សា ព្រមទាំងផ្ដល់នូវភាពងាយស្រួលក្នុងការ​គ្រប់គ្រង​។ ឯកឧត្តម​ នាយឧត្តមសេនីយ៍បានបន្ដថា ការផ្លាស់ប្ដូរឯកសណ្ឋាននេះក៏ ដើម្បី​លើក​កម្ពស់កិត្យានុភាព​ ឧត្ដមភាពរបស់បណ្ឌិតសភានគរបាល​ និងអាចប្រៀបធៀបបាន​ជាមួយស្ថាប័នបណ្ដុះបណ្ដាលកងកម្លាំងនគរបាលនៃប្រទេសនានាក្នុងក្របខណ្ឌអាស៊ាន​ និង​តំបន់​ ដែលស្ថាប័នទាំងនោះ​ បាននឹងកំពុងអនុវត្តន៍របៀបនេះដែរ​។ ជាមួយគ្នានេះ ឯកឧត្តម​ នាយឧត្តមសេនីយ៍បានបន្ថែមថា ការកំណត់ឯកសណ្ឋាននេះគឺដើម្បី​ឱ្យស្របនឹងទិដ្ឋភាព​ច្បាប់​ និងមានការឯកភាពគ្នាក្នុងការប្រើប្រាស់ឯកសណ្ឋាន សម្រាប់​និស្សិត​​នាយនគរបាល​បន្តវេន​ និងសិស្សនគរបាលចាប់ពីឆ្នាំ២០២០នេះតទៅ​ ។

សូមបញ្ជាក់ថា​ ចំពោះឯកសណ្ឋានថ្មីនេះ​ គឺមានការស្រដៀង និងឯសណ្ឋាននគរបាល​ជាតិដែរ​ តែខុសប្លែកនៅលើពណ៌មួក​ សញ្ញាលើស្មា​ និងស្លាកសញ្ញានានា​។ សម្រាប់មួក​ និង​សញ្ញា​លើស្មា​គឺមានអត្តន័យដូចជា ពណ៌ក្រហម​ សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ឆ្នាំទី២ ពណ៌​​​​ត្នោត​ សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី១ ពណ៌ខៀវ​ សម្គាល់និស្សិត​ថ្នាក់​​បរិញ្ញាបត្រ​ឆ្នាំទី៤ ពណ៌ស្វាយ​ សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ពណ៌បៃតង​ សម្គាល់​និស្សិត​​ថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ពណ៌ទឹកក្រូច​ សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី១ និងពណ៌​លឿង​ សម្គាល់សិស្សនគរបាលជាតិ​៕

ដោយ ឡុង ស៊ីវ៉ាន់