អាជ្ញាធរជាតិអប្សរា ពិនិត្យទីតាំងមុនអនុវត្តន៍គម្រោង ប្រព័ន្ធរំដោះទឹក និងកែលម្អផ្លូវមុខប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទី​​​២០ ខែកុម្ភៈ ឆ្នាំ២០២០ — នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប  ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យបរិវេណ ខាងលិច ប្រាសាទអង្គរវត្ត ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ ដែលគម្រោង នេះនឹងចាប់ផ្តើម អនុវត្តន៍ពីថ្ងៃទី២0 ខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅ។

នាឱកាសនោះ ឯកឧត្តម ហង់ ពៅ បានឱ្យដឹងថា ការរៀបចំគម្រោងនេះនឹងធ្វើឡើង ដើម្បីរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាននៅ បរិវេណមុខខាងលិចប្រាសាទអង្គរវត្តមានភាពល្អប្រសើរ ព្រមទាំងលើកតម្លៃរមណីយដ្ឋាន អង្គរឱ្យសមជាព្រលឹងជាតិខ្មែរ និងស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ ក្នុងអំ ឡុងពេលនៃការអនុវត្តគម្រោងនេះ អាជ្ញាធរជាតិអប្សរានឹងផ្អាកចរាចរណ៍ផ្លូវកណ្តាល និងដក ដើមឈើមួយចំនួន ដើម្បីរៀបចំជាវាលស្មៅបៃតងនាពេលអនាគត។ 

ទន្ទឹមគ្នានឹងការរៀបចំនេះដែរ អាជ្ញាធរជាតិអប្សរាក៏នឹងរៀបចំឱ្យមានផ្លូវ និងចំណតយានយន្តសមរម្យសម្រាប់អាជីវករនៅត្រពាំងសេសផងដែរ៕

ដោយ ហង្ស សៀក