អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា បុគ្គលិកជាប់កិច្ចសន្យា និងមន្រ្ដីបុគ្គលិកធម្មតា​ត្រូវមានវត្តមាននៅការិយាល័យឱ្យបានត្រឹមត្រូវបំផុត

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា បុគ្គលិកជាប់កិច្ច សន្យា និងមន្រ្ដីបុគ្គលិកធម្មតានៅតាមក្រសួង​ស្ថាប័នរដ្ឋទាំងអស់​ត្រូវមានវត្តមាននៅការិយា ល័យឱ្យបានត្រឹមត្រូវបំផុត ដើម្បីបំពេញទៅតាមតួនាទី និងការងារនៅតាមអង្គភាពរបស់ខ្លួន។ ឯកឧត្តមបានលើកឡើងថា នេះគឺជាកំណែងទម្រង់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់​ប្រសិទ្ធភាពការងារ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលបែបនេះ បន្ទាប់ពីអ្នក​សារព័ត៌​​មានបានចោទសួរជុំវិញបញ្ហាមន្រ្តីខ្មោច ឬនិយាយម្យ៉ាងទៀតថាមន្រ្តីដែល​មានតែ​ឈ្មោះ ប៉ុន្តែអាចបើកប្រាក់ខែបាន និងមន្រ្តីដែលមានឈ្មោះ ប៉ុន្តែមិនមកធ្វើការងារ ដែល​បញ្ហានេះ​កើតមាននៅតាមក្រសួង ស្ថាប័នដែរឬទេ។

ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការ​គណៈ រដ្ឋ​​មន្រ្ដី ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា កំណែទម្រង់របស់រាជរដ្ឋាភិបាលគឺ​ដើម្បីដោះ​ស្រាយបញ្ហាមន្រ្តីខ្មោចនេះ គឺតម្រូវឱ្យសាមីខ្លួនមានគណនីនៅធនាគារផ្ទាល់ខ្លួន ដើម្បីបើក​លុយខ្លួនឯងដែលតម្រូវឱ្យមានឈ្មោះ និងរូបថតជាដើម។ ឯកឧត្តមបានអះអាងថា ប្រសិន​បើមានមន្រ្តីខ្មោចមែននោះ គឺមិនមានរូបថត និងឈ្មោះទៅបើកលុយនោះទេ។ ឯកឧត្តមបន្ត​ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថែមទៀតជុំវិញប្រសិទ្ធ​ភាពការងារ​របស់​រាជរដ្ឋាភិបាលនៅក្នុងវិស័យកំណែទម្រង់នេះ ដោយក្នុងនោះ ទីមួយបុគ្គលិកបណ្តែត ឬបុគ្គ​លិក​ជាប់កិច្ចសន្យា ក៏ដូចជាមន្រ្ដីបុគ្គលិកធម្មតា​ត្រូវតែមានវត្តមាននៅការិល័យ​ត្រឹមត្រូវ​បំផុត​ដោយរាជរដ្ឋាភិបាលបានចេញជាអនុក្រឹត្យផងដែរ។

ឯកឧត្តម ផៃ ស៊ីផាន បានបន្ថែមថា រាជរដ្ឋាភិបាលបាននិងកំពុងតែពង្រឹង​ សារាចរ និង​អនុក្រឹត្យបន្ថែមទៀត ដើម្បីធ្វើឱ្យវត្តមានបុគ្គលិករបស់យើងនៅការិយាល័យឱ្យបាន​ត្រឹមត្រូវ៕

ដោយ ចាន់ សុធីវង្ស