សម្ដេចតេជោ ហ៊ុន សែន ផ្តល់នូវគោលការណ៍ណែនាំ៨ចំណុច ដើម្បីដោះស្រាយ បញ្ហាប្រឈមក្នុងឆ្នាំ ២០២០ និង បណ្តាឆ្នាំខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — ក្នុងឱកាសបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ​ឆ្នាំ​ ២០២០ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធ​សក​រា​ជ ២៥៦៣ ត្រូវនឹងទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ប្រមុខរាជរដ្ឋាភិបាល​កម្ពុ​ជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់នូវគោលការណ៍ណែនាំលើការងារ​សំ​ខា​ន់ៗ​មួយចំនួនដល់ ក្រសួងមហាផ្ទៃ  និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវយក​ចិ​ត្ត​ទុកដាក់ ខិតខំដោះស្រាយបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នូវបញ្ហាប្រឈម​ទាំងឡាយ នៅឆ្នាំ ២០២០ និងបណ្តាឆ្នាំខាងមុខ។

គោលការណ៍សំខាន់ៗទាំងនោះរួមមាន ទី១ ត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព ស​ណ្តា​​​ប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពង្រឹងជំនឿទុកចិត្ត ដល់ធុរជន ក្នុងការបណ្តាក់​ទុន​វិ​និ​យោគ និងការប្រកបឤជីវកម្មនៅកម្ពុជា ធានាសុវត្ថិភាពទាំងស្រុងសម្រាប់រាល់ ព្រឹត្តិការណ៍​ជា​តិ​-អន្តរជាតិ ដែលរៀបចំនៅកម្ពុជា ទប់ស្កាត់មិនឱ្យមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការ​ស​ម្អា​ត​ប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។ ទី២ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបន្តជំរុញ​ការ​អនុ​វត្ត​​​គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែសកម្មផុសផុល ដើម្បីជំរុញចលនាប្រជា​ជ​ន​​ចូល​រួមជាមួយឤជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់បង្ក្រា​ប​គ្រឿង​ញៀន​ខុ​ស​ច្បា​ប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្ម​ផ្លូវ​ភេ​ទ ការកាប់ឈើ និងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ បទល្មើសនេសាទ ឤជីវកម្មរ៉ែ និង ឤ​ជី​វ​កម្មខ្សាច់ខុសច្បាប់ និង ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ៘ ទី៣ អំពីបញ្ហាចរាចរណ៍ ដោយ​សារ​ឆ្នាំ​ ២០១៩ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងខ្លាំង ទាំងចំនួនអ្នកស្លាប់ និ​​ង អ្នករងរបួស ។ ដូច្នេះ កងកម្លាំងនគរបាលជាតិ ឤជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចនានា ត្រូ​វ​ រួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាព ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការលើក​កម្ពស់​ការ​គោរពអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឱ្យបាន​កា​ន់តែ​ទូលំទូលាយនៅទូទាំងប្រទេស សំដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា ។ទី៤ ត្រូវបន្តលើកកម្ពស់វិធានការគ្រប់គ្រងមុខសញ្ញានានា ទាក់ទងនឹងកិច្ចការអន្តោប្រវេស្ត ដើ​ម្បី​ចូលរួមបង្ការ ទប់ស្កាត់បណ្តាញភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សំដៅពង្រឹងសន្តិសុខជាតិ និង ស​ណ្តា​ប់ធ្នាប់ក្នុងសង្គម តាមរយៈការបង្កើន ការគ្រប់គ្រងឱ្យបានហ្មត់ចត់ និង មានប្រសិទ្ធភាពនូវ​ជន​​បរទេស​អន្តោប្រវេសន្ត ស្របតាមច្បាប់។ ទី៥ ត្រូវបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការ​កែ​​​ទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្រសួងមហាផ្ទៃ តាមរយៈកិច្ចសហការសម្របសម្រួលជាមួយ​ក​ម្ម​វិធីកែទម្រង់នានា និង ក្រសួង-ស្ថាប័នញក់ព័ន្ធ ធ្វើការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ស្រប​តាម​ប្រព័ន្ធវិមជ្ឈការ សំដៅធានាឱ្យរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដំ​ណើរ​ការ ដោយរលូន និង មានប្រសិទ្ធភាព ។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើក​កម្ពស់ភាពជា​ម្ចា​ស់​​ប្រកបដោយភាពច្នៃប្រឌិត ក្នុងការចាត់ចែងប្រើប្រាស់មុខងារ និងធនធាន ដែលបានផ្ទេរ ដើ​ម្បី​ឆ្លើយតបតាមតម្រូវការរបស់ប្រជាជននៅតាមមូលដ្ឋាន សំដៅជំរុញលើកទឹកចិត្តការចូលរួម​រប​ស់​​​ប្រជាជនក្នុងការអភិវឌ្ឍតាមមូលដ្ឋានរៀងៗខ្លួន។ ទី៦ ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការ​បណ្តុះ​បណ្តាល កសាងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល កងកម្លាំង នគរបាលជាតិ និង មន្ត្រីនៅរដ្ឋ​បា​ល​ថ្នាក់ក្រោមជាតិ ដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈ ចំណេះដឹង និង ចំណេះធ្វើជាក់ស្តែង ថ្មីៗ ជា​ពិ​សេ​សសេវាសង្គម សេវារដ្ឋបាល សេវាសន្តិសុខ និង សេវាសាធារណៈចាំបាច់ជាមូលដ្ឋាន ដែល​ពា​ក់ព័ន្ធជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន ប្រកបដោយតម្លាភាព គណនេយ្យភាព និង មានប្រសិទ្ធ​ភា​ព​ខ្ពស់។ ទី៧ តាមការព្យាករណ៍ឆ្នាំនេះ ប្រទេសយើងនឹងមានឤកាសធាតុក្តៅហួតហែង ហើ​យ​​ការមកដល់នៃរដូវវស្សា នឹងមានសភាពយឺតយ៉ាវជាងសព្វដង។ ដូច្នេះ ក្រសួង-ស្ថាប័នពា​ក់​ព័​ន្ធ​ និង ឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការ ត្រួតពិនិត្យ វាយតម្លៃអំពីប្រភពទឹកសម្រាប់​ប្រើ​ប្រា​ស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនតាមមូលដ្ឋាននីមួយៗ ដោយផ្អែក តាមសារាចរណែ​នាំ​រប​ស់រាជ​រដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលខ្វះខាតទឹកប្រើប្រាស់​ឱ្យ​បា​នទាន់ពេលវេលា  ត្រូវអប់រំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចូលរួមបង្ការអគ្គិភ័យ មកលើផ្ទះ​ស​ម្បែ​ង ចំការដំណាំនានា និង ចូលរួមបង្ការទប់ស្កាត់ ភ្លើងឆេះព្រៃ ព្រមទាំងការបង្ការ​ជំងឺ​ដម្កា​ត់​នានា នៅរដូវប្រាំងក្តៅហួតហែងនេះ។ ទី៨ ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង, ផ្សារភ្ជាប់រវាង​រាជ​រដ្ឋា​ភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបង្កើន សកម្មភាពចុះមូលដ្ឋាន ដើម្បីដោះស្រា​យ​​បញ្ហាប្រឈម និង សំណូមពរទាំងឡាយរបស់ប្រជាជន ឱ្យបានសមស្រប និង ទាន់ពេលវេលា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ថ្នាក់​​ដឹ​ក​នាំ​​ក្រសួងមហាផ្ទៃ  កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និង រដ្ឋបាលគ្រប់ថ្នាក់​នៅថ្នាក់​ក្រោ​​មជាតិ ដែលបានរួមគ្នាអនុវត្តន៍សម្រេចបានសមិទ្ធផល នានាជាច្រើន គួរជាទីមោទនៈ​កាលពី​ឆ្នាំ​ ២០១៩កន្លងមក។ សម្ដេចតេជោក៏បានសម្ដែងនូវការជឿជាក់ផងដែរថា  ក្រសួងមហាផ្ទៃ​នឹង​ប​​ន្តពុះពារសម្រេចបាននូវ សមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ និង បណ្តាឆ្នាំខាងមុខ​ទៀ​​ត៕

ដោយ ជឹម ណារី