រដ្ឋាភិបាលគុយបានឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយផ្តោតលើវិស័យអប់រំ និង  ​សុ​ខា​ភិបាល

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ –លោកជំទាវ Liurka Rodrœguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា​បា​នបង្ហាញជំហរថា​ រដ្ឋាភិបាលគុយបានឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុ​ជា ដោយ​ផ្តោ​ត​លើ​​​វិស័យអប់រំ និង​សុ​ខា​ភិបាល។

ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នា​យ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពី​ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ទី​ស្តី​កា​រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ Liurka Rodrœguez Barrios មាន​សុ​ទិ​ដ្ឋិ​និ​យ​ម​ចំ​ពោះស្ថានភាពសេដ្ឋកិច្ចនៅ កម្ពុជា និងយល់ឃើញថា ប្រទេសទាំងពីរ​មា​ន​ស​ក្តា​នុ​ព​ល​ក្នុ​ង​កា​រ​ជំ​រុ​ញ​កិច្ចសហប្រតិបត្តិការក្នុង វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ ជាមួយគ្នានេះ «ក្នុង​ក្រប​ខ័​ណ្ឌ​កិ​ច្ច​ស​ហ​ប្រតិបត្តិការអភិវឌ្ឍន៍ រដ្ឋាភិបាលគុយបានឹងបន្តស​ហការជាមួ​យរា​ជ​រ​ដ្ឋា​ភិ​បា​ល កម្ពុជា ដោយផ្តោតលើវិស័យអប់រំ និង សុខាភិបាល» ។ 

លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានលើកឡើងទៀតថា បន្ទាប់ពីបានបំពេញការងារមួយ​រយៈ​នៅកម្ពុជា លោកជំទាវបានមើលឃើញពីស្ថានភាពពិតជាក់ស្តែងនៅកម្ពុជា និងសូមវាយ​តម្លៃ​ខ្ព​ស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេសការសម្រេចបានកំណើន​សេដ្ឋ​កិ​ច្ច​ខ្ពស់ក្នុងរយៈពេលវែង និង ការរីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វា​គម​ន៍​យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ Liurka Rodrœguez Barrios ដែលត្រូវ​បា​​ន​រ​ដ្ឋា​ភិ​បា​ល​គុយបា តែងតាំងជាឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុ​ណយ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​រដ្ឋាភិបាល និងប្រជាជនគុយបា ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជា ​ក្នុ​ង​គ្រា​ដែ​ល​ប្រទេសកម្ពុជាជួបការលំបាក បន្ទាប់ពីបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងរង​ការ​ហ៊ុំ​ព័ទ្ធ សេដ្ឋកិច្ចយ៉ាងអយុត្តិធម៌កាលពីក្នុងអំឡុងទសវត្សទី៨០​។ កាលនោះថ្វីបើគុ​យបា​ជា​ប្រ​​ទេ​​សកំពុងអភិវឌ្ឍន៍ តែគុយបា មានចិត្តសប្បុរស និងបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ជា​ពិ​សេ​ស ក្នុងវិស័យអប់រំ និងសុខាភិបាល។

មកដល់បច្ចុប្បន្នទំនាក់ទំន​ង​កា​រ​ទូ​ត​ផ្លូ​វ​កា​រ​នៃ​ប្រ​ទេ​ស​ទាំ​ងពីរ កម្ពុជា និងគុយបា មាន​រ​យៈ​ពេល​៦០ឆ្នាំហើយ ហើយចំណងមិត្តភាព និងកិច្ចស​ហប្រតិប​ត្តិកា​រ​រវាង​ប្រទេ​សទាំ​ង​ពី​រ​ត្រូ​​វបាន​   ព​ង្រឹ​ង និងពង្រីកឥតឈប់ឈរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជម្រា​បលោ​ក​ជំ​ទា​វ​ឯ​ក​អ​គ្គ​រដ្ឋទូតគុយបា ថា « ថ្វីបើកម្ពុជា និងគុយបា នៅឆ្ងាយពីគ្នា តែប្រទេស​ទាំង​ពី​រ​មានទំនា​ក់​ទំនងជិត​ស្និ​ទ្ធ និងមាន ទឹកចិត្តមនុស្សធម៌ដូចគ្នា »។

ផ្អែកតាមមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និង គុយបា មានកាលានុវត្តភាព ក្នុងការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នា​ទៅវិ​ញ​ទៅ​មក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ហើយនឹង​នាំមក​នូវ​លទ្ធផល​ប្រក​ប​ដោ​យ​ផ្លែ​ផ្កា​។ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងគាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលបា​នប​ន្តជួ​យ​ឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា និងបានជូនពរសូ​មឱ្យ​លោកជំទាវ Liurka Rodrœguez Barrios បំពេញ បេសកកម្មការទូត នៅព្រះ​រាជាណា​ចក្រ​កម្ពុ​ជា​ប្រ​ក​ប​ដោ​យ​ជោគជ័យ ៕

ដោយ គង់ សិរីរ័ត្ន