កម្ពុជាជូនពរអ្នកដំណើរចុងក្រោយចំនួន២៣៣រូប នៃនាវាទេសចរណ៍ MS Westerdam ដែលបានធ្វើដំណើទៅកាន់ប្រទេសកំណើតវិញ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្ពុជាជូនពរអ្នកដំណើរចុងក្រោយ ២៣៣រូប ចាកចេញពីនាវា MS Westerdam ដើម្បីធ្វើ​ដំ​ណើ​រ​ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ នៅលើផេកផ្លូវការបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា នៅរសៀល ថ្ងៃទី ១​៩ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកដំណើរ ២៣៣រូប ចុងក្រោយ ដែលក្នុងនោះមាន ២០នាក់ជា​នាវឹ​ក​និ​ង​បុគ្គលិកកប៉ាល់ ដែលមានចម្រុះជាតិសាសន៍២២សញ្ជាតិ បានចាកចេញពីនាវា MS Wes​te​rdam ធ្វើដំណើរតាមរថយន្តក្រុងចំនួន១០គ្រឿង ពីក្រុងព្រះសីហនុឆ្ពោះមកកាន់រាជធានី​ភ្នំ​ពេ​ញដើម្បី​ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញតាមជើងហោះហើរពីទីក្រុងភ្នំពេញ។ ទន្ទឹម​នេះ គ្រប់​អ្ន​ក​​ដំណើរទាំងអស់ មុននឹងអនុញ្ញាតឱ្យចាកចេញពីនាវា គឺសុទ្ធតែត្រូវបានឆ្លង​កាត់​ការ​ពិនិត្យ​វា​ស់​​កំដៅ និងធ្វើតេស្តសុខភាព ដោយមានវត្តមានមន្ត្រីជំនាញរបស់ក្រសួងសុខាភិ​បាលកម្ពុជា អង្គ​ការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក(UN​C​​D​C) ដើម្បីធានាថាពិតជាគ្មានមេរោគកូវីដ១៩ (COVID-19)។ មិនតែ​ប៉ុណ្ណោះ បុគ្គលិករបស់​នាវាទាំងអស់ក៏ត្រូវពិនិត្យសុខភាពឡើងវិញទាំងអស់គ្នាផងដែរ មុន​ពេល​អនុញ្ញាតឱ្យដឹកនាំនាវា MS Westerdam ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សម្ដេចតេជោបានបន្ដថា នេះជាដំណឹងរីករាយទាំង​ស​ម្រា​ប់​កម្ពុជា និងបងប្អូនអ្នកទេសចរ​ទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំការវិលត្រឡប់ទៅ​ជួប​​ជុំ​ក្រុ​ម​គ្រួសារនៅឯប្រទេសកំណើត​របស់​ខ្លួន។ កិច្ចការនេះ ប្រសិនបើគ្មានការសម្រេចចិត្តដ៏​ត្រឹម​ត្រូ​វ​រ​បស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរ​លើ​នាវា​ទាំ​ង​អស់នោះរសាត់អណ្តែត​ទៅដល់ទីណាទេ ណាមួយជិតអស់ស្បៀង ណាមួយទៀតនាវាក៏ជិត​អស់​ប្រេង។ សម្ដេចតេ​ជោ​បានលើកឡើងថា កម្ពុជាក្រនឹងតូចមែនពិត តែបេះដូងកម្ពុជាគឺធំទូលាយប្រកបដោយក្តី​ស្រឡាញ់​និ​ង​​សណ្តោសប្រណី។

សម្ដេចតេជោក៏សូមជូនពរបងប្អូនអ្នកទេសចរទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរ ហើយកម្ពុ​ជា​នៅ​រង់ចាំស្វាគមន៍ទទួលបងប្អូនគ្រប់ពេលជានិច្ច៕

ដោយ ជឹម ណារី