ក្នុងឆ្នាំ២០១៩ រថយន្តក្រុងសាធារណៈ ដឹកជញ្ជូនអ្នកដំណើរបានជាង៨លាននាក់ ខណៈ​កាណូត​ដឹកអ្នកដំណើរដោយមិនយកប្រាក់មានអ្នកជិះជិត២ម៉ឺននាក់

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងមកនេះ រដ្ឋាករស្វយ័ត​ដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានធ្វើសកម្មភាពដឹកជញ្ជូនអ្នកដំណើរបានចំនួនជាង៨លាននាក់ ខណៈកាណូតដឹកអ្នកដំណើរដោយមិនយកប្រាក់មានអ្នកជិះ ចំនួនជិត២ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យដំណើរការជា​លើកដំបូង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានខ្សែរត់ចំនួន០៣ខ្សែ រថយន្តចំនួន​៤៣គ្រឿង។ នៅឆ្នាំ២០១៧ បានបន្ថែមខ្សែរត់ចំនួន០៥ខ្សែ មានរថយន្តចំនួន១៥៥គ្រឿង និង​ឆ្នាំ២០១៨ បន្ថែមខ្សែរត់ចំនួន០៥ខ្សែទៀត សរុបចំនួន១៣ខ្សែ ដោយបានប្រើប្រាស់រថយន្ត​រហូតដល់ចំនួន២៣៥គ្រឿង ក្រោមការជួយឧបត្ថម្ភ គាំទ្រ និងផ្តល់ជំនួយរថយន្តក្រុងទាំងនេះ ពីប្រទេសជប៉ុន និងប្រទេសចិន។ ក្នុងរបាយការណ៍បន្ដថា ក្នុងឆ្នាំ២០១៩កន្លងមក អ្នកជិះ​រថយន្តក្រុងមានចំនួន ៨.២៦៥.១០៧នាក់ ក្នុងនោះ អ្នកជិះបង់ប្រាក់ចំនួន ២.៧៩០.៤៣៣នាក់ និងអ្នកជិះឥតបង់ប្រាក់ចំនួន៥.៤៧៤.៦៧៤នាក់។ ចំណែកកាណូត​ដឹកអ្នកដំណើរវិញ មាន​អ្នក​ជិះចំនួន១៧.៧៥៦នាក់។ បានដឹកជញ្ជូនប្រជាពលរដ្ឋដោយពុំគិតថ្លៃក្នុងភូមិសាស្ត្ររាជ​ធានី​ភ្នំពេញ និងពីរាជធានីភ្នំពេញទៅមកតាមបណ្តាខេត្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរចំនួនសរុប៣៨.៧៥៩នាក់។ ជាមួយគ្នានេះ បានដឹកជញ្ជូនប្រជាពលរដ្ឋ ដោយ​ពុំគិត​ថ្លៃ​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅមកតាម បណ្តាខេត្ត នានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួនសរុប ២៣.៦៣៥ នាក់។ ក្រៅពីនេះ ក៏បានដឹកជញ្ជូន​មន្ត្រីរាជការតាជី យាយជី និងសិស្សានុសិស្សចូលរួមកម្មវិធីសំខាន់ៗសរុបចំនួន ៦.៨៤០នាក់។

របាយការណ៍បន្ដទៀតថា ខ្សែរត់របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញមានចំនួន ១៣ខ្សែ ប្រើប្រាស់រថយន្តក្រុងចំនួន២៣៥គ្រឿង​សម្រាប់បម្រើសេវាសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋរួមមាន ១. ខ្សែទី១A ពីស្ថានីយ​ចំណតរថយន្តក្រុងព្រែកព្នៅ ដល់ចំណតច្បារអំពៅប្រវែង ២៥គីឡូម៉ែត្រ ខ្សែទី១B ពីចំណត​ច្បារអំពៅ ដល់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ (វិលជុំ) ប្រវែង ២៤គីឡូម៉ែត្រ។ ២. ខ្សែទី២ ពីរង្វង់មូលគួចកាណុង ដល់ស្ពានព្រែកសំរោងប្រវែង១៩គីឡូម៉ែត្រ។ ៣. ខ្សែទី៣ ពីចំណត សួនឫស្សីកែវ ដល់បុរីសន្តិភាព២ ប្រវែង ២៤គីឡូម៉ែត្រ ។ ៤. ខ្សែទី៤A ពីចំណតសួនឫស្សីកែវ ដល់បុរីសន្តិភាព២ ប្រវែង ២៩គីឡូម៉ែត្រ។ ខ្សែទី៤B ពីចំណតសួនឫស្សីកែវ ដល់មជ្ឈមណ្ឌល​ពាណិជ្ជកម្មកម្ពុជា–ចិន ប្រវែង ៣១គីឡូម៉ែត្រ។ ខ្សែទី៤C ពីចំណតសួនឫស្សីកែវ ដល់រង្វង់​មូល​ដី​ក្រហម (គួរស្រូវ) ប្រវែង២២គីឡូម៉ែត្រ។ ៥. ខ្សែទី៥A ពីស្ថានីយចំណត​រថយន្តក្រុង​ព្រែកព្នៅ ដល់ផ្សារអ៊ីអន២ (វិលជុំ) ប្រវែង ១២គីឡូម៉ែត្រ។ ខ្សែទី៥B ពីចំណតផ្សារអ៊ីអន១ ដល់ចំណតផ្សារអ៊ីអន២(វិលជុំ)ប្រវែង ១១គីឡូម៉ែត្រ។ ៦. ខ្សែទី៦ ពីរង្វង់មូលគួចកាណុង ដល់ ស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ប្រវែង ២៥គីឡូម៉ែត្រ។ ៧,ខ្សែទី៧ ពីចំណតគីឡូម៉ែត្រ​លេខ៩ ដល់ចំណតបឹងឈូក ប្រវែង ២២ គីឡូម៉ែត្រ។ ៨. ខ្សែទី៨ ពីរង្វង់មូលគួចកាណុង ដល់ចំណតរថយន្តក្រុងផ្លូវ២០០៤ (វិលជុំ) ប្រវែង ១២ គីឡូម៉ែត្រ។ ៩. ខ្សែទី៩ ពីបុរីសន្តិភាព២ ដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញប្រវែង ២៣គីឡូម៉ែត្រ។ ១០. ខ្សែទី១០ ពីចំណតរថយន្ត​ក្រុងផ្លូវ២០០៤ ដល់ចំណតច្បារអំពៅ (វិលជុំ) ប្រវែង ១៣គីឡូម៉ែត្រ។ ១១. ខ្សែទី១១ ពីចំណត​វត្តស្លែង ដល់ច្រមុះជ្រូកស្ទឹងមានជ័យ (វិលជុំ) ប្រវែង ១៤គីឡូម៉ែត្រ។១២. ខ្សែទី១២ ពីចំណត រាជាយស្ម័យយានកម្ពុជា(វិលជុំ) ប្រវែង ១០គីឡូម៉ែត្រ។ ១៣. ខ្សែទី១៣៖ ពីចំណតរាជា យស្ម័យ​យានកម្ពុជា ដល់រង្វង់មូលផ្សារដើមថ្កូវ (វិលជុំ) ប្រវែង ៦គីឡូម៉ែត្រ។

បើតាមការលើកឡើងរបស់លោក អ៊ាន សុឃីម ប្រធានរដ្ឋាករស្វយ័តដឹកជញ្ជូន​សាធារ ណៈរថយន្តក្រុងបានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្នរដ្ឋាករស្វយ័តដឹកជញ្ជូន​សាធារណៈ ក្នុង រាជធានីភ្នំពេញ បានពង្រីកសេវាដឹកជញ្ជូនកើនដល់ចំនួន១៣ខ្សែ ដោយប្រើប្រាស់រថយន្ត ក្រុងសរុបចំនួន២៣៥គ្រឿង មានបុគ្គលិកសរុបចំនួន៧០៥នាក់ ក្នុងរថយន្តមួយគ្រឿងត្រូវ ប្រើប្រាស់បុគ្គលិកបើកបរចំនួន២នាក់ ចែកជាពីរវេនក្នុង១ថ្ងៃ។ លោកបានបន្ដថា ការដាក់​ពង្រាយ​រថយន្ដនេះ គឺនៅតាមបណ្តាផ្លូវសំខាន់ៗ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជា​ពល​រដ្ឋ បានធ្វើដំណើរទៅតាមជម្រើសគោលដៅ ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការ​កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយបំពុលបរិស្ថានរាជធានីភ្នំពេញជាដើម ។

លោកបានបន្ថែមថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានរៀបចំប្រព័ន្ធ​គ្រប់គ្រងរបស់រថយន្តក្រុងនិងប្រព័ន្ធតាមដានទីតាំង រថយន្តក្រុង ដើម្បីងាយស្រួល​ឱ្យប្រជា​ពលរដ្ឋរង់ចាំ និងពេលវេលា នៃការមកដល់របស់រថយន្តក្រុង បានជួយសម្រួលដល់អ្នក ជិៈរថយន្តក្រុងនៅរាជធានីភ្នំពេញ និងប្អូនសិស្សានុសិស្ស ជិះរថយន្តក្រុងមកសិក្សា​ដោយ​ខ្លួនឯង។ ទន្ទឹមនេះ បានរៀបចំបំពាក់ម៉ាស៊ីនទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច ដោយមាន​ការ​ប្រើប្រាស់កាត អ៊ិនអែតស៊ី របស់ធនាគារ ឯកទេស វីង និងឃ្យូអរកូត របស់ធនាគារ អេស៊ីលីដា ទាន់ចិត្តនៅលើរថយន្តក្រុងនិងមានអ៊ីនធឺណែត(wi-fi) នៅលើរថយន្តក្រុងផងដែរ ដើម្បីងាយស្រួលក្នុងការទូទាត់។

លោកបានបន្ថែមទៀតថា រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យ​ដំណើរការសេវារថយន្តក្រុងសាធារណៈ បានចំនួន១៣ខ្សែ ដោយគិតជាមធ្យមក្នុងមួយ​ថ្ងៃ​មាន​ប្រជាពលរដ្ឋធ្វើដំណើរតាមរយៈសេវារថយន្តក្រុង ចន្លោះពីជាង២៨,០០០នាក់ ទៅ៣ម៉ឺន​ នាក់ ៕

ដោយ សួស សំរិត