សម្ដេចតេជោ ហ៊ុន សែន ព្រមានដល់អភិបាលរាជធានី ខេត្ដថា បើអវត្ដមានអត់បាន​ចូល​រួម​ប្រជុំ​ជា​មួយក្រុមប្រឹក្សា៣ដងជាប់ៗគ្នាដោយគ្មានមូលហេតុ នឹងត្រូវដកចេញពីដំណែង

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​ធ្វើការព្រមានដល់អភិបាលរាជធានី ខេត្ដទាំងអស់ ដោយអះអាងថា​បើសិនអវត្ដមានអត់បាន​ចូលរួមប្រជុំជាមួយក្រុមប្រឹក្សា តែ៣ដងជាប់ៗគ្នាដោយគ្មានមូលហេតុ នឹងត្រូវដកចេញពី​ដំណែង។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ​២០២០ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង​មហាផ្ទៃ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំអភិបាលរាជធានី ខេត្ដ សូមឱ្យ​យកចិត្តទុកដាក់រវាងគណៈអភិបាល និងក្រុមប្រឹក្សា សម្រាប់សម័យប្រជុំក្រុមប្រឹក្សា និង​គណៈ​អភិបាលរាជធានី ខេត្ដ អភិបាលស្រុក ដោយមិនត្រូវអវត្ដមាន​នោះទេ។ សម្ដេចតេជោ​បាន​​ប្រាប់ដល់ប្រធានក្រុមប្រឹក្សារាជធានី ខេត្ដ ប្រសិនបើអភិបាលរាជធានី ខេត្ដមិនព្រមចូល​រួម​​ប្រជុំ​ក្រុមប្រឹក្សា៣ដងជាប់គ្នា ដោយគ្មានមូលហេតុ ត្រូវរាយការណ៍មកសម្ដេច ហើយ​សម្ដេចនឹងដកចេញពីតំណែង អត់ទុកឱ្យនៅកាន់តំណែងជាអភិបាលរាជធានី ខេត្ដបន្ដទៀត​នោះទេ។ សម្ដេចតេជោបញ្ជាក់ថា “ពីព្រោះនេះគឺចូលទៅក្នុងជំងឺបែងចែក និងខុសទៅនឹង​បទដ្ឋានផ្លូវច្បាប់។ និយាយអញ្ចឹងមិនមែនផ្ដល់សិទ្ធិអំណាចឱ្យប្រធាន​ក្រុមប្រឹក្សាកំណត់​ពេល​វេលាប្រជុំ ក្នុងពេលដែលគណៈអភិបាលខេត្ដ រាជធានី ជាប់ភារកិច្ចនៅក្រៅប្រទេស ឬក៏យក​ឡេសថា អត់បានចូលប្រជុំនោះទេ”។ សម្ដេចតេជោបានបន្ដថា ​សម្រាប់រាជធានី ខេត្ដ ត្រូវ​កំណត់ខ្លួនឯងតែម្ដងទៅដោយក្នុងមួយខែកំណត់យកថ្ងៃណាមួយ នៃខែនីមួយៗ ​ដើម្បីប្រជុំ​គណៈអភិបាលខេត្ដ រាជធានី ជាមួយប្រធានក្រុមប្រឹក្សា។ សម្ដេចតេជោបានលើកជា​ឧទាហរណ៍ថា ការប្រជុំក្រុមប្រឹក្សានេះ ត្រូវកំណត់យកសប្ដាហ៍ទី៤ រៀងរាល់ថ្ងៃព្រហស្បតិ៍នៃ​ខែនីមួយៗ ត្រូវប្រជុំគណៈអភិបាលជាមួយក្រុមប្រឹក្សា នេះទៅ​តាមរាជធានី ខេត្ដនីមួយៗ ដោយខ្លះយកអាទិត្យទី១ ឬយកអាទិត្យទី៣ ឬទី២ ស្រាច់តែរាជធានី ខេត្ដនីមួយៗជា​អ្នក​កំណត់។ សម្ដេចតេជោបានប្រកាសហាមដាច់ខាត មិនឱ្យអវត្ដមានអភិបាលខេត្ដ រាជធានី​ព្រោះ​អភិបាល​ខេត្ដ រាជធានី ត្រូវធ្វើគណនេយ្យភាពជាមួយក្រុមប្រឹក្សា។ ជាមួយគ្នានេះ ស្រុក​ក៏ដូចគ្នាដែរ ក្រុមប្រឹក្សានេះ យើងប្រៀបដូចសភាខេត្ដ សភាស្រុក សភាខណ្ឌអញ្ចឹង  ជា​ពិសេស​ប្រធានក្រុមប្រឹក្សា និងគណៈអភិបាលខេត្ដដូចជាសហប្រធានក្នុង​ការពិគ្រោះកិច្ច​ការ​ចាំបាច់ ជួនកាលដឹកដៃគ្នាចូលប្រជុំតែពីរនាក់ មុននឹងដាក់ការប្រជុំទៅក្នុងរបៀបវារៈ។

សម្ដេចតេជោបានបន្ថែមថា របៀបធ្វើការបែបនេះ ទើបមានសាមគ្គីភាព ហើយដោះ​ស្រាយបាននូវបញ្ហា បើមិនធ្វើដូចនេះទេ នឹងកើតជំងឺបែកបាក់។ សម្ដេចតេជោលើកឡើងថា “នេះជាបទបញ្ជា មិនមែនជាច្បាប់ទេ តែបទបញ្ជាមិនខុសពីច្បាប់ទេ ដែលកន្លងទៅ អស់​លោក​អត់ទាន់បានអនុវត្ដន៍នៅកន្លែងខ្លះ។ ចំពោះកន្លែងដែលបានអនុវត្ដន៍ហើយក៏អនុវត្ដន៍​ទៅ ប៉ុន្ដែត្រូវអនុវត្ដន៍ឱ្យបានល្អ ពង្រឹងប្រសិទ្ធភាពនៃការធ្វើការងារ ជាពិសេសការតែងតាំង​មន្រ្ដី ដែលចាំបាច់ត្រូវតែពិភាក្សាគ្នា”។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានដាស់តឿន​ដល់​អភិបាលខេត្ដ អភិបាលស្រុក ខណៈពេលបានធ្វើចៅហ្វាយខេត្ដ ឬចៅហ្វាយស្រុកហើយ បានធ្វើនាំគ្នាមើលស្រាលក្រុមប្រឹក្សា អត់មាននោះទេ។ សម្ដេចតេជោអះអាងថា បើក្រុមប្រឹក្សា​ដូចពិបាកដកទៅវិញទេ ប៉ុន្ដែអភិបាលខេត្ដ អភិបាលស្រុក ស្រួលដកណាស់ បើអភិបាលខេត្ដ​ត្រូវការរហ័សគឺប្រើពេលតែ៣ម៉ោងគឺគ្រប់គ្រាន់ក្នុងការដក ហើយបើអភិបាលស្រុក និងអភិ​បាលរងខេត្ដ គឺប្រើពេលត្រឹមតែ១៥នាទី គ្រប់គ្រាន់ក្នុងការដកចេញពីដំណែង៕

ដោយ អ៊ុន រិទ្ធី