ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសម្ភព  ក្នុងមណ្ឌលសុខភាពច្រាច់ ស្រុកជ័យសែន

AKP ព្រះវិហារ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ និងលោកជំទាវ បានអញ្ជើញ ចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្ភព ក្នុងមណ្ឌលសុខភាពច្រាច់របស់ គម្រោងមូលនិធិស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ស្ថិតក្នុងភូមិបដិវត្ត ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួម ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ ស្ថាប័នក្នុងខេត្ត ថ្នាក់ដឹកនាំស្រុក និងមានការចូលរួមពីសំណាក់ ប្រជាពលរដ្ឋជាច្រើន រូបផងដែរ។

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា អគារសម្ភពដែលជាអំណោយ របស់មិត្តចិន បើគិតជាមាសគឺមានទម្ងន់១គីឡូមាស ហើយឯកឧត្តម ក៏បានថ្លែង អំណរគុណ ដល់មិត្តចិន ដែលបានសម្រេចជួយសាងសង់អគាសម្ភពនេះ ជួយកាត់បន្ថយដល់ការ សម្រាលកូនរបស់បងប្អូនប្រជាពលរដ្ឋទៅទីឆ្ងាយៗផងដែរ។ ឯកឧត្តម ក៏បានណែនាំទៅមន្ទីរ សុខាភិបាលខេត្តព្រះវិហារ ត្រូវបន្ថែមបុគ្គលិកមកទីនេះ ហើយចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ត្រូវដាក់កម្មវិធីចុះមកទីនេះមួយឆ្នាំម្តង ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលការ ពិនិត្យព្យាបាលដោយឥតគិតថ្លៃ។

ឯកឧត្តមក៏បានបញ្ជាក់អំពីជំងឺវីរុសកូរ៉ណាផងដែរ ដែលរហូតមកដល់ថ្ងៃនេះ គ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់មានផ្ទុកជំងឺវីរុសកូរ៉ណាទេ  ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំភ័យឱ្យសោះ ពិសេសគឺផ្សាយដោយភូតកុហកតាមបណ្តាញសង្គមហ្វេកប៊ុក។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា និងជំទាវ បានឧបត្ថម្ភដី ២០០ឡាន កុំព្យូទ័រយួរដៃ  ព្រីនធ័រ១គ្រឿង និងរថយន្តសង្រ្គោះ ១គ្រឿង ជូនដល់មណ្ឌល សុខភាពច្រាច់ ឧបត្ថម្ភលួសបន្លាសម្រាប់ព័ទ្ធរបងសាលាបដិវត្ត ឧបត្ថម្ភអណ្តូងស្នប់ និងបន្ទប់ទឹកសម្រាប់គណបក្សឃុំ និងឧបត្ថម្ភថវិកាដល់អ្នកបានចូលរួមផងដែរ៕

ដោយ ទិត ស្រ៊