រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអញ្ជើញបើក​ការដ្ឋានជួសជុល និងសាងសង់មណ្ឌលយុវនីតិសម្បទា ស្រុកកណ្តាលស្ទឹង​ ខេត្ដកណ្ដាល

AKP កណ្តាល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — នៅថ្ងៃទី២០​ ខែកុម្ភ:​ ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​អញ្ជើញចូលរួមក្នុងពិធីបើក​ការដ្ឋានជួសជុល​ និងសាងសង់មណ្ឌលយុវនីតិសម្បទា​ ស្ថិតនៅ ភូមិបាគូ​ ឃុំបាគូ​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ។

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​លើកឡើងថា​ ការសាងសង់មណ្ឌលយុវនីតិសម្បទានេះគឺ​សមិទ្ធផល​ដែលធ្វើឡើងសម្រាប់​ប្រជាពលរដ្ឋ និងជនពិកា ​ដែល​រស់នៅ​ក្នុង​ ភូមិបាគូ​ ឃុំបាគូ​ ស្រុកកណ្តាលស្ទឹង នៅក្នុង​ឆ្នាំ​២០២០​ នេះ និងបានកើត​មាន​ឡើង​ដោយសារ​ប្រទេស​របស់​យើង​មាន​សុខសន្តិភាព​ ស្ថិរភាព​ពេញ​លេញ​ ដែល​ផ្ដល់​ឱកាស​ឱ្យ​យើង​បាន​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​​ ក៏ដូចជា​អភិវឌ្ឍ​ន៍ទូទាំង​ប្រទេស​។ ឯកឧត្តមរដ្ឋមន្ត្រី បាន​អរគុណ​ដល់​សន្តិភាព​ មាន​សន្តិភាព​ទើប​មាន​ការអភិវឌ្ឍ។​

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវ​ដល់កង​កម្លាំង​ទាំង​៣ប្រភេទ​ មន្រ្តី​រាជការ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ សូម​​ចូលរួម​ថែរក្សា​សន្ដិភាព​ ឱ្យ​បាន​គង់វង្ស​យូរ​អង្វែង​ ដើម្បី​ឱ្យ​ប្រទេស​បន្ត​អភិវឌ្ឍ​ន៍បន្ថែម​ទៀត​។

ក្នុងពិធីនេះ​ដែរ​ ឯកឧត្ដម វង សូត បានឧបត្ដម្ភដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួម​រួមទាំងជនពិការជាង ៥០០ នាក់​ ដោយម្នាក់ៗទទួលបានអំណោយ​រួមមាន​ អង្ករ១បេ​ កន្ទេល១​ មុង១​ ភួយ១​ ទឹកត្រី១យួរ​ ទឹកស៊ីអ៊ីវ១យួរ​ មី១កេស​ និង ថវិកា ៣០,០០០ រៀលផងដែរ៕

ដោយ ណយ នឿន(ប្រភព៖រដ្ឋបាលខេត្តកណ្តាល)