ឯកឧត្ដម ឃួង  ស្រេង ណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យការដ្ឋានសំណង់ធំៗនៅក្នុងមូលដ្ឋានរបស់ខ្លួន 

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើកិច្ចការត្រួតពិនិត្យ នៅតាមការដ្ឋានសំណង់ ធំៗនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអគារខ្ពស់ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីធានាបាននូវ សុវត្ថិភាព ចៀសវាងសំណង់ខុសបច្ចេកទេស ដែលអាចកើតមានបញ្ហា ជាយថាហេតុ។

ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  នៅក្នុងកិច្ចប្រជុំស្តីពី ការពង្រឹងគុណភាព សុវត្ថិភាព ការដ្ឋានសំណង់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០  ដែលមានការចូលរួមពីអាជ្ញាធពាក់ ព័ន្ធរួមទាំងអភិបាលខណ្ឌទាំង១៤ផងដែរ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក៏បានជំរុញឱ្យអាជ្ញាធរ ខណ្ឌត្រូវចុះពិនិត្យមើលរាល់ការដ្ឋានសាង់សង់ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអគារខ្ពស់ៗ ដែលកន្លងមកធ្លាប់មានបញ្ហាធ្លាក់ និងបាក់ដងស្ទូចសម្រាប់យោងសម្ភារៈឡើងទៅខាង លើការដ្ឋាន ជាហេតុនាំឱ្យមានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

ឯកឧត្តមអភិបាលរាជធានី បានសង្កត់ធ្ងន់ថា  រាល់ការដ្ឋានសំណង់ទាំងអស់ ក្នុងរាជធានីភ្នំពេញត្រូវធានាឱ្យបានពីគុណភាពសំណង់ សុវត្ថិភាពអ្នកធ្វើដំណើរ ដែល ឆ្លងកាត់ការដ្ឋាន និងត្រូវហ៊ុមព័ទ្ធការដ្ឋានឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ជាពិសេសកម្មករ កម្មការិនី មិនត្រូវអនុញ្ញាតឱ្យសម្រាក ឬស្នាក់នៅក្នុងការដ្ឋាននោះ ជាដាច់ ខាតរាល់ពេលបញ្ចប់ម៉ោងការងារ ត្រូវទៅសម្រាក់នៅកន្លែងផ្សេងៗ ចៀសវាងកើតមា នហានិភ័យដោយយថាហេតុក្នុងការរដ្ឋាននោះ៕

ដោយ សួស សំរិត