យុវជនជាង៧០០នាក់ចូលរួមប្រកួត ក្នុងមហោស្រពសិល្បៈយុវជនឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — យុវជន យុវនារី  ដែលជាសិស្សានុសិស្សថ្នាក់មធ្យម និងនិស្សិតថ្នាក់ឧត្តមសរុប៧២៥ នាក់ បានចូលរួមប្រកួតស្នាដៃសិល្បៈក្នុងមហោស្រពសិល្បៈយុវជនប្រចាំ២០២០នេះ ដើម្បី បង្ហាញពីសមត្ថភាព និងដើម្បីចូលរួមលើកស្ទួយ ក៏ដូចជាថែរក្សា និងអភិរក្សសិល្បៈវប្បធម៌ ប្រពៃណីខ្មែរឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង។

ឯកឧត្តម គឹម ពីនន់ សមាជិកអចិន្ត្រៃយ៍គណៈកម្មការរៀបចំ មហោស្រពសិល្បៈយុវជនទូទាំងប្រទេសបានឱ្យដឹងថា ទម្រង់សិល្បៈ របស់ក្រុមយុវជនកម្ពុជា ដែលចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្បៈ យុវជនទូទាំងប្រទេស ឆ្នាំទី៦ ដែលធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែកុម្ភៈនេះ មានដូចជា ល្ខោនមហោរីចំនួន៨ទស្សនីយភាព ល្ខោនយីកេចំនួន៧ស្សនីយភាព  ល្ខោនបាសាក់ចំនួន១០ទស្សនីយភាព និងរបាំប្រពៃណីមានចំនួន៩ទស្សនីយភាព។

ថ្លែងក្នុងឱកាសបើកមហោស្រពសិល្បៈ យុវជនទូទាំងប្រទេសឆ្នាំ២០២០នេះ នាសាលសន្និសីទចតុមុខ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការលើកស្ទួយ ថែរក្សាសិល្បៈវប្បធម៌ប្រពៃណីខ្មែរ មិនអាចខ្វះបានពីកម្លាំងចូលរួមរបស់យុវជននោះឡើយ ដោយសារពួកគេជាអ្នកបន្តវេន​ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ។

លោកជំទាវ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសដល់យុវជន​ឱ្យចូលរួមដោយសេរី និងពេញលេញក្នុងសកម្មភាពវប្បធម៌ និងសិល្បៈ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ លោកជំទាវ បានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ ខណៈពួកគេកំពុងប្រឈមនឹងការស្រូបយកឥទ្ធិពលនៃការហូរចូលវប្បធម៌បរទេស។

លោកជំទាវបញ្ជាក់ថា យុវជនកម្ពុជាត្រូវបានលើកទឹកចិត្ត តាមរយៈឱ្យពួកគេចូល​រួមបង្កើតស្នាដៃសិល្បៈដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរលើការតែងនិពន្ធ ការសម្តែង​សិល្បៈ របាំ តន្រី្ត និងផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ ជាដើម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំមហោស្រពសិល្បៈយុវជន​ទូទាំងប្រទេសជារៀងរាល់ឆ្នាំ ដើម្បីលើកស្ទួយការអប់រំ និងផ្សព្វផ្សាយអំពីចំណេះដឹង​សិល្បៈវប្បធម៌ ក្នុងបុព្វហេតុជំរុញការចូលរួមថែររក្សា អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ប្រកបដោយខ្លឹមសារអភិរក្ស អភិវឌ្ឍន៍ ការអប់រំយុវជន និងសីលធម៌សង្គម។ ការបង្កើតឱ្យមានការសម្តែងនេះ ក៏ជាការបណ្តុះស្មារតីឱ្យយុវជន និងមហាជនស្រលាញ់​មរតកសិល្បៈវប្បធម៌ខ្មែរ ពិសេសជំរុញការផលិត និងរកទីផ្សារវប្បធម៌​ឱ្យកាន់តែទូលំទូលាយ។ មហោស្រពសិល្បៈយុវជនទូទាំងប្រទេសនេះ ក៏ជាផ្នែកមួយ​នៃការអបអរ​​សាទរទិវាវប្បធម៌ជាតិ ៣មីនា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕

ដោយ ងិន សុផល