អាជ្ញាធរជាតិអប្សរា ធ្វើឱ្យប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរមានជីវិតឡើងវិញ

AKP សៀមរាប ថ្ងៃទី​​​១៩ ខែកុម្ភៈ ឆ្នាំ២០២០ — អាជ្ញាធរជាតិអប្សរា បាន និងកំពុងមានមោទនភាពចំពោះការធ្វើឱ្យប្រព័ន្ធធារាសាស្រ្ដ បុរាណសម័យអង្គរមានជីវិតឡើងវិញ និងទទួលបានការកោតសរសើរពីសំណាក់អង្គការ យូណេស្កូ ក៏ដូចជាអន្ដរជាតិឱ្យតម្លៃដល់កម្ពុជា និងតែងតែអញ្ជើញអ្នកជំនាញរបស់អាជ្ញាធរ ជាតិអប្សរាឱ្យទៅចែករម្លែក បទពិសោធន៍គ្រប់គ្រងទឹកដល់ស្ថាប័ន អន្តរជាតិផ្សេងៗទៀត។ នេះបើយោងតាមការឱ្យដឹងពីសំណាក់ លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា។

លោក ឡុង កុសល ​បានឱ្យដឹងកាលពីរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះបារាយណ៍ទឹក ខាងជើង ចាប់ផ្តើមមានទឹកឡើងវិញ ក្រោយពីបានគោកគ្មានទឹកនិងបាត់បង់តួនាទី អស់ជាង៥០០ឆ្នាំមកហើយ។

លោក ឡុង កុសល បញ្ជាក់ថា បារាយណ៍ និងប្រព័ន្ធប្រឡាយទឹកផ្សេងៗ ក៏ចាប់ផ្តើម ស្ដារឡើងវិញ ធ្វើឱ្យទឹកក្នុងរមណីយដ្ឋានអង្គរក៏ដូចជាបារាយណ៍ខាងជើង កសិន្ធុប្រាសាទ អង្គរវត្ត កសិន្ធុក្រុងអង្គរធំ ស្រះស្រង់ជាដើម មានប្រព័ន្ធបញ្ចូលទឹកឡើងវិញ និងអាចរក្សា ទឹកបានទាំងខួបប្រាំងខួបវស្សា។ លើសពីនេះទៀត ការធ្វើឱ្យប្រព័ន្ធធារាសាស្ត្របុរាណសម័យ អង្គរមានជីវិតឡើងវិញ បានធ្វើឱ្យរមណីយដ្ឋានអង្គរលែងប្រឈម នឹងការខ្វះខាតទឹកធានា បានគ្រប់គ្រាន់ទឹកសម្រាប់ទ្រគ្រឹះប្រាសាទនារដូវប្រាំង ព្រមទាំងបញ្ចៀសបាននូវបញ្ហា ទឹកជំនន់ថែមទៀតផងចាប់ពីឆ្នាំ២០១២មក។

លោក ឡុង កុសល បានកត់សម្គាល់ថា កាលពីឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទ អង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះក៏ចាប់ផ្តើមមានសំណួរចំនួន២ ដែលអ្នក ជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយនោះគឺ ទី១. បុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វី បើគ្មានមធ្យោបាយបញ្ចូលទឹក។  ទី២. បុព្វបុរសបង្កើតកសិន្ធុ ទឹកបារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី។ លោក ឡុង កុសល បានបញ្ជាក់ថា សំណួរទាំងពីរនេះហើយ ដែលធ្វើឱ្យអាជ្ញាធរជាតិអប្សរាឈានទៅធ្វើឱ្យ ប្រព័ន្ធធារាសាស្រ្ដ បុរាណសម័យអង្គរមានជីវិតឡើងវិញ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលកាលពីពេលនោះនា ឆ្នាំ២០០៥ ឯកឧត្តមជាអ្នកគ្រប់គ្រងនាយកដ្ឋានទឹកផ្ទាល់ បានលើកឡើងថាតាមរយៈការសិក្សាស្រាវជ្រាវ យ៉ាងល្អិតល្អន់ផ្នែកបុរាណវិទ្យា និងឯកសារផ្សេងៗ និងនៅលើការដ្ឋានផ្ទាល់យើងរកឃើញថា រាល់គ្រឹះប្រាសាទតែងមានស្រទាប់ខ្សាច់ ហើយគ្រឹះស្រទាប់ខ្សាច់ក្រោមប្រាសាទមាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទឹកក្រោមដី ព្រោះទឹកក្រោមដីបានជួយ ស្រទាប់ខ្សាច់បាន រឹងមាំនិងទ្រទ្រង់ប្រាសាទដែលមានទម្ងន់ដ៏មហិមា។  បន្ទាប់ពីសិក្សាឈ្វេងយល់អំពី តួនាទីដ៏សំខាន់របស់ទឹក នៅក្នុងឆ្នាំ២០០៥ នាយកដ្ឋានគ្រប់គ្រងទឹក បានសម្រេចស្ដារ ប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរឡើងវិញមានដូចជានៅប្រាសាទអង្គរវត្ត ស្រះស្រង់ បន្ទាប់មកឆ្នាំ២០០៧ ចាប់ស្ដារបារាយណ៍ខាងជើង។ បន្ទាប់មកទៀតយើងក៏បាន ធ្វើការស្ដារឡើងវិញនូវប្រឡាយ និងទំនប់ជាច្រើនដែលមានប្រវែងសរុបជាង៥២គីឡូម៉ែត្រ ដែលក្នុងនោះមានទ្វារទឹកជាច្រើនដែរ។ ចាប់ពីពេលនោះមក គ្រប់អាងទឹកបារាយណ៍ ស្រះស្រង់​ និងស្រះទឹកក្នុងតំបន់អង្គរនានាចាប់ផ្តើមមានទឹកខួបប្រាំង និងវស្សា។

ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថា អ្វីដែលយើងសម្រេច បាននាពេលនេះគឺគ្រាន់តែយកប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរ ដែលមានស្រាប់ ដែលបន្សល់ពីបុព្វបុរសខ្មែរយើងមក ធ្វើឱ្យវារស់ឡើងវិញតែប៉ុណ្ណោះ៕

ដោយ ហង្ស សៀក