អភិបាលរងខេត្តបាត់ដំបង ជួបពិភាក្សាជាមួយធនាគារADB ដើម្បីធ្វើការឆ្លុះ​បញ្ចាំង​ដំណើរបេសកកម្មពិនិត្យមើលគម្រោងTSSD-AF និង Rice-SDP

AKP បាត់ដំបង ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ — លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលពិភាក្សា​ការងារជាមួយ លោក ហែម ចាន់ធូ មន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បី​ធ្វើការឆ្លុះបញ្ចាំងដំណើរបេសកកម្មពិនិត្យមើលគម្រោងTSSD-AF និង Rice-SDP នៅខេត្ត​បាត់ដំបង កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០។

លោក ហាន់ ស៊ីហ៊ីប ប្រធានក្រុមគាំទ្រគម្រោងជំហាន២ ខេត្តបាត់ដំបងបានលើក​របាយ​ការណ៍​សង្កេត​អំពី​វឌ្ឍន​ភាពរបស់កម្មវិធី Rice-SDP និងគម្រោងTSSD-AF ដោយបាន​បញ្ជាក់ពីកម្មវិធីផលិតកម្មស្រូវ និង ការនាំចេញអង្ករ Climate-ResilientRice Commercial ization SectorDevelopmentProgram (Rice-SDP) ជាកម្មវិធីផ្តោតលើយុទ្ធសាស្រ្តក្នុងការបង្កើត និង ពង្រឹងផ្នែកច្បាប់ពាណិជ្ជកម្មដើម្បីធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយសន្តិសុខស្បៀង និងការនាំចេញអង្ករ។ លោកបន្ដថា កម្មវិធីនេះ ធ្វើឡើងតាមរយៈបង្កើតនិងពង្រឹងផ្នែក​ច្បាប់ គោល​នយោបាយការធ្វើពាណិជ្ជកម្មស្រូវ និងការនាំចេញអង្ករធ្វើឱ្យប្រសើរ​ឡើងនូវផលិតកម្ម​ស្រូវនិងគុណភាពអង្ករ លើកកម្ពស់សេវាគាំទ្រខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ ដោះស្រាយ​បញ្ហា​ផលិតកម្មស្រូវតាមរយៈការស្តារប្រព័ន្ធធារាសាស្ត្រ ការផ្តល់បច្ចេកទេសការផ្តល់ពូជ និង​ការបន្សំដំណាំស្រូវធន់នឹងការប្រែប្រួលអាកាសធាតុ។ លោកបានបន្ដទៀតថា កម្មវិធីនេះ​ដឹក​នាំ និងសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និង ឧត្តុនិយមជាអ្នកផ្តល់ជំនាញបច្ចេកទេស តាមរយៈមន្ទីរជំនាញតាមខេត្ត រួមមានខេត្តបាត់ដំបង កំពង់ធំ និងខេត្ដព្រៃវែង ។

សូមបញ្ជាក់ថា កម្មវិធីនេះដឹកនាំសម្របសម្រួលដោយ រដ្ឋបាលសាលាខេត្តបាត់ដំបង កំពង់ធំ និងខេត្ដព្រៃវែងដែលជាអង្គភាពអនុវត្តន៍កម្មវិធីថ្នាក់ខេត្តទទួលខុសត្រូវក្នុង​ការអនុវត្ត​កម្មវិធីនេះ ។ កម្មវិធីនេះ ក៏មានចំនួន ៣ ខេត្តគោលដៅគឺ ទី១ ខេត្តបាត់ដំបង ទី២ ខេត្តកំពង់ធំ និងទី៣ ខេត្តព្រៃវែង ដែលមាន១៣ស្រុក និង ៩០ឃុំ ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់បំបង)