ខ្លាឃ្មុំពីរប្រភេទគឺខ្លាឃ្មុំព្រះអាទិត្យ និងខ្លាឃ្មុំព្រះចន្ទដែលរងការគំរាមកំហែង​កំពុងមានវត្តមាននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រភេទខ្លាឃ្មុំចំនួនពីរប្រភេទគឺខ្លាឃ្មុំព្រះអាទិត្យ និងខ្លាឃ្មុំព្រះចន្ទកំពុងមានវត្តមាន​នៅ​កម្ពុជា ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺវាមានលក្ខណៈងាយនឹងរងគ្រោះថ្នាក់បំផុត​បើសិនជាមិន​មាន​ការយកចិត្តទុកដាក់ឱ្យបានដិតដល់។ នេះបើយោងតាមការផ្សាយរបស់អង្គការ អេកូយុវ​ទូត។

ចំពោះខ្លាឃ្មុំទាំងពីរនេះមានលក្ខណៈខុសគ្នាមួយចំនួនដូចជា ទី១ ខ្លាឃ្មុំព្រះអាទិត្យ (Sun Bear) ដែលមានឈ្មោះជាភាសារខ្មែរថា ខ្លាឃ្មុំតូច វាត្រូវបានដាក់ឈ្មោះតាមរោម​ទ្រូងពណ៌ក្រហមដែលមានរាងជាអក្សរ U ឬ រាងជារង្វង់មូល។ ខ្លាឃ្មុំឈ្មោលធម្មតាមាន​ទម្ងន់ពី ៣០ ទៅ ៧០ គីឡូក្រាម (៦៦ និង ១៥៤ ផោន) និងខ្លាឃ្មុំញីចន្លោះពី ២០ ទៅ ៤០ គីឡូក្រាម(៤៤ និង ៨៨ ផោន) ។ ចំណែកជម្រក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សត្វខ្លាឃ្មុំមានទី​ជម្រក​នៅក្នុងព្រៃត្រូពិច រួមមាន ព្រៃត្រូពិចភ្នំ និងជម្រកវាលភក់។ ទី២ ខ្លាឃ្មុំព្រះចន្ទ(Moon Bear)មានឈ្មោះជាភាសាខ្មែរថា ខ្លាឃ្មុំអាស៊ី។​ សម្រាប់លក្ខណៈពិសេសចម្បងរបស់វាគឺ មាន​រូបរាងស្រដៀងនឹងខ្លាឃ្មុំខ្មៅដែរ ប៉ុន្តែមានមាឌតូចជាង។ ខ្លាឃ្មុំអាស៊ីឈ្មោលមានមាឌធំជាង ខ្លាឃ្មុំអាស៊ីញីពីរដង។ ពេលខ្លាឃ្មុំអាស៊ីឈរ មានកម្ពស់១,៥ម៉ែត្រ ទៅ ២ ម៉ែត្រ ហើយវាពូកែ​ឡើងភ្នំ និងដើមឈើ។ នៅភាគខាងត្បូងនៃព្រៃទឹកភ្លៀងនៃអាស៊ីអាគ្នេយ៍គឺជាផ្ទះរបស់​ខ្លាឃ្មុំអាស៊ី។

សូមបញ្ជាក់ថា កិច្ចពិភាក្សាស្តីពី “ការសង្រ្គោះ និងការទាំសត្វខ្លាឃ្មុំ” ពីអ្នកជំនាញមក​ពីអង្គការ Free the Bears នឹងរៀបចំធ្វើឡើង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ នៅរាជធានី​ភ្នំពេញ ៕

ដោយ ណយ នឿន (ប្រភព៖ អេកូយុវទូត)