ក្រសួងបរិស្ថានបើកកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន លើគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ 

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំ​អន្តរក្រសួង​ ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោង​សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (NR4-NR1)។ កិច្ចប្រជុំនេះ ធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​​នឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។ នេះបើយោងតាមការ​ផ្សាយ​របស់​ក្រសួងបរិស្ថាន។

ឯកឧត្តម ផៃ ប៊ុនឈឿន បានមានប្រសាសន៍ស្នើឱ្យម្ចាស់គម្រោងសហការជាមួយ​គណៈកម្មការដោះស្រាយផលប៉ះពាល់ ដើម្បីពន្លឿនក្នុងការដោះស្រាយផលប៉ះពាល់ជាមួយ​ប្រជាពលរដ្ឋឱ្យបានឆាប់ និងដោះស្រាយផលប៉ះពាល់ទៅលើបង្គោលខ្សែបណ្តាញអគ្គិសនី​ផងដែរ។ ជាមួយគ្នានេះ ម្ចាស់គម្រោង ត្រូវណែនាំដល់ក្រុមហ៊ុន​ម៉ៅការឱ្យអនុវត្តន៍តាម​លក្ខណៈ​បចេ្ចកទេស ជាពិសេសម្ចាស់គម្រោង​ ត្រូវយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដែល​កើត​ចេញពីការដ្ឋាននៃគម្រោងសាងសង់។ ឯកឧត្ដមបានជំរុញដល់ម្ចាស់គម្រោង​ ត្រូវធ្វើការ​ត្រួតពិនិត្យ និង​យកចិត្តទុកដាក់ទៅលើគុណភាពផ្លូវឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ជាពិសេសការកាត់បន្ថយការហុយ និងត្រូវអនុវត្តន៍ដាំដើមឈើនៅអមសងខាងផ្លូវជាបណ្តើរៗ​នៅពេលដំណើរការសាងសង់។ ជាមួយគ្នានេះ អង្គប្រជុំក៏បាន​គាំទ្រទៅលើគម្រោងសាងសង់​ផ្លូវក្រវាត់ក្រុងខ្សែទី៣ នៅ​ខេត្តកណ្តាល និងរាជធានីភ្នំពេញ ប្រវែង៥២,៩៨៣គីឡូម៉ែត្រ។

ឯកឧត្ដមរដ្ឋលេខាធិការក៏បានបន្ថែមថា ចំពោះម្ចាស់គម្រោង​ ត្រូវទទួលយកនូវរាល់មតិ​យោបល់របស់អង្គប្រជុំ និងកែសម្រួលរបាយការណ៍នេះ​ ឱ្យស្របទៅតាមស្មារតីអង្គប្រជុំ ជាពិសេសត្រូវទទួលយកនូវអនុសាសន៍ពីក្រុមការងារនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្រុមហ៊ុន​ទីប្រឹក្សា​ ដើម្បីអនុវត្តន៍តាម៕

សូមបញ្ជាក់ថា គម្រោង​សាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ (NR4-NR1)នេះស្ថិតក្នុងភូមិ​សាស្រ្ត ខេត្តកណ្តាល និងរាជធានីភ្នំពេញ ប្រវែង ៥២,៩៨៣ គីឡូម៉ែត្រ របស់ក្រសួង​សាធា​រណការ និងដឹកជញ្ជូន(ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​​ប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា ភីភីអាយស៊ី ខូ អិលធីឌី។ កិច្ចប្រជុំនេះ ក៏មាន​សមាសភាពចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ​នៃក្រសួង​បរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរ​ក្រសួង​ពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល មន្ទីរបរិស្ថានរាជធានី​ភ្នំពេញ និងមន្ទីបរិស្ថានខេត្តកណ្តាល តំណាងនាយកដ្ឋានវាយតម្លៃ​ហេតុ​ប៉ះពាល់បរិស្ថាន តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) និងក្រុមហ៊ុន​ទីប្រឹក្សា ភីភីអាយស៊ី ខូ អិលធីឌី៕

ដោយ ពេជ្រ ណារិទ្ធ