ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើសុំមិនឱ្យយកមន្រ្ដីពីថ្នាក់ជាតិចុះទៅដណ្ដើមកន្លែង ឬមុខដំណែងមន្រ្ដីថ្នាក់មូលដ្ឋាន

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បានស្នើមិន​ឱ្យដាក់​មន្រ្ដី​ពីថ្នាក់ជាតិទៅដណ្ដើមកន្លែង ឬយកដំណែងមន្រ្ដីថ្នាក់មូលដ្ឋាននោះទេ ដើម្បីទុកឱកាស​ឱ្យមន្រ្ដី​នៅ​​ថ្នាក់មូលដ្ឋាន ធ្វើការរៀបចំមន្រ្ដីរបស់ខ្លួនតែងតាំងដាក់ក្នុងដំណែងណាមួយ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ​២០២០ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង​មហា​ផ្ទៃ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើធ្វើដូចនេះ ពួកគេមកយក​ផ្កាយពាក់​ឱ្យពេញៗស្មា ហើយបន្ទាប់ទៅចាំទៅធ្វើជាអភិបាលស្រុក ចង់ទៅធ្វើជាអភិបាលខេត្ដ ចង់ទៅ​ធ្វើជាអភិបាលរងខេត្ដ ចង់ទៅធ្វើនេះ ចង់ទៅធ្វើនោះ។ សម្ដេចតេជោបានបញ្ជាក់ថា “មកថ្នាក់​​ជាតិមកយកផ្កាយ មកយកឋានៈឧត្ដមមន្រ្ដី មកយកឋានៈវារៈមន្រ្ដី រួចហើយមកដណ្ដើ​មកន្លែង​មន្រ្ដីនៅមូលដ្ឋាន ខ្ញុំគិតថា អស់លោកខេត្ដទាំងឡាយអរទៅវិញទេ តែខ្ញុំសុំ​អង្វរកមន្រ្ដី​នៅថ្នាក់ជាតិ​ សុំកុំទៅដណ្ដើមដំណែងនៅឯមូលដ្ឋាន”។

សម្ដេចបានលើកជាឧទាហរណ៍ថា​ បើសិនជាយើងដោះ១ បើអភិបាលខេត្ដចូលនិវត្ដន៍ អភិបាលរង១ឡើង អីញ្ចឹងវាខ្វះអភិបាលរង១ ហើយអភិបាលរង១នេះ យើងត្រូវរកអភិបាល​ស្រុក​ណាមួយ ឬនាយករដ្ឋបាលសាលាខេត្ដមកដាក់ជំនួសប្រអប់ដែលខ្វះ។ សម្ដេចតេជោ​បញ្ជាក់បន្ថែមថា “បើធ្វើអីញ្ចឹង​ត្រូវ​​បានរើសបន្ដគ្នា បើអភិបាលស្រុកមកធ្វើជាអភិបាលរងខេត្ដ ត្រូវអភិបាលរង​ស្រុកឡើង ទាល់តែខ្វះអភិបាលរង ត្រូវរុញអ្នកនៅខាងក្រោមឡើងបន្ដទៀត។ អីញ្ជឹងមន្រ្ដីនៅក្រោម ត្រូវ​ទទួលការឡើងស័ក្ដិ”។ សម្ដេចតេជោបានលើកឡើងថា បើយើង​យកពីលើទៅដាក់នៅថ្នាក់​ក្រោមដដែល គ្នានៅខាងក្រោមខំប្រឹងធ្វើការចង់ងាប់ទាំងខ្លួនទៀត រហូតដល់ថ្ងៃចូលនិវត្ដន៍​ក៏គ្មានឱកាសរកតែឡើងស័ក្ដិមួយស័ក្ដក៏គ្មានផង។ នេះដោយសារតែ​មន្រ្ដីថ្នាក់ជាតិទៅ​ដណ្ដើម​យក​អំណាចគេ កន្លែងគេ ហើយឱ្យគេធ្វើការងារយ៉ាងម៉េច។

សម្ដេចតេជោបានប្រកាសសារជាថ្មីថា ចាប់ពីពេលនេះតទៅ បើមានការសុំតែងតាំង​នៅថ្នាក់ក្រោមជាតិ ហើយស្នើសុំមកសម្ដេចឱ្យចុះហត្ថលេខា បើពិនិត្យឃើញមន្រ្ដីនោះចេញពី​ថ្នាក់ជាតិ សម្ដេចមិនចុះហត្ថលេខានោះទេ ត្រូវយកអ្នកនៅមូល​ដ្ឋាន ពីព្រោះនៅមូលដ្ឋាន​គេមាន​ធន​ធានមនុស្សរបស់គេ ហើយបើយើងយកអ្នកពីថ្នាក់ជាតិទៅយកកន្លែង​អ្នកនៅថ្នាក់​ក្រោមជាតិ មន្រ្ដីទាំងនោះឡើងបុណ្យស័ក្ដិទៅយ៉ាងម៉េចរួច។ សម្ដេចតេជោក៏បានសុំដល់​រដ្ឋមន្រ្ដីគ្រប់ក្រសួង​ទាំងអស់ ត្រូវគោរពគោលការណ៍ មិនត្រូវយកមន្រ្ដីថ្នាក់ជាតិទៅដណ្ដើមក​ន្លែង​របស់មន្រ្ដីនៅ​ថ្នាក់​មូលដ្ឋាននោះឡើយ៕

ដោយ អ៊ុន រិទ្ធី