ក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់ក្រសួង  ស្ថាប័នពាក់ព័ន្ធ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ — នាយកដ្ឋាននីតិកម្មនៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការពិគ្រោះយោបល់អំពីការចរចាពាណិជ្ជកម្មតាម ប្រព័ន្ធ អេឡិចត្រូនិកក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដើម្បីលើកកម្ពស់ ការយល់ដឹងឱ្យបានកាន់តែទូលំទូលាយដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើង កាលពីព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុ​គណៈ​កម្មការ​រៀបចំបទប្បញ្ញត្តិសម្រាប់អនុវត្តន៍ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិកបាន​មានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាប​នូវការយល់​ដឹង​ច្បាប់​ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានទូលំទូលាយដល់​មន្រ្តីរាជការតាមក្រ​សួង-ស្ថាប័នរដ្ឋ ដើម្បីយកទៅអនុវត្តន៍នៅក្នុងក្រសួង-ស្ថាប័នរបស់ខ្លួន ជាពិសេសគឺការបង្កើត​លិខិទបទដ្ឋានគតិយុត្តនានាដែលឆ្លើយតបនិងសម្រួលដល់ដំណើរការនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមប្រព័ន្ធ​អេឡិច​ត្រូនិក។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រៅអំពីការផ្សព្វផ្សាយខ្លឹមសារច្បាប់ សិក្ខា​សាលា​នេះ ក៏មានគោលបំណងបើកនូវការពិភាក្សា ផ្លាស់ប្តូរយោបល់ ដើម្បីប្រមូលធាតុ​ចូលពីមន្រ្តីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធនានា លើបញ្ហាទាក់ទិននឹងការចរចាពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិកក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក រួមមានដូចជា​បញ្ហា​ពន្ធគយលើប្រតិបត្តិការអេឡិចត្រូនិក ទំនុកចិត្តលើអាជីវកម្ម និងបញ្ហាកិច្ចសម្រួល​ពាណិជ្ជ​កម្មឌីជីថល និងភស្តុភារកម្ម។

ឯកឧត្តមរដ្ឋលេខាធិការមាន​ជំនឿយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងក្លាយជាវេទិកា​មួយសម្រាប់ឈ្វេងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវកិច្ចសហប្រតិ​បត្តិ​ការរវាងក្រសួង-ស្ថាប័នរដ្ឋក្នុងការជំរុញការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ឡុង ស៊ីវ៉ាន់