រដ្ឋមន្រ្ដីក្រសួងសាធារណការអះអាងថា ក្រសួងគ្រោងនឹងបំពាក់ជញ្ជីងថ្លឹងទម្ងន់ស្វ័យប្រវត្តិ​បង្កប់ក្រោមដី

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្រសួង គ្រោងនឹងបំពាក់​ជញ្ជីង ថ្លឹង​ទម្ងន់ដោយស្វ័យប្រវត្តិបង្កប់ក្រោមដី ដើម្បីចាប់រថយន្តដឹកលើសទម្ងន់ដែលធ្វើឱ្យ ខូចខាត ផ្លូវថ្នល់ធ្ងន់ធ្ងរ ហើយក្រសួងកំពុងចរចាតម្លៃដើម្បីទិញជញ្ជីងថ្លឹងទម្ងន់ស្វ័យប្រវត្តិ​បង្កប់ក្រោម​ដីនេះ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួង​សាធា​រណ​​ការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបាន​សង្កត់​ធ្ងន់​ថា ប្រព័ន្ធដាក់ជញ្ចីងក្រោមដីនេះ គឺក្រសួងអាចដឹងពីទម្ងន់ដែលរថយន្តនោះផ្ទុក​រួចជា​ស្រេច មុនពេលដែលរថយន្តនោះទៅដល់គោលដៅជញ្ចីងថ្លឹង។ ឯកឧត្តមទេសរដ្ឋមន្រ្ដីបាន លើកឧទាហរណ៍មកពន្យល់ថា នៅពេលដែលរថយន្តដឹកលើសទម្ងន់បើកកាត់ប្រព័ន្ធដាក់​ជញ្ជីងក្រោមដីដែលក្រសួងបានដាក់នៅលើផ្លូវថ្នល់ ហើយឃើញថា រថយន្តនោះដឹកលើស​ទម្ងន់ នៅពេលដែលរថយន្តដដែលនោះបានទៅដល់កន្លែងជញ្ជីងថ្លឹង​ចល័តហើយមិន​ព្រមរើ​ទំនិញដែលដឹកលើសចេញនោះ ពេលដែលរថយន្តនោះបើកចេញពីកន្លែងជញ្ចីងថ្លឹងចល័ត។ រថយន្តដដែលនោះនឹងត្រូវឆ្លងកាត់ប្រព័ន្ធជញ្ចីងក្រោមដីមួយទៀត និងតម្រូវឱ្យរើទំនិញចេញ ដដែល។ ឯកឧត្តមបានបន្ដថា ការដាក់ប្រព័ន្ធជញ្ជីងក្រោមដីដែលក្រសួងកំពុងរៀបចំនេះ គឺ​នឹងជួយសម្រួលបន្ថែមទៀតចំពោះដល់រថយន្តដឹកលើសទម្ងន់ដែលបើកកាត់នៅលើដងផ្លូវ ដោយរថយន្តទាំងនោះមិនចាំបាច់តម្រង់ជួរចូលកន្លែងជញ្ជីងថ្លឹងចល័តនាំឱ្យខាតពេលវេលានោះទេ បើកាលណាប្រព័ន្ធជញ្ចីងក្រោមដីដែលក្រសួងបំពាក់ឃើញថា រថយន្តនោះមិនមាន​ការការដឹកលើសទម្ងន់នោះ ពួកគេអាចទៅបាន។

“ប្រព័ន្ធជញ្ជីងក្រោមដីដែលក្រសួងគ្រោងនឹងរៀបចំនេះ នឹងបំពាក់ដោយប្រព័ន្ធបច្ចេក វិទ្យាទំនើបដើម្បីចាប់រថយន្តដឹកលើសទម្ងន់ដែលបង្កឱ្យខូចខាតផ្លូវថ្នល់ ដោយប្រព័ន្ធនេះ នឹង បំពាក់ដោយកាំមេរ៉ា និងប្រព័ន្ធសូឡាផងដែរ”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់​ឯកឧត្តម ស៊ុន ចាន់ថុល៕

ដោយ ចាន់ សុធីវង្ស