ឯកឧត្តម ស៊ុន ចាន់ថុល​ ស្នើឱ្យ​ក្រុមការងារបច្ចេកទេសសាងសង់របស់​ចិន ពិនិត្យលើផលប៉ះពាល់ផ្នែកបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ — ឯកឧត្តម​ ស៊ុន ចាន់​ថុល​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានស្នើឱ្យ​ក្រុមការងារបច្ចេកទេសសាងសង់ របស់ក្រុមហ៊ុនស្ពានថ្នល់​ចិន​ ពិនិ​ត្យលើផល ប៉ះ​ពាល់​ផ្នែកបរិស្ថានដូចជា ការកាប់បំផ្លាញព្រៃឈើដែលធ្វើឱ្យ​ខូចជម្រកសត្វព្រៃជាដើម។ សំណូមពរ​នេះ​ត្រូវ​​បាន​​លើកក្នុង​ជំនួប​ពិភាក្សាការងារ​ជាមួយគណៈប្រតិភូ​ក្រុមហ៊ុន​សាជីវ​កម្ម​​ស្ពានថ្នល់ចិន (CRBC) ដែល​ដឹកនាំដោយលោក Zhan Jinsheng នាយកគ្រប់ គ្រងក្រុមហ៊ុន។​

ជំនួបនេះត្រូវបាន​ធ្វើឡើង​ នា​ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីពិភាក្សាពិនិត្យលើជម្រើសតម្រាយ ផ្លូវថ្មីចាប់ពីវាលវែងទៅខេត្តកោះកុង នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលត្រូវបាន ធ្វើការសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និង​ទទួល​បាន​ការ​ចូលរួមពី តំណាងក្រសួងបរិស្ថាន មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ បើតាមការផ្សាយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យ​ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនស្ពានថ្នល់ ចិន សហការឱ្យបានជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីបង្ការកុំឱ្យមានការឆ្លៀត ឱកាសកាប់បំផ្លាញព្រៃ ឈើខុសច្បាប់ក្នុងអំឡុងពេលសាងសង់ និងបានសំណូមពរឱ្យ​គោរពតាមលក្ខខណ្ឌនានាដែលកំណត់ ដោយក្រសួងបរិស្ថានផងដែរ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ មានគម្រោងសាងសង់ធ្វើជាផ្លូវហាយវេជាតិ ដែលតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង និងតភ្ជាប់កំពង់ផែខេត្តកោះកុង និងខេត្តប៉ែកខាងជើងប្រទេស ដែលអាចជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេស សម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ៕

ដោយ ទេស ច័ន្ទសុធារី