ផ្លូវជាតិលេខ​៥៨ នឹងត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ — ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំ ពិធីសម្ពោធបើកឱ្យប្រើប្រាស់​ជាផ្លូវ ការគម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៥៨ ដើម្បី​ពិនិត្យ​មើលវឌ្ឍនភាពនៃការត្រៀម រៀបចំរបស់គណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារ កិច្ចរៀងៗខ្លួន សំដៅឱ្យការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផល ខ្ពស់តាមការគ្រោងទុក។

កិច្ចប្រជុំ​នេះ​ត្រូវបានធ្វើឡើង​កាល​ពី​ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ដោយមានការ ចូលរួមពីសមាជិក សមាជិកាគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ក្រសួងផងដែរ។ នេះ​បើយោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។​

នៅក្នុង​ឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការបានស្នើឱ្យគណៈកម្មការទទួលបន្ទុក សហការជាមួយស្ថាប័នពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ដើម្បីពន្លឿនការងាររបស់ខ្លួនដែល នៅ សេសសល់ ឱ្យបានចប់សព្វគ្រប់តាមកាលកំណត់ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ បំផុត។

សូមបញ្ជាក់ថា​ ផ្លូវជាតិលេខ៥៨ ពីប៉ោយប៉ែត (ផ្លូវជាតិលេខ៥) ទៅដល់ផ្អុង (ផ្លូវជាតិលេខ៦៨) មាន​ប្រវែងសរុប ១៧៤,១៦គីឡូម៉ែត្រ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី