មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៩ ឆ្នាំ២០២០ បើកជាផ្លូវការក្រោមប្រធានបទ អនុភាពកីឡា

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “អនុភាពកីឡា” បានបើកជាផ្លូវការនារាត្រីថ្ងៃទី២០ ខែកុម្ភ:នេះ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។     

ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងថា មហោស្រព​គីហ្សូ​ណា​​ជប៉ុន-កម្ពុជាលើកទី៩ ២០២០នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពី​វប្បធម៌​ជប៉ុន និងកម្ពុជា ក៏ដូចជាជំរុញការផ្លាស់ប្តូរបន្ថែមរវាងប្រជាជន និងប្រជាជនប្រទេសទាំង ពីរ​កម្ពុជា-ជប៉ុន។ ឯកឧទត្ដមបានបញ្ជាក់ថា មហោស្រពនេះមានកម្មវិធីថ្មីៗជាច្រើន ជាពិសេស​ដោយសារតែឆ្នាំនេះប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងផារ៉ា​ឡាំពិក  មហោស្រពនេះបានជ្រើសយកប្រធានបទ “អនុភាពកីឡា”។ ព្រោះកីឡា​ចាប់តាំង ពីកីឡាបេសប៊ល កីឡាបាល់ បោះ កីឡាបាល់ឱប កីឡាបាល់ទាត់ កីឡាវាយកូន ហ្គោល​ជាដើម សុទ្ធតែមាន ប្រយោជន៍សម្រាប់សុខភាព។ ឯកឧត្ដមឯកអគ្គរាជទូតបានបន្ដថា កីឡា​បានបង្ហាត់បង្រៀនឱ្យមានសាមគ្គីភាព យុត្តិធម៌ ភាពអត់ធ្មត់ និងផ្តល់នូវមិត្តភាព និងជា​មេរៀនដ៏សំខាន់សម្រាប់ប្រជាជនគ្រប់រូប និងសង្គម។ ឯកឧត្ដមសង្ឃឹមថា មហោស្រពនេះ​គឺជាឱកាសល្អសម្រាប់ប្រជា ជនគ្រប់រូបចូលរួមគិតពីអនុភាពកីឡា ក្នុងជីវិតប្រចាំថ្ងៃ និង​សង្គម ដែលមនុស្សអាចរីករាយជាមួយកម្មវិធី និងសកម្ម ភាពជាច្រើនទៀតទាក់ទងនឹង​កីឡា​ព្រមទាំងវប្បធម៌ និងការអប់រំ។ ឯកឧត្ដមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ​ផងដែរចំពោះមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុនសម្រាប់ការសហការដែលបានធ្វើឱ្យមានព្រឹត្តិការណ៍មហោ ស្រពនេះឡើង និងសូមថ្លែងអំណរគុណដល់ក្រុមកីឡាករ ក្រុមសីល្ប: ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ក្នុង​ការចូលរួមចំណែកដល់ដំណើរ ការរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៩ ឆ្នាំ​២០២០ ថ្ងៃនេះ។

សូមបញ្ជាក់ថា កម្មវិធីមហោស្រពនេះនឹងប្រព្រឹត្តទៅរយ:ពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ដោយមានកម្មវិធីកីឡាមួយចំនួន។ លើសពីនេះ មហោស្រព នេះ ក៏នឹងមានកម្មវិធីជាច្រើនទៀត មានដូចជា សិក្ខាសាលាទាក់ទងនឹងសិល្ប: អប់រំ សុខភាព និងបច្ចេកវិទ្យា សាកល្បងភ្លក់ម្ហូប និងបង្អែមខ្មែរ-ជប៉ុន សាកល្បង ស្លៀកក្បិនខ្មែរ និងពាក់ “យូកាតា”ជប៉ុន សាកល្បងពិធីលាងតែជប៉ុន”សាដូ” សិល្ប: បត់ក្រដាស”អូរីហ្គាមី” តុបតែង​ផ្កា”អ៊ីកេបាណា” ការសរសេរអក្សរផ្ចង់ “ស្យូដូ” ជាដើម៕

ដោយ ប៉ាល់ សុង