និសិ្សតជប៉ុនចំនួន១៤រូប មកពីក្រុមកីឡារាំឆៀលីដដីង បានមកដល់ប្រទេសកម្ពុជា ដើម្បីចូល​រួមកម្មវិធីផ្លាស់ប្ដូរជាមួយនិស្សិតកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ — និសិ្សតជប៉ុនចំនួន១៤រូប មកពីក្រុមកីឡារាំលើកទឹកចិត្ត(ឆៀលីដដីង) ឈ្មោះ “​Teikyo University Baffalos“ នៃសាកលវិទ្យាល័យTeikyo បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរយុវជន “JENESYS 2019”។ នេះបើយោង​តាម​សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា កម្មវិធីJENESYS មានគោលបំណងជំរុញការ​យល់​ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមក ក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេស​អាស៊ាន ប្រទេសទីម័រខាងកើត រួមជាមួយប្រទេសឥណ្ឌា និងដើម្បីកសាងមូលដ្ឋាន​គ្រឹះនៃ​កិច្ច​សហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត ដែលរៀបចំដោយក្រសួងការ​បរទេស​​ជប៉ុន។ តាមរយៈកម្មវិធី JENESYS ក្រុមនិស្សិតសាកលវិទ្យាល័យ ឬសិស្សវិទ្យាល័យ​ជប៉ុន​មួយក្រុម បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ ដើម្បីឈ្វេងយល់​ពី​សង្គម​កម្ពុជា និងវប្បធម៌ ព្រមទាំងកសាងមិត្តភាពជាមួយសិស្ស និសិ្សតកម្ពុជា។

ជាមួយគ្នានេះ និស្សិតសាកលវិទ្យាល័យTeikyo នឹងចូលរួមកម្មវិធីផ្លាស់​ប្តូរជាមួយ​និស្សិតនៃសាកលវិទ្យាល័យន័រតុន ព្រមទាំងសម្តែងក្បាច់រាំលើកទឹកចិត្ត​ជាមួយនិស្សិត​សាកល​​វិទ្យាល័យន័រតុន ក្នុងមហោស្រពគីហ្សូណា ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់​២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) គឺនៅថ្ងៃ​បើកមហោស្រព ថ្ងៃទី២០ ខែកុម្ភៈ ម៉ោង ១៨:៣០-២០:០០ និងកម្មវិធីសិក្ខាសាលា និងការ​សម្តែងក្បាច់រាំលើកទឹកចិត្ត ថ្ងៃទី២១ ខែកុម្ភៈ ម៉ោង ៩:០០-១០:០០ និង ម៉ោង ១៨:០០-១៩:០០ ។

សូមបញ្ជាក់ថា និស្សិតចូលរួម នឹងរៀបចំបទបង្ហាញស្តីពីរបាយការណ៍សកម្មភាព ដើម្បី​សង្ខេបនូវដំណើរ ទស្សនកិច្ចរបស់ពួកគាត់មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារអេមីអន ចាប់ពី ម៉ោង១១:០០ ដល់ម៉ោង១២:០០៕

ដោយ រិទ្ធី