ប្រាក់រង្វាន់រារដ្ឋាភិបាល ៣៣៤លានរៀល ត្រូវបានប្រគល់ជូនជ័យកីឡាជនបញ្ញាខ្សោយ កម្ពុជា ពីអូឡាំពិកពិភពលោករដូវក្តៅ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ — ឯកឧត្តម សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាបាន ប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៣៣៤ លានរៀលជូនដល់ប្រតិភូ កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធិស្ប៉េស្យាល់អូឡាំពិកកម្ពុជា (កីឡាជន​បញ្ញាខ្សោយ) នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០។

ម្ចាស់ជ័យលាភីកីឡាជនបញ្ញាខ្សោយកម្ពុជា ដែលដណ្ដើមបានមេដាយនេះមាន ចំនួន​១០គ្រឿង ក្នុងនោះមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធិ៤គ្រឿងពីព្រឹត្តិការណ៍កីឡា​ស្ប៉េស្យ៉ាល់​អូឡាំពិករដូវក្តៅពិភពលោក ឆ្នាំ២០១៩ (Special Olympics World Games ABU DHABI 2019) កាលពីថ្ងៃទី៨ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុង ABU DHABI នៃប្រទេស​អារ៉ាប់រួម។

កីឡាករ កីឡាការិនីជនបញ្ញាខ្សោយកម្ពុជាចំនួន៧នាក់ ដែលដណ្តើមបានមេដាយ​មាស ប្រាក់ និងសំរឹទ្ធិសរុប១០ គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង មេដាយប្រាក់៣គ្រឿង និងសំរឹទ្ធិ៤គ្រឿង ដោយកីឡាការិនី រឿង លក្ខិណា ឈ្នះបានមេដាយមាស២គ្រឿង ទទួល​បានប្រាក់រង្វាន់សរុប ៦០លានរៀល និងកីឡាករ ផុន សុវណ្ណ ឈ្នះបានមេដាយប្រាក់១ និង​សំរឹទ្ធិ១ ទទួលបានប្រាក់រង្វាន់សរុប ៣៦លានរៀល ក្រៅពីនេះម្ចាស់មេដាយប្រាក់ និងសំរឹទ្ធិ ៥នាក់ផ្សេងទៀត ឈ្នះមេដាយម្នាក់១គ្រឿងត្រឹម១គ្រឿងដូចគ្នាៗ ដោយមេដាយមាស១គ្រឿង ទទូលបាន៣០លានរៀល ប្រាក់២០លារៀល និងសំរឹទ្ធិ ១៦លានរៀល សរុបទាំងអស់​ចំនួន​៣៣៤លានរៀល។

ក្នុងឱកាសនោះ ឯកឧត្តម សែម សុខា បានណែនាំឱ្យកីឡាំករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដណ្ដើមមេដាយពីការប្រកួតអន្ដរជាតិមកជូនជាតិ។ ឯកឧត្តមបានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ សូមចូលរួមទាំអអស់គ្នា ក្នុងការ​យក​ចិត្តទុកដាក់បីបាច់ថែរក្សា និងផ្ដល់ឱកាសឱ្យអត្តពលិកខ្សោយសតិបញ្ញាបានហ្វឹកហាត់ ត្រួតពិនិត្យសុខភាព និងចូលរួមការប្រកួតនានា ពិសេសក្រុមគ្រួសារ ឪពុក ម្ដាយ អាណា​ព្យាបាល ឬអ្នកនៅជិតបំផុតរបស់កីឡាករ កីឡាការិនីខ្សោយសតិបញ្ញា ដែលជាកត្តាសំខាន់ ក្នុងការបំផុសជម្រុញលើកទឹកចិត្តដល់ពួកគាត់ដើម្បីចូលរួមប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក កម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស្ប៉េស្យ៉ាល់អូឡាំពិករដូវក្តៅពិភពលោក ឆ្នាំ២០១៩ បានដឹកនាំដោយឯកឧត្តម មាស សារិន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ​ស្ប៉េ​ស្យាល់​​អូឡាំពិកកម្ពុជា។ ព្រឹត្តិការណ៍ស្ប៉េស្យ៉ាល់អូឡាំពិករដូវក្តៅនេះ ត្រូវបានប្រារព្ធធ្វើ ឡើង​រៀងរាល់៤ឆ្នាំម្តង ដោយកាលពីឆ្នាំ២០១៥ បានធ្វើឡើងនៅសហរដ្ឋអាមេរិក ហើយនៅ ឆ្នាំ២០២៣ គ្រោងនឹងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់៕

ដោយ ហេង ណាលីន