ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ពិធីបុណ្យទន្លេលើកទី៦ ក្នុងឆ្នាំ២០២០ ធ្វើនៅ​ខេត្ដបាត់ដំបង នឹងមាន​លក្ខណៈកាន់តែវិសេសវិសាល

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ — ពិធីបុណ្យទន្លេលើកទី៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅ ខេត្តបាត់ដំបង ក្រោមប្រធានបទ ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព។ សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា គឺមានលក្ខណៈ​វិសេស វិសាលដោយសារតែខេត្តបាត់ដំបងត្រូវបានចាត់ទុកជាជម្រុកស្រូវរបស់​ប្រទេស​កម្ពុជា។ សម្ដេចតេជោបានចាត់ទុកខេត្តមួយនេះ ក៏ជាទីក្រុងបេតិកភណ្ឌដែលគ្រោងដាក់​បញ្ចូលក្នុងបញ្ជីអង្គការ យូណេស្គូ មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ ជាទីក្រុងបណ្តុំទៅ​ដោយម្ហូបអាហារ ឆ្ងាញ់ៗ និងប្លែកៗ មានចម្ការទំពាំងបាយជូរ និងសម្បូរទៅដោយរមណីយ​ដ្ឋានជាច្រើន ទាំងទេសចរណ៍បេតិកភណ្ឌ សំណង់បុរាណ ផ្ទះបុរាណអាយុជាង១០០ឆ្នាំ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បន្ទាយសត្វស្លាប ព្រែកទាល់ និងគោលដៅកសិ ទេសចរណ៍ និងទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត។

ក្នុងសារលិខិតអបអរសារទរពិធីបុណ្យទន្លេ លើក​ទី៦ នៅខេត្តបាត់ដំបង ឆ្នាំ២០២០ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​នឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះជារៀងរាល់ឆ្នាំនៅតាមបណ្តា​ខេត្តជាប់ដងទន្លេនៃប្រទេស​កម្ពុជា ដែលទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាល​បាននឹងកំពុងជំរុញការអភិវឌ្ឍ​វិស័យទេសចរណ៍កម្ពុជា។ សម្ដេចតេជោបានបន្ដថា ការ​រៀបចំពិធីបុណ្យទន្លេនេះ ក៏ជាការ​អភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ ដែលរួមចំណែក​ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ​ទេសចរណ៍ប្រកបដោយគុណភាពទាំងក្នុងតំបន់ និងឆាក​អន្តរជាតិ។ សម្តេចតេជោសង្ឃឹមថា ការប្រារព្ធពិធីបុណ្យទន្លេនេះនឹងក្លាយជា​កាលានុវត្តភាព​ដ៏ប្រសើរថ្មីមួយទៀតក្នុងការធ្វើឱ្យ​កម្ពុជាក្លាយ​ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលជាកត្តាចូលរួមចំណែក​ក្នុង​ការ​ផ្តល់ចំណូល ការបង្កើនការងារ និងការចូលរួមកាត់​បន្ថយ ភាពក្រីក្រជូនប្រជាពលរដ្ឋក្នុង​សហគមន៍។ លើសពីនេះទៀត ក៏បានចូលរួមចំណែកធ្វើឱ្យ សម្រេចបាននូវគោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ និងរបស់កម្ពុជា បង្កើនស្មារតីស្រឡាញ់​ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ ៕

ដោយ ចាន់ សុធីវង្ស