ភ្ញៀវទេសចររបស់នាវា Westerdam កោតសរសើរ ការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០ — ភ្ញៀវទេសចររបស់នាវា Westerdam កោតសរសើរការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ របស់កម្ពុជា និងរីករាយយ៉ាងខ្លាំងក្រោយបានទស្សនាសិល្បៈបុរាណខ្មែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងឱកាសដែលលោក បានជួបសំណេះសំណាលជាមួយភ្ញៀវទេសចររបស់នាវា Westerdam ដែលកំពុងស្នាក់នៅ ក្នុងសណ្ឋាគារសុខាភ្នំពេញ ដើម្បីរង់ចាំហោះហើរ ទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន នោះ ភ្ញៀវទាំងអស់នោះបានកោតសរសើរមិនដាច់ពីមាត់ នូវការធ្វើបដិសណ្ឋារកិច្ចដ៏កក់ ក្តៅរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា អ្វីដែលពិសេសជាងនេះទៀតនោះ ដើម្បីកំដរការ អផ្សុកក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំការ សម្តែងទស្សនីយភាពសិល្បៈ ដែលមានការសម្តែងរបាំប្រពៃណីរបស់ខ្មែរ ជូនពួកគាត់ បានទស្សនា។ បន្ទាប់ពីបានទស្សនាហើយ អ្នកទេសចរទាំងនោះបានស្ងើចសរសើរ មិនដាច់ពីមាត់ និងបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងចំពោះការរៀបចំនេះ។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា «ភ្ញៀវទេសចរកប៉ាល់ Westerdam ដែលសម្រាកនៅសណ្ឋាគារពួកគាត់សប្បាយចិត្ត និងអរគុណចំពោះបដិសណ្ឋារ កិច្ចដ៏កក់ក្តៅរបស់យើង និងកោតសរសើរសិល្បៈយើងណាស់»។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ចំពោះភ្ញៀវទេសចររបស់នាវា WESTERDAM ចុងក្រោយចំ នួន២៣៣នាក់ ដែលចេញពីខេត្តព្រះសីហនុ ទើបមកដល់រាជធានីភ្នំពេញ នៅម៉ោងប្រមាណ ៧យប់នេះ ដោយសារពួកគាត់មានភាពហត់នឿយខ្លាំង ទើបមិនសម្តែងសិល្បៈជូនពួកគាត់ ទស្សនា ប៉ុន្តែនៅថ្ងៃស្អែកនឹងរៀបចំសម្តែងជូនគាត់ទស្សនាទៀត ចាប់ពីម៉ោង៤រសៀល។

ឯកឧត្តម ថោង ខុន បញ្ជាក់ថា ដោយទទួលព័ត៌មានពីលោក Orlando ប្រធានក្រុមហ៊ុន កប៉ាល់ Westerdam បានឱ្យដឹងថា នៅល្ងាចថ្ងៃស្អែក ភ្ញៀវនឹងចេញពីសណ្ឋាគារសុខា ប្រមាណ៤០០នាក់ទៀត ហើយនឹងហោះហើរតាមគោលដៅនៃប្រទេសមួយចំនួន ដើម្បីធ្វើ ដំណើរទៅកាន់ប្រទេសរបស់គេរៀងៗខ្លួន៕

ដោយ ម៉ៅ ចរិយា