រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីស្នើដល់អ្នកសិក្សាគម្រោងប្លង់ទាំងអស់ ឱ្យផ្សារភ្ជាប់ជាមួយនឹង​អត្តសញ្ញាណជាតិខ្មែរក្នុងគម្រោងប្លង់សាងសង់នីមួយៗ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានស្នើដល់អ្នក​សិក្សាគម្រោង​ប្លង់ឱ្យផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណជាតិខ្មែរក្នុងគម្រោងប្លង់សាងសង់នីមួយៗ បើទោះ​តិច ឬច្រើនក្តីដើម្បីរួមចំណែកថែរក្សាលើកកម្ពស់អត្តសញ្ញាណជាតិខ្មែរ​ឱ្យកាន់តែល្អ​ផូរផង់​សម្រាប់សង្គមជាតិបន្តដល់ជំនាន់ក្រោយៗទៀត។

ថ្លែងក្នុងពិធីបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូនវិស្វករនិងស្ថាបត្យករជាលើកទី៣ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ជំរុញដល់​ស្ថាបត្យករ ​និង វិស្វករទាំងអស់ត្រូវខិតខំអនុវត្តន៍ច្បាប់សំណង់ឱ្យស្របតាមវិជ្ជាជីវៈ និងក្រមសីលធម៌របស់ គណៈវិស្វករ និងគណៈស្ថាបត្យករឱ្យបានសុក្រឹត្យ ពីព្រោះ នាពេលអនាគតនឹងមានការអនុវត្ត ដ៏តឹងរ៉ឹងដែលជាទិសដៅក្នុងការផ្សព្វផ្សាយច្បាប់សំណង់នេះគឺនឹងមានការផ្សព្វផ្សាយទៅដល់បណ្តាក្រុមហ៊ុនប្រកបអាជីវកម្មលើវិស័យសំណង់ទាំងជាតិនិងអន្តរជាតិ។ ឯកឧត្ដមឧបនាយក រដ្ឋមន្រ្ដីបានលើកឡើងថា ច្បាប់សំណង់នេះមានគោលបំណងដើម្បីធានាសុវត្ថិភាពក្នុងវិស័យ សំណង់ សំណង់ត្រូវតែមានភាពរឹងមាំ ការពារ ផលប្រយោជន៍របស់ម្ចាស់សំណង់​និងការពារ ផលប្រយោជន៍សាធារណៈដែលចាត់ទុកថានេះជាចំណុចដ៏សំខាន់សម្រាប់ការសាងសង់ទាំងអស់ និងចង់ឱ្យសំណង់នេះមានសោភ័ណភាពចូលរួមចំណែកក្នុងការអភិវឌ្ឍទីក្រុង ទីប្រជុំជន ប្រកបដោយសុវត្ថិភាព។ ចំណុចនេះ មានន័យថា រាល់សំណង់ទាំងអស់ត្រូវតែ​គោរពទៅតាម​ប្លង់គោល និងផែនការប្រើប្រាស់ដីធ្លី ឬផែនការនគរូបនីយកម្មនៅតាមឃុំ សង្កាត់ដោយមិនឱ្យ​សំណង់​សង់​លើដីសាធារណៈ ឬអូរ បឹង ឬទីតាំងសាធារណៈមួយចំនួនដែលទៅ​អនាគតនាំ​ឱ្យ​ខាតបង់ថវិកាជាតិ ឬពេលវេលាសម្រាប់ដោះស្រាយផលប៉ះពាល់នោះឡើយ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុងចំណុចនេះក្រសួងរៀបចំដែនដីនគរូប នីយកម្មនិងសំណង់បានរៀបចំប្លង់រដ្ឋបាលនៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេសដើម្បី ដកហេដ្ឋារចនាសម្ព័ន្ធចេញឱ្យអស់។ ចំពោះប្លង់ដែលបានរៀបចំហើយនេះគឺត្រូវមានការ​ទទួលស្គាល់និងចុះហត្ថលេខាពីអាជ្ញាធរថ្នាក់ក្រោមជាតិ ហើយបញ្ជូនមកក្រសួងរៀបចំ​ដែនដី​នគរូបនីយកម្មនិងសំណង់ ដើម្បីឱ្យការសាងសង់នោះមានភាពជាក់លាក់ ​ហើយម្ចាស់សំណង់ មានការនឹងនរចិត្ត និងមិនត្រូវបានរំខានដល់ការអភិវឌ្ឍផ្សេងៗទៀត។ ឯកឧត្ដមឧបនាយករដ្ឋ​មន្រ្ដី​បានបន្ដថា រាល់សំណង់ទាំងអស់ ត្រូវសង់​មិនឱ្យប៉ះពាល់ដល់កន្លែងដែលបានដកចេញ​ដូចជាទីរមណីយដ្ឋាន ឬមូលដ្ឋានផ្សេងៗ​ទៀត​ដែលចាត់ទុកថាជាទីកន្លែងវប្បធម៌ ឬសំណង់​វប្បធម៌នោះទេ​ដែលទាំងអស់នេះគឺដើម្បីធានា​ឱ្យការអភិវឌ្ឍសំណង់មានចីរភាព និងធានា​ដល់​ភាព​សុខដុមនៅក្នុងសង្គម។

ជាមួយគ្នានេះដែរ ច្បាប់សំណង់នេះក៏មានគោលដៅក្នុងការរួមចំណែកលើកកម្ពស់ ជំនឿជឿជាក់ដល់វិនិយោគិនក្នុងវិស័យអចលនទ្រព្យដែលមានន័យថាយើងអាចលក់អចលនទ្រព្យដែលយើងបានសាងសង់ហើយ និងផ្ទេរកម្មសិទ្ធដីធ្លី អចលនទ្រព្យផ្សេងៗដែលធ្វើឱ្យ ប្រជាពលរដ្ឋ​មានភាព​នឹងនរក្នុងការផ្ទេរកម្មសិទ្ធិអចលនទ្រព្យរបស់ខ្លួនដោយស្របច្បាប់គ្មាន ការព្រួយបារម្ភ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានចាត់ទុកការរួមចំណែកក្នុងការគាំទ្រនេះក៏ជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរួមចំណែកក្នុងការរកចំណូលបំពេញបន្ថែមសម្រាប់​ថវិកាជាតិក៏ដូចជាចំណូល បំពេញបន្ថែមសំរាប់ប្រជាពលរដ្ឋដែលនេះជាទុនរបស់ពួកគាត់​ដែល​រាជរដ្ឋាភិបាលកម្ពុជា បាន​ផ្តល់ជូនប្រជាពលរដ្ឋ។ ឯកឧត្ដមបានបន្ថែមថា ដើមទុននេះ គឺពួកគាត់បានគ្រប់គ្រងតាំងពីក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ននេះឱ្យ​ក្លាយ​ជាអចលនទ្រព្យស្របច្បាប់ ដែលអាចផ្ទេរកម្ម សិទ្ធិអចលនទ្រព្យនេះទៅឱ្យអ្នកដទៃ ឬផ្ទេរទៅ​ឱ្យសមាជិកក្នុងគ្រួសារ ឬសាច់ញាតិបាន។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីបានឱ្យដឹងទៀតថា ការផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូន​វិស្វករ​ និងស្ថាបត្យករជាលើកទី៣នាពេលនេះគឺក្នុងគោលបំណង ដើម្បីប្រមូលនូវធន​ធាន​មនុស្ស ដែលចាត់ទុកថាជាសក្តានុពលសំរាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលធនធាន​មនុស្ស នេះគឺបាននឹងកំពុងបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែក​ដល់កិច្ចអភិវឌ្ឍន៍​ជាតិ។ ម្យ៉ាងទៀត ក៏ចង់ប្រមូលបាននូវវិស្វករស្ថាបត្យករដែលជាអ្នកសិក្សា គំរោងប្លង់និងអ្នក​ប្រចាំការនៅតាមបណ្តាការដ្ឋានដើម្បីធ្វើជាឆ្អឹងខ្នងបង្អែកសម្រាប់សង្គមជាតិ។ ក្រសួងរៀបចំ​ដែន​ដីក៏ចង់បង្កើតទំនាក់ទំនងឱ្យកាន់តែទូលំលាយបន្ថែមទៀតជាមួយនឹងវិស្វករ និងស្ថាបត្យ ករដទៃទៀតទាំងក្នុងនិងក្រៅប្រទេសនិងជាមួយបណ្តាក្រុមហ៊ុនដើម្បីឱ្យអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់សិក្សាគម្រោងប្លង់នេះ មានការងារធ្វើ ពីព្រោះពេលខ្លះពួកគាត់​មានចំណេះដឹង​វិជ្ជាជីវៈហើយ ប៉ុន្តែមិនដឹងថាត្រូវទៅទំនាក់ទំនងនៅទីណាដោយនៅក្នុងសមត្ថកិច្ចដែល ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ឃើញថាប្រសិនបើមានការប្រមូលផ្តុំគ្នាហើយដាក់ទៅជាលក្ខខណ្ឌនោះនឹងអាចរកការងារឱ្យធនធានមនុស្សដែលយើងកំពុងមានស្រាប់បាននិងអាចដណ្តើមទីផ្សារបាន។

សូមបញ្ជាក់ថា ក្រោយពេលបញ្ចប់វគ្គផ្សព្វផ្សាយនេះ អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យ​សំណង់​ទាំងអស់ដែលបានចូលរួមនឹងទទួលបានការបញ្ជាក់អំពីការផ្តល់នូវ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្មសិក្សាគម្រោងប្លង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យគ្រប់​តាម​លក្ខខណ្ឌដែលក្រសួងបានរៀបចំ ជាពិសេសគឺច្បាប់ស្តីពីសំណង់៕

ដោយ អ៊ុន រិទ្ធី