សម្តេចតេជោជំរុញឱ្យមានការពិភាក្សាដាក់ពិន័យចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍រហូត ដល់ដកហូតប័ណ្ណបើកបរតែម្តង

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញឱ្យមានការសិក្សា ដើម្បីដាក់ពិន័យឱ្យបានតឹងរឹងចំពោះអ្នកមិនគោរពច្បាប់​ចរាចរណ៍​រហូតដល់ដកប័ណ្ណបើកបរតែម្តង។

ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ​ឆ្នាំ​ ២០២០ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួង​​មហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រុមការងារត្រូវធ្វើការសិក្សាពិនិត្យ​ចំពោះការ​អនុវត្ត​​ច្បាប់​ចរាចរណ៍ឱ្យបានតឹងរឹង។ សម្តេចបានបញ្ជាក់បន្ថែមថា “វិសោធនកម្ម​ច្បាប់ ឬធ្វើអ្វី​បានគឺធ្វើ។ ថ្ងៃមុនខ្ញុំលើកក្នុងកិច្ចប្រជុំគណបក្សថាអ្នកបើបកបរដែលល្មើស​ច្បាប់​យើង​ចាប់​កិបបានម្តងហើយផាកចំនួនប៉ុន្មាន ពេលយើងកិបនោះនគបាលនឹងដឹងថាអ្នក​នឹង​ត្រូវបាន​ផាកពិន័យ ហើយខុសឡើកទី២ ត្រូវផាក ប៉ុន្មាន។ បើគេឃើញថាផាកលើកទី២​ត្រូវ​ផាក​​ឌុប​​តែម្តង។ ឧទារហណ៍៖ ផាកទី១ ពិន័យ៤០ម៉ឺនរៀល ដល់ពេលគេផាកលើកទី២ គេ​ពិន័យ​ដល់​៨០ម៉ឺនរៀល ហើយបំពានលើកទី៣ត្រូវ ផាកគុណគឺ១៦០ម៉ឺនរៀល​នឹងត្រូវដល់​ពេល​ដក​សិទ្ធិបើកបរតែម្តង។”

សម្តេចតេជោបានបន្ដថា ត្រង់ចំណុចនេះ ត្រូវពិភាក្សាដោយមិនឱ្យបើកបរ១ឆ្នាំ ឬ២ ឆ្នាំតែម្តង ដករហូតដល់ការកំណត់១ ឬ២ឆ្នាំទើបប្រគល់សិទ្ធិឱ្យបើកបរវិញ។ សម្ដេចតេជោ​បានលើកឡើងថា ការធ្វើបែបនេះ ដើម្បីកុំឱ្យអ្នកបើកបរនោះ​អាងមានលុយដើរតែបើកបុក​គេ​ឯង ជាងនេះការពារអាយុជីវិត គាត់ផងដែរ។ សម្ដេចតេជោថ្លែងថា “ការធ្វើដូចនេះ កុំឱ្យគាត់​អាងអីបុកឱ្យ១០០ដុល្លារ ឱ្យបូលីសចាយលេង ធ្វើបែបនេះទៀត។ អីចឹងទេ យើងត្រូវសិក្សា​ចំពោះការផាកពិន័យបែបនេះថាផាក១ដល់៤ ឬ៥ដង ដកសិទ្ធិបើកបរតែម្តង។ ការកាត់សិទ្ធិ​នេះ​​ក៏ត្រូវសិក្សាថាកាត់សិទ្ធិ១ឆ្នាំ ឬ២ឆ្នាំ គឺត្រូវតែមានតែម្តង។ បើមិនធ្វើដូច្នេះទេ នៅតែមាន និងបំពានដោយអាងទឹកលុយ ហើយបំពានរហូត។”

សម្ដេចតេជោបានបន្ថែមថា ទាល់តែយកអ្នកមិនខុសច្បាប់ មិនគោរពច្បាប់ចេញពីផ្លូវ​ទើប​លែងមានគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមទៀតថា “ទុក​គាត់​ឱ្យនៅក្នុងផ្ទះមិនឱ្យបើកបរ តែគាត់អាចធ្វើដំណើរបាន តែគាត់អត់មានសិទ្ធិបើក អីញ្ចឹង​គាត់ទៅណាគាត់ធ្លាប់តែបើកបរ គាត់ជិះតាក់ស៊ីវិញ ឬកង់បីទៅ ឬឱ្យកូនបើក ឬអ្នកបើកទៅ។ វិធីនេះ​មិនមែនជាទណ្ឌកម្មចំពោះគាត់ទេ បើគាត់បើកបរមានបញ្ហាលើកទី៤ ស្លាប់ទៅយ៉ាង​ម៉េចទៅវិញ”៕

ដោយ ប៊ុនរិទ្ធ