សិក្ខាសាលាស្តីពី ការតម្រង់ទិសការសិក្សា សម្រាប់យុវសិស្សនុសិស្ស នៅមណ្ឌលគិរី

AKP មណ្ឌលគិរី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — ដើម្បីជួយលើផ្នែកស្មារតីចំពោះសិស្សានុសិស្សដែលកំពុងរៀននៅថ្នាក់វិទ្យាល័យហ៊ុនសែនមណ្ឌលគិរី នៅថ្ងៃ​ពុធ ១១រោច​ ខែមាឃ​ ឆ្នាំកុរ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍន៍យុវជន បានសហការជាមួយមន្ទីរអប់រំ យុវជន និង កីឡាខេត្តមណ្ឌលគិរី រៀបចំបើកសិក្ខាសាលាស្តីពី ការតម្រង់ទិសការសិក្សា និងការងារសម្រាប់យុវជន ក្រោមវត្តមាន លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី លោក ជឹម ឈឿន អនុប្រធានផែ្នករដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន និងមានការចូលរួមពីគ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលប្រព្រឹត្តទៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។

លោក ជឹម ឈឿន បានឱ្យដឹងថា កន្លងមកក្រុមការងារ អគ្គលេខាធិការដ្ឋាន បានសហការរៀបចំសិក្ខាសាលាបែបនេះ ចំនួន១៣ខេត្តរួចមកហើយ។ ក្នុងគោលដៅដើម្បីផ្សព្វផ្សាយព័ត៌មានសំខាន់ៗដល់យុវជន ជាពិសេសសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា សំដៅធ្វើយ៉ាងណាឱ្យពួកគេអាចកំណត់ឱ្យបានច្បាស់អំពីផែនការក្នុងការសិក្សាការរៀបចំខ្លួនចូលថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានជោគជ័យ និងសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន។ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាយុទ្ធសាស្រ្តកំណែទម្រង់របស់ក្រ សួងអប់រំ យុវជន និងកីឡា និងផែនការគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍយុវជនកម្ពុជា គឺយុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិច ពោលគឺកាត់បន្ថយចំនួនពលករចំណាកស្រុក។

លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដើម្បីឈានទៅអភិវឌ្ឍន៍ធនធានមនុស្ស ដែលប្រកបដោយសមត្ថភាព បច្ចេកទេស ប្រសិទ្ធភាព នៃការបណ្តុះបណ្តាលសមត្ថភាពបានកំណត់នូវជំនាញ បីប្រភេទសំខាន់ៗ ដែលយុវជនទាំងអស់ត្រូវការ គឺ ជំនាញជាមូលដ្ឋាន រួមមានជំនាញអក្សរ និង លេខ ដែលត្រូវការជាចាំបាច់ ដើម្បីទទួលបានការងារធ្វើ អាចផ្តល់ប្រាក់កម្រៃគ្រប់គ្រាន់សម្រាប់ បំពេញតម្រូវការប្រចាំថ្ងៃ។ លោកបន្តថា មនុស្សត្រូវការនូវសមត្ថភាពទាំងនេះ ដើម្បីអាចសម្របខ្លួនទៅ នឹងបរិយាកាស ការងារផ្សេងៗ ដែលផ្តល់នូវអត្ថប្រយោជន៍សម្រាប់ពួកគេ។ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ការងារជាច្រើនតម្រូវឱ្យមានចំណេះ មានបច្ចេកទេសជាក់លាក់ ចាប់ពីការងារដែលធ្វើដោយកម្លាំងកាយ រហូតដល់ការប្រើប្រាស់ម៉ាស៊ីន ឬ ការប្រើប្រាស់តាមបែបបច្ចេកវិទ្យាទំនើប។

ក្នុងសិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីវិគ្មិនកិត្តិយសម្ចាស់ហាងកាហ្វេដ៏ល្បី នៅខេត្តមណ្ឌលគិរី ដើម្បីចែករំលែកចំណេះដឹង ដល់យុវសិស្សទាំងអស់ ទុកជាទុនក្នុងការកំណត់ផែនការជីវិតផងដែរ ៕ ដោយ ណយ នឿន (ប្រភពៈមន្ទីរព័ត៌មាន ខេត្តមណ្ឌលគិរី)​